ប្រពៃ​ណាស់! អា​ឡិច ចាន់​ត្រា ចែករំលែក​ក្តី​ស្រឡាញ់​ដល់​ក្មេងៗ​នៅ​មណ្ឌល​អាហ្វេស៊ីប​នា​ឱកាស​ទិវា​នៃ​ក្តី​ស្រលាញ់

​ភ្នំពេញ ​៖ ​តារា​ចម្រៀង​ប្រុស​រូប​សង្ហា​លោក អា​ឡិច ចាន់​ត្រា នា​ឱកាស​នៃ​ទិវា​ក្តី​ស្រលាញ់​ថ្ងៃ​ទី​១៤ កុម្ភៈ លោក​បាន​ចំណាយ​ពេល​ផ្ទាល់ខ្លួន​ នាំ​យក​អំណោយ​ និង​សម្ភារៈ​សិក្សា​យក​ទៅ​ចែក​ជូន​ដល់​ក្មេងៗ​ជាច្រើន​នាក់​ ដែល​កំពុង​ស្នាក់​នៅ​មណ្ឌល​កុមារ​កំព្រា​អាហ្វេស៊ីប​ដើម្បី​ចូលរួម​ចែករំលែក​ក្តី​ស្រលាញ់​ដល់​ពួកគេ​។

​ការ​ចុះ​សួរសុខទុក្ខ​ និង​ចែក​អំណោយ​ដល់​កុមារ​កំព្រា​ពី​សំណាក់​តារា​ចម្រៀង​លោក អា​ឡិច ចាន់​ត្រា និង​មិត្តភ័ក្ដិ​ក្រុមការងារ​នេះ​ បាន​ធ្វើ​ឡើង​ចំ​ឱកាស​នៃ​ទិវា​ក្តី​ស្រឡាញ់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០​ខណៈ​ដែល​មាន​តារា​ប្រុស​ស្រី​​ឯទៀត​ បាន​យក​ថ្ងៃ​ពិសេស​នេះ ​ជួបជុំ​ក្រុម​គ្រួសារ​ឬ​មិត្តភ័ក្ដិ​ដើម្បី​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ឬ​ជូន​កាដូ​ឲ្យ​គ្នា ​ផ្ទុយ​ពី​លោក អា​ឡិច ចាន់​ត្រា ដែល​យក​ឱកាស​នេះ​ចែករំលែក​ក្តី​ស្រលាញ់​ដល់​កុមារ​កំព្រា​។

​លោក អា​ឡិច ចាន់​ត្រា បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​សន្លឹក​នៃ​សកម្មភាព​ចុះ​ចែក​អំណោយ​នោះ​ថា ​រីករាយ​ទិវា​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់ ​ខ្ញុំ​រួម​ទាំង​មិត្ត​សិល្បករ និង​មិត្តភ័ក្ដិ​ទាំងអស់​ បាន​នាំ​យក​អាហារ និង គ្រឿង​បរិភោគ មួយ​ចំនួន​យក​ទៅ​ផ្តល់​ជូន​ដល់​កូន​ៗ​នៅ​មណ្ឌល​អាហ្វេស៊ីប ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​និង​ក្តី​ស្រលាញ់​ជូន​ពួកគាត់​ទាំង​អស់គ្នា។

តារា​ចម្រៀង​ប្រុស​លោក អា​ឡិច ចាន់​ត្រា បាន​បន្ថែម​ទៀត​ថា ​សូម​ថ្លែងអំណរគុណ​ដល់​មិត្ត​សិល្បករ និង មិត្តភ័ក្ដិ​ទាំង​អស់​គ្នា​ ដែល​បាន​ផ្ដល់​អាហារ គ្រឿង​បរិភោគ និង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ដល់​មណ្ឌល​ និង​កូន​ៗ​ដែល​ជា​ជនរងគ្រោះ​។​ ក្រៅ​ពី​នេះ ​លោក អា​ឡិច ចាន់​ត្រា បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា​ លោក​ពិត​ជា​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់​ ដែល​បាន​ឱកាស​ចុះទៅ​សួរសុខទុក្ខ​និង​ចូលរួម​អាហារ​សាមគ្គី​ជួបជុំ​ជាមួយ​ប្អូន​ៗ ​ដែល​ជា​កុមារ​កំព្រា​ ហើយ​រងគ្រោះ​នៅ​មណ្ឌល​ខាងលើ។

លោក​បន្ត​ទៀត​ថា​ នា​ឱកាស​នោះ​ដែរ​ ក្រៅ​តែ​ពី​ការចែក​អំណោយ​និង​អាហារ​សាមគ្គី​ លោក​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​ពួកគាត់​ខិតខំ​សិក្សា​រៀន​សូត្រ​ ដើម្បី​ក្រេប​យកចំណេះ​វិជ្ជា​ក្លាយ​ជា​ក្មេង​ល្អ សិស្ស​ល្អ សាង​អនាគត​ជួយ​ដល់​សង្គម​ផង​ដែរ​។ ​តាមរយៈ​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្ដែង​ការ​គាំទ្រ ​និង​សរសើរ​ទឹកចិត្ត​របស់​តារា​ប្រុស​រូប​នេះ​ ដែល​បាន​ចែករំលែក​ក្តី​ស្រលាញ់​ដល់​ពួកគាត់​៕

 

អត្ថបទ៖ ចាន់​រ៉ា