BREAKING NEWS
Search

ឯក​ភាព​យកមាត្រា ចំនួន ១៧ ធ្វើការពិភាក្សា ​និងធ្វើ​វិសោធនកម្ម​ច្បាប់ស្តីពី​សមាគម​ និង​អង្គការមិនមែនរដ្ឋាភិបាល

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និង​អង្គការ​សង្គមស៊ីវិល​ បានឯកភាពគ្នាលើកយក មាត្រា ចំនួន ១៧ ធ្វើការ​ពិភាក្សា​ពិគ្រោះ​យោបល់ និង​ស្នើសុំ​ធ្វើ​វិសោធនកម្ម​នៃច្បាប់ស្តីពី ​សមាគម​ និង​អង្គការ​មិនមែនរដ្ឋាភិបាល ដើម្បីពង្រឹង​ពង្រីក​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរ ។

យោងតាម ​សេចក្ដី​ប្រកាសរួមរបស់ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល ចេញផ្សាយ ក្រោយបញ្ចប់កិច្ច​ប្រ​ជុំ នាទី ​ស្តីការ​​ក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០  បាន​ឲ្យដឹងថា ផ្អែកលើលទ្ធផល នៃវេទិកា​ស្ដីពី​ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និង​សង្គម ស៊ីវិល​ ដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការ​លើក​​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់នេះដោយបានចាប់ផ្ដើមក្នុងអំឡុង ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៦ ខែ​កក្កដា​ ឆ្នាំ២០២០ នេះ បាន​ពិភាក្សា​ និងពិគ្រោះយោបល់លើ មាត្រាចំនួន១៧ រូមមាន៖ មាត្រា១ ,មាត្រា៣ ,មាត្រា៤ ,មាត្រា៧ ,មាត្រា៨, មាត្រា៩ ,មាត្រា១០ ,មាត្រា១១ ,មាត្រា២០ ,មាត្រា២៤ ,មាត្រា២៥ ,មាត្រា២៦ ,មាត្រា២៧ ,មាត្រា៣០ ,មាត្រា៣១ ,មាត្រា៣២ និងមាត្រា៣៥ ជាដើម។

តាមសេចក្តីប្រកាស​ព័ត៌មាន​ដដែល បានឲ្យដឹងទៀតថា ការពិភាក្សា និងពិគ្រោះយោបល់លើ មាត្រាចំនួន១៧ នេះ ធ្វើឡើងបន្ទាប់ពីមាន តំណាង អង្គការសង្គមស៊ីវិលប្រមាណ៥០០ បានស្នើសុំឲ្យរាជរដ្ឋាភិបាល ធ្វើការ​ពិនិត្យ និង​ពិចារណា​ លើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពី ​សមាគម​ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បី​ធានាការពារ​សិទ្ធិសេរីភាព​ក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជា​ណាចក្រ​កម្ពុជា និង ការពារផល​ប្រយោជន៍​ស្របច្បាប់​របស់ខ្លួន ព្រមទាំងការពារផល​ប្រយោជន៍​សាធារណៈ​ព្រមទាំង​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ ​ក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ ជាមួយអាជ្ញាធរ​​សាធារណៈ​។

បើតាមសេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ បានឲ្យដឹងថា ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ​បាន​ប្ដេជ្ញា​ថា នឹងរៀបចំនូវកិច្ចប្រជុំពិគ្រោះ ​យោបល់​បន្ដទៀត ជាមួយតំណាង អង្គការសង្គមស៊ីវិល ក្នុងគោល​បំណងពង្រឹងភាពជា​ដៃគូ​ រវាងរាជរដ្ឋាភិបាល និងអង្គការ​សង្គមស៊ីវិល ដើម្បីពង្រឹងពង្រីកដំណើរការ​លទ្ធិ​ប្រជា​ធិបតេយ្យនៅកម្ពុជា។

គួរ​បញ្ជាក់​ថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន៩ជំពូក និង៣៩មាត្រា ហើយ​ច្បាប់​នេះមានគោលដៅកំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ព្រម​ទាំងកំណត់​ទំនាក់ទំនង​រវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរ​សាធារណៈ ដើម្បី​​អភិវឌ្ឍន៍​សង្គមកម្ពុជា ខណៈច្បាប់នេះមានវិសាលភាពអនុវត្តចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ដែលធ្វើសកម្មភាពនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា លើកលែងតែមាន​បទប្បញ្ញត្តិ​ច្បាប់ដោយឡែក ដែល​ចែង​ផ្សេងពីនេះ៕

អត្ថបទ ៖ សំអឿន

ចុចអាន ៖ កម្មករនិយោជិតជាង៣៥០០នាក់ទៀត ទទួល​ប្រាក់ឧបត្ថម្ភ​