លីវ តឺហួ នឹង​សម្ដែង​ជា​តួស៊ុនអ៊ូខុងជំនាន់​ថ្មី ក្នុងរឿង​ “Sacred Seven”

បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​បាន​បញ្ចប់​​ នៅ​ខែ​កុម្ភៈ​នេះ​ តារា​សម្ដែងហុងកុង Andy Lau នឹង​ចាប់​យក​ឱកាស​ថត​រឿង​ថ្មី។ ខ្សែ​ភាពយន្ត​មួយ​ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ដែល​គេ​បាន​រំពឹង​ទុក​ ដែល​សម្ដែង​ដោយ​តារា​សម្ដែង Andy Lau គឺ​រឿង “Sacred Seven”  ជា​ការ​វិល​ត្រឡប់​ជា​ថ្មី​ម្ដង​ទៀត នៃ​រឿង​ព្រេង​បុរាណ​ចិន​បែប​អក្សរសិល្ប៍​ “ដំណើរ​ទៅ​ភាគ​ខាងលិច​” ដែល​ក្នុង​នោះ​លោក Andy នឹង​ដើរ​តួ​ជា​ស្ដេច​ស្វា​។

អ្នក​ដឹកនាំ​រឿង​គឺ​លោក Jingle Ma ​ផលិត​ដោយ ​Fan Xing និង Bai Yanyan ក្នុង​រឿង “Sacred Seven” នឹង​រំលឹក​រឿងរ៉ាវ​នៃ​តួអង្គ​ទេវកថា​បែប​ចិន​បុរាណ ​ដែល​មាន​ដូចជា​ស្ដេច​ស្វា ​ស៊ុន អូខុង ​​អារក្ស​និង​ប៉ាជេ។ ផលិតករ​ខ្សែ​ភាពយន្ត​នេះ​ មាន​បំណង​ចង់​ប្រែ​ក្លាយ​វា​ទៅ​ជា​ត្រកូល​ខ្សែ​ភាពយន្ត​​ ដែល​មាន​រយៈកាល​យូរ​អង្វែង ហើយស្ថិតនៅ​លើ​កំពូល​វីរបុរស​របស់​ចិន។

គួរ​រំលឹក​ថា​ រឿង​ស្ដេច​ស្វា​ស៊ុនអូខុង ក៏ធ្លាប់បាន​សម្ដែង​ដោយ​តារា​សម្ដែង​ហុងកុង​ល្បីៗ​ជា​ច្រើន​ដូចជា Stephen Chow តារា​សម្ដែង Donnie Yenនិង តារា​សម្ដែង Aaron Kwok ។ ក្រៅ​ពី​ទទួល​យក​តួនាទី​នេះ Andy នឹង​ក្លាយ​ជា​អ្នក​ផលិត​ខ្សែ​ភាពយន្ត​នេះ​ផង​ដែរ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ខ្សែ​ភាពយន្ត​លោក Andy  បាន​ពន្យល់​ពី​អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​រំភើប​អំពី​ខ្សែ​ភាពយន្ត​នេះ​ថា “ បន្ទាប់​ពី​បាន​អាន​សាច់​រឿង​នេះរួច ​ខ្ញុំ​ឃើញ​ថា​វា​ពិតជា​រឿង​ប្រលោមលោក​ប្លែក​ពី​រឿង​មុនៗ ដែល​និយាយ​អំពី​ស្ដេច​ស្វា។ ជា​ធម្មតា​ខ្សែភាពយន្ត​ដែល​ជា​ខ្សែ​ស្រ​លាយ​ស្ដេច​ស្វា​ តែងតែ​និយាយ​ពី​រឿងរ៉ាវ​ ជុំវិញ​នៃ​ការ​បំផ្លិចបំផ្លាញ​នៅ​លើ​ស្ថានសួគ៌​ ប៉ុន្តែ “Sacred Seven” គឺ​ជា​សាច់រឿង​ដែល​ស្វែង​រក​ការ​សន្និដ្ឋាន​និង​ហេតុការណ៍​ដែល​កើត​មាន​មុន​នេះ។ សាច់រឿង​មួយ​នេះ​គឺ​ជា​អ្វី​ដែល​មិនធ្លាប់​មាន​ធ្វើ​ឱ្យ​មាន​គម្លាត​នៃ​ស្នាដៃ​ដើម​នៃ​រឿង​ប្រឌិត​ដែល​ខ្ញុំ​គិត​ថា គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

ចំណែក​តួ​សម្ដែង​ផ្សេង​ទៀតនៅក្នុងរឿងមួយនេះ ​គឺ​តារា​ចម្រៀង​និង​សម្ដែង Justin Huang ដែល​បាន​ធ្លាប់​ចូលរួម​ក្នុង​កម្មវិធី​ស្វែងរក​ទេពកោសល្យ​របស់​កូរ៉េ “Produce 101” រដូវ​កាល​ទី ២ ដែល​រៀបចំ​ឡើង​ដោយ Mnet។ បន្ទាប់ពី​បាន​កាន់កាប់​តំណែង​ទី​៤នៅ​ក្នុង​​ផលិត​កម្ម iQiyi-organised នៅ​ខែ​មេសា​ឆ្នាំ ២០១៨ លោក​បាន​បង្ហាញ​ខ្លួន​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​វ័យក្មេង​ជនជាតិ​ចិន​ ដែល​មាន​សមាជិក៩នាក់​ តែ​បាន​បំបែក​ក្រុម​គ្នា​ទៅ​វិញ។​ នៅ​ខែ​មិថុនា​ឆ្នាំ​ដដែល ​លោក​បាន​បង្កើត​ក្រុម​ចម្រៀង​វ័យ​ក្មេង​ម្ដង​ទៀត​ដែល​មាន​សមាជិក ៧ នាក់ ជាមួយ​សិក្ខាកាម​ផ្សេងទៀត ​មក​ពី​ក្រុមហ៊ុន​ដូចគ្នា​ ខណៈពេលដែលគាត់ជាអ្នករ៉េបនិងជាអ្នករាំនាំមុខនៅក្នុងក្រុមទាំង២។

ចំណែក​តួឯកស្រី​ក្នុង​ខ្សែភាពយន្ត​គឺតារាសម្ដែង Elaine Zhong អាយុ ២៦ ឆ្នាំ​ ដែលធ្លាប់បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ខ្សែ​ភាពយន្ត​យុវវ័យ​កាលពីឆ្នាំ ២០១៧ ខណៈ​ដែល​តារា​សម្ដែង​ជើងចាស់​លោក Li Chengru ក៏​ជា​ផ្នែក​មួយ​នៃ​ខ្សែ​ភាពយន្ត​នេះ​ដែរ ៕

 

ចុចអាន៖ក្រោយរឿង​អាស្រូវ​គេចពន្ធ Fan Bingbing ងាក​ទៅពង្រឹងមុខរបរ​​លក់​អនឡាញ​ រីឯចំណូល​វិញ​កប់!

ចុចអាន៖កុំកុំ​និង​ឈិនឡុង​ចេញ​រឿង​ថ្មី​ប្រជែង​គ្នា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំចិន

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ