ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវឲ្យយុវជនត្រូវបង្កើនការចូលរួមទប់ស្កាត់ជំងឺអេដស៍ឲ្យបានខ្លាំងក្លាថែមទៀត ខណៈបច្ចុប្បន្ន ក្រុមនេះ កំពុងប្រឈមមុខខ្ពស់ចំពោះជំងឺអេដស៍គួរឲ្យព្រួយបារម្ភ។
ថ្លែងនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ធ្នូ នៅមជ្ឈមណ្ឌលកោះពេជ្រដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃអ្នកផ្ទុកមេរោគអេដស៍គួរឲ្យកត់សំគាល់ធ្លាក់ពី២ភាគ នៅឆ្នាំ២០០៨ មកនៅត្រឹម០.៦ភាគរយនៅឆ្នាំ២០១៩នេះ ពោលគឺបច្ចុប្បន្ននេះ មានអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧៣ ០០០នាក់ ក្នុងនោះមានអ្នកផ្ទុកប្រមាណ ៦០ ០០០នាក់ បានទទួលការព្យាបាលឱសថប្រឆាំងមេរោគអេដស៍។
លោកបានបន្តថា បើទោះបីជាកម្ពុជាបានកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃអ្នកផ្ទុកជំងឺអេដស៍យ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នជំងឺនេះ ក៏កំពុងតែយាយីទៅលើក្រុមប្រឈមមួយចំនួនគួរឲ្យព្រួយបារម្ភផងដែរដែលក្រុមទាំងនោះរួមមាន ៖ ក្រុមបុរសស្រលាញ់បុរស ក្រុមក្លែងភេទ ក្រុមស្ត្រីបម្រើសេវាកម្សាន្តសប្បាយ ក្រុមប្រើប្រាស់គ្រឿងញៀន ក្រុមយុវវ័យ និងក្រុមចំណាកស្រុកជាដើម។
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺអេដស៍ឲ្យបានកាន់តែធ្លាក់ចុះបន្ថែមទៀតនោះ លោកបានណែនាំដល់យុវជន កុំប្រញាប់ក្នុងការប្រឡូករួមភេទ ត្រូវយកពេលវេលាដ៏មានតម្លៃទៅខិតខំការសិក្សា ដើម្បីកសាងអនាគតឲ្យបានភ្លឺស្វាង។ ត្រូវសិក្សាស្វែងយល់ និងចំណេះដឹងទាក់ទិននឹងសុខភាពបន្តពូជ ដើម្បីការពារខ្លួនកុំឲ្យឆ្លងជំងឺអេដស៍ និងជំងឺផ្សេងៗទៀតតាមរយៈការរួមភេទ។
ជាងនេះទៅទៀត យុវជន កុំប្រញាប់ទទួលទានគ្រឿងស្រវឹង ព្រោះវាធ្វើឲ្យយើងភ្លើតភ្លើន និងមានការធ្វេសប្រហែស ដែលអាចប្រឈមនឹងការឆ្លងមេរោគអេដស៍។
លោកបានបញ្ជាក់ទៀតថា លើសពីនេះទៅទៀត យុវជន មិនត្រូវប្រើប្រាស់គ្រឿងញៀននោះទេព្រោះថាគ្រឿងញៀន មិនត្រឹមប្រឈមនឹងផ្លូវច្បាប់ប៉ះពាល់ដល់សង្គម និងគ្រួសារ ព្រមទាំងអនាគតរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងការឆ្លងមេរោគអេដស៍ផងដែរ តាមរយៈការប្រើប្រាស់ស៊ីរាំងរួមគ្នា។
លោកឈឹម ឃិនដារ៉េត បានស្នើឲ្យយុវជន ត្រូវចូលរួមទប់ស្កាត់ជំងឺអេដស៍តាមរយៈការបង្កើនការផ្សព្វផ្សាយ ស្តីពីវិធានការការពារខ្លួន និងផលប៉ះពាល់ នៃជំងឺអេដស៍ដល់មិត្តភ័ក្ដិ និងគ្រួសារតាមបណ្ដាញសង្គមហ្វេប៊ុក ដើម្បីឲ្យពួកគេបានយល់ដឹងការពារខ្លួនកុំឲ្យឆ្លងជំងឺនេះជាបន្តទៀត។
លោកស្រី វេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានមានប្រសាសន៍ថាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ និងអង្គការដៃគូនានាបានធ្វើការផ្សព្វផ្សាយនិងរៀបចំកម្មវិធីផ្សេងៗដើម្បីបញ្ជ្រាបចំណេះដឹងទាក់ទិននឹងជំងឺអេដស៍នេះដល់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍បានយល់ដឹង និងចូលរួមទប់ស្កាត់ការចំលងមេរោគអេដស៍នៅតាមសហគមន៍។
លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា ជាក់ស្តែងនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ធ្នូអង្គការ បានរៀបចំកម្មវិធីជាច្រើនដូចជាសន្និសីទសារព័ត៌មាន ការប្រគំតន្ត្រីដោយកំពូលតារាចម្រៀងល្បីៗ ការដង្ហែក្បួនឃោសនាការប្ដេជ្ញាប្រយុទ្ធនឹងជំងឺអេដស៍ ការធ្វើតេស្តឈាមរកមេរោគអេដស៍ និងការចែកស្រោមអនាម័យដោយឥតគិតថ្លៃជាដើម ដើម្បីទាក់ទាញឲ្យសាធារណជនបន្តការយកចិត្តទុកដាក់ពីបញ្ហាអេដស៍។
លោកស្រីបានឲ្យដឹងទៀតថា «អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងធ្វើការអំពាវនាវសាជាថ្មីទៅថ្នាក់ដឹកនាំទូទាំងពិភពលោកដើម្បីបន្ត «រក្សាសន្យា» ដល់មនុស្សដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយការក្រើនរំលឹកដល់ពិភពលោកទាំងមូលថា ការប្រយុទ្ធនឹងជំងឺអេដស៍ និងមេរោគអេដស៍នៅមិនទាន់បានបញ្ចប់នៅឡើយទេ ហើយនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងមេរោគអេដស៍នេះ»។
យោងតាមស្ថិតិចុងក្រោយរបស់អង្គការ UNAIDS មានមនុស្សចំនួន៣៧.៩លាននាក់ នៅជុំវិញពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ហើយសម្រាប់ឆ្នាំ២០១៨ មានមនុស្សប្រមាណ ១.៧លាននាក់បានឆ្លងមេរោគអេដស៍ថ្មី និង ៧៧ម៉ឺននាក់ បានស្លាប់ដោយសារជំងឺផ្សេងៗដែលពាក់ព័ន្ធនឹងជំងឺអេដស៍។ ក្នុងពេលបច្ចុប្បន្ន ខណៈពេលដែលមនុស្សរាប់លានកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ គឺមានមនុស្សរាប់លាននាក់ផ្សេងទៀតកំពុងត្រូវការជួយសង្គ្រោះជាបន្ទាន់ផងដែរ។
លោកស្រីបានបញ្ជាក់ថា «ក្នុងនាមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជានាងខ្ញុំសូមអំពាវនាវថា «ជាមួយនឹងសមិទ្ធផលជោគជ័យទាំងអស់ មិនត្រូវឈប់ត្រឹមនេះទេ – ត្រូវធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធ្វើការបន្តទៀត ព្រោះថានៅមានជីវិតមនុស្សរាប់លាននាក់ទៀតដែលត្រូវការជួយសង្គ្រោះ និងយកចិត្តទុកដាក់ពីបញ្ហាមេរោគអេដស៍ និងជំងឺអេដស៍។ ការរក្សាសន្យាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍កាន់តែមានសារៈសំខាន់ ដើម្បីអាចការបញ្ចប់មេរោគអេដស៍ពីពិភពលោកហើយ យើងត្រូវការចាំបាច់សហការពីសហគមន៍ សុខភាពសាធារណៈ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមធ្វើការជាមួយគ្នា»។
លោកស្រីបានបន្តទៀតថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) មានមោទនភាពដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល និងការងារជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធនានាបាន និងកំពុងបន្តការងារយ៉ាងពេញទំហឹងក្នុងការជួយសង្គ្រោះជីវិត ព្យាបាល និងថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍»៕
អត្ថបទ ៖ សំអឿន