ឯកឧត្តម អម សុភា បាន​ជំរុញ​ឲ្យ មន្ត្រីរាជការ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ជាពិសេស​បម្រើ​សេវា ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​

​កំពង់ឆ្នាំង ៖ ឯកឧត្តម អម សុភា អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​ជំរុញ​បែបនេះ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​នៅ​សាលាស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី លោក​គង់ សុវណ្ណ​អស្ចារ្យ នាយករង​រដ្ឋបាល​ខេត្ត លោក​លោកស្រី​ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត​និង​មន្ត្រីរាជការ រដ្ឋបាល​ស្រុក​កំពង់លែង ផង​ដែរ​។​

​ឯកឧត្តម អម សុភា បាន​ក្រើនរំលឹក​ដល់​មន្ត្រី​រាជការ​នៅ​ស្រុក​កំពង់លែង ត្រូវ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​ការងារ ការ​ផ្ដល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន ទប់ស្កាត់​រាល់​បទល្មើស​នានា ស្របតាម​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​សមធម៌​។​

​ឯកឧត្តម អម សុភា បាន​មានប្រសាសន៍​បន្ត​ថា ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​រាជរដ្ឋាភិបាល មាន​គោលបំណង​សំខាន់ៗ ដើម្បី​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដំណើរការ​ទៅ​ដោយ​រលូន​គឺ​ការ​ពង្រីង​លទ្ធិ ប្រជាធិបតេយ្យសេរី​ពហុបក្ស ឲ្យ​ចាក់គ្រឹះ នៅ​មូលដ្ឋាន តាមរយៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ​-​ឃុំ​-​សង្កាត់ ដែល​ជា​តំណាង​របស់​ប្រជាពលរដ្ឋ និង​ជា​តួអង្គ​ដ៏​សំខាន់ ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​បាល​មូលដ្ឋាន តាមរយៈ​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

ការ លើកកម្ពស់ និង​ប្រសិទ្ធភាព​នៃ​ការ​អភិវឌ្ឍ តាមរយៈ​ការ​នាំ​មក​នូវ​រចនាសម្ព័ន្ធ​គ្រប់គ្រង ស្របតាម​នយោបាយ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ​សំដៅ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅ​ឲ្យ​ថ្នាក់ក្រោម​ជាតិ មានលទ្ធភាព​មាន​ភាពជា​ម្ចាស់ និង​ការទទួលខុសត្រូវ ក្នុង​ការ​ផ្ដល់​សេវា​និង​ការ​អភិវឌ្ឍ​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់​ស្ដែង​នានា របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​អោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​សមធម៌​។​

​ឯកឧត្តម អម សុភា បាន​ថ្លែង​នូវ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល ស្រុក​កំពង់លែង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នានា ដែល​បម្រើ​ឲ្យ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​៕

អត្ថបទ៖ ថ្លាង ទូច​