Angelina Jolie និង BBC ផលិតកម្មវិធីជួយកុមារ​កុំ​ឲ្យ​ចាញ់​បោកព័ត៌មាន​បំពុល​សង្គម

តារាសម្ដែង​អាមេរិក អេនជេលីណា ជូលី និងបណ្ដាញព័ត៌មាន BBC សហការគ្នាផលិតកម្មវិធីដែលអាចទុកចិត្តបានជូនទស្សនិកជនវ័យក្មេងដើម្បីបញ្ឈប់ព័ត៌មានក្លែងក្លាយ។

អ្នកស្រី អេនជេលីណា នឹងផលិតកម្មវិធីព័ត៌មានមួយឈ្មោះថា “BBC My World” ដើម្បី​ឲ្យទស្សនិកជន​វ័យក្មេងអាចទាញយកប្រយោជន៍ពីសារព័ត៌មាន ។ “BBC My World” ជាកម្មវិធីពន្យល់ពីហេតុការណ៍ព័ត៌មាន ការផ្តល់ព័ត៌មានពិត ដើម្បីជួយក្មេងអាយុលើស ១៣ ឆ្នាំ អាច​មើល​ដឹង​ថា​អ្វីជាព័ត៌មានពិត អ្វីជាព័ត៌មាន​មិន​ពិត​ពេលចុច​មើលព័ត៌មានអន្តរជាតិ។ កម្មវិធីនេះ ជាការសហការផលិតរវាងអ្នកស្រី អេនជេលីណា សារព័ត៌មាន BBC World Service និង YouTube ឆាណែល Microsoft Education ។

នៅក្នុងសេចក្តីថ្លែងការណ៍អ្នកស្រី អេនជេលីណា និយាយថា ក្នុងនាមជាឪពុកម្តាយខ្ញុំសប្បាយចិត្តណាស់ដែលអាចផ្តល់ការគាំទ្រដល់កម្មវិធីដែលមានគោលបំណងជួយកុមារឱ្យរៀនសូត្របន្ថែមទៀតអំពីជីវិតរបស់យុវជនដទៃទៀតនៅជុំវិញពិភពលោក ហើយភ្ជាប់ពួកគេទៅវិញទៅមក អ្នកស្រីបានបន្ត  ខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងជួយកុមារស្វែងរកព័ត៌មាន និងជម្រើសផ្សេងទៀតដែលពួកគេត្រូវការលើបញ្ហាដែលទាក់ទងនឹងពួកគេ។ ពួកគេអាចទាញយកប្រយោជន៍លើបណ្តាញព័ត៌មាន BBC ពីអ្នកសារព័ត៌មានរាប់ពាន់នាក់ និងភាសាជាច្រើននៅជុំវិញពិភពលោក

លោក Jamie Angus នាយកគ្រប់គ្រង BBC World Service ថ្លែងថា កម្មវិធី “BBC My World” បង្កើតឡើងក្នុងគោលបំណងបំពេញចន្លោះខ្វះខាតរបស់យុវវជនឲ្យយល់ដឹងពីរបៀបដែលព័ត៌មានត្រូវបានបង្កើតឡើង និងគុណតម្លៃដែលនៅពីក្រោយវា។ វាក៏ជួយយុវវជនស្វែងរកព័ត៌មានពិត និងស្គាល់ព័ត៌មានមិនពិតនៅលើអ៊ីនធឺរណេតដោយគិតឲ្យបានម៉ត់ចត់ពីព័ត៌មានដែលពួកគេប្រទះ។ លោកបន្តថា “BBC My World” មានសារៈសំខាន់ណាស់សម្រាប់យុវជននាពេលបច្ចុប្បន្ននេះ មិនត្រឹមតែជួយអភិវឌ្ឍយុវវ័យប៉ុណ្ណោះទេ វាថែមជួយដល់លទ្ធិប្រជាធិបតេយ្យពិភពលោកនាពេលអនាគតផងដែរ។ នាយកគ្រប់គ្រងរូបនេះបន្ថែមទៀតថា BBC World Service ជាកន្លែងតែ១គត់ ដែលផ្តល់នូវទស្សនវិស័យជាសកលពិតប្រាកដមួយលើរឿងរ៉ាវនិងប្រធានបទធំៗ នាពេលបច្ចុប្បន្ននេះ។

រីឯផលិតករយល់ថា កម្មវិធីនេះជាឧបករណ៍ជួយដល់អ្នកមើលវ័យក្មេងនៅតាមបណ្តាញផ្សព្វផ្សាយសង្គមជាច្រើន។ ព័ត៌មានគ្រប់ប្រភេទនឹងត្រូវផ្សព្វផ្សាយដោយផ្តោតលើមនុស្សពេញវ័យដែលមិនទាន់យល់ច្បាស់ពីវិធីបែងចែកមាតិកាព័ត៌មានតាមកម្រិតនៃគុណភាពរបស់វា។

កម្មវិធី “BBC My World” នឹងចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យនៅម៉ោង ១១  និង ៣០ នាទីព្រឹក រយៈពេល ៣០នាទី តាមបណ្ដាញសារព័ត៌មាន BBC។ កម្មវិធីនេះនឹងត្រូវផ្សាយក្នុង ៤២ ភាសា តាមឆាណែល YouTube របស់ BBC News និង BBC iPlayer  នៅចក្រភពអង់គ្លេសផងដែរ។ ការចាក់ផ្សាយនីមួយៗនឹងត្រូវបានកាត់ជាភាគៗ ហើយមេរៀនអាចរកមើលនៅលើឆាណែល Microsoft Education៕

 

ចុចអាន៖  ជីវិតពិត​ Angelina Jolie ក្លាយ​ជា​មាតា​សប្បុរសក៏ព្រោះ​ប្រទេស​កម្ពុជា

 

ប្រែសម្រួល៖ សន្យា