ព័ត៍មានទាន់​ហេតុការណ៏
Search

ជីវិតពិត​ Angelina Jolie ក្លាយ​ជា​មាតា​សប្បុរសក៏ព្រោះ​ប្រទេស​កម្ពុជា

នាង​គឺ​ជា​តារា​សម្ដែង​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ប្រចាំ​ជំនាន់
ភាពយន្ត​របស់​នាង​អាច​រក​ចំណូល​បាន​សរុប​ចូល​គ្នា​ប្រមាណ ៦ពាន់​លាន​ដុល្លារ
នាង​គឺជា​តារា​សម្ដែង​ម្ចាស់​ពាន​អូស្កា និង​ជា​នារី​សិចស៊ី​បំផុត​លើ​ពិភពលោក​!

Angelina Jolie គឺជា​ស្ត្រី​គំរូ​មួយ​រូប​សម្រាប់​មនុស្ស​ជា​ច្រើន ទាំង​ភាព​ជោគជ័យ ភាព​ស្រស់​ស្អាត និង​ការ​បូជា​ខ្លួន​ដើម្បី​សង្គម។ បើទោះ​បី​ក្នុង​អតីត​កាល រូបភាព​ដែល​គេ​ចងចាំ​ពី​នាង​គឺជា​ក្មេង​ស្រី​ឈាម​រាវ និង​ធ្លាប់​ប្រើ​ជីវិត​យ៉ាង​ភ្លើតភ្លើន ប៉ុន្តែ​ពេល​នេះ Angelina Jolie ក្នុង​វ័យ ៤៤ឆ្នាំ បាន​ក្លាយ​ជា​នារី​ទន់ភ្លន់​ម្នាក់ និង​ជា​ទី​ស្រលាញ់​របស់​មនុស្ស​ទូទាំង​ពិភពលោក។ តើ​អ្វី​ទៅ​ជា​ចំណុច​ផ្លាស់ប្ដូរ​នៃ​ជីវិត​របស់​នាង?

កើត​បាន​តែ​មួយ​ឆ្នាំ​គ្រួសារ​ក៏​បែកបាក់

Angelina Jolie Voight កើត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៧៥។ នាង​គឺជា​កូន​ស្រី​របស់​តារា​សម្ដែង​ល្បី​ជា​ម្ចាស់​ពាន​រង្វាន់​អូស្កា គឺលោក Jon Voight និង​ម្ដាយ​គឺតារា​សម្ដែង Marcheline Bertrand។ ប៉ុន្តែ​ត្រឹម​រយៈ​ពេល ១ឆ្នាំ​ក្រោយ Angelina កើត ឪពុក​ម្ដាយ​របស់​នាង​ក៏​បាន​ចែក​ផ្លូវ​គ្នា ហើយ​បន្ទាប់​បីនោះ​ម្ដាយ​​គឺជា​អ្នក​ចិញ្ចឹម​បី​បាច់​នាង ព្រម​ទាំង​បង​ប្រុស​James Haven ដែលមានអាយុបង​នាង​២​ឆ្នាំ។

Angelina ធ្លាប់​សម្ដែង​ភាពយន្ត​ជាមួយ​ម្ដាយ និង​ឪពុក​របស់​នាង​ក្នុង​ខ្សែ​ភាពយន្ត “Lookin’ to Get Out” ប៉ុន្តែ​ក្រោយ​ពី​នោះ ឪពុក Angelina ​ក៏​បាន​ចាក​ឆ្ងាយ​ពី​ជីវិត​នាង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ពេល​នៅ​តូច Angelina តែង​យំ​ចង់​ឲ្យ​ឪពុក​ត្រលប់​មក​លេង​នាង​នៅ​ផ្ទះ ប៉ុន្តែ​បំណង​ប្រាថ្នា​នេះ​មិន​ដែល​បាន​សម្រេច​ឡើយ។ នាង​ក៏​បាន​ផ្ដល់​បទ​សម្ភាស​ថា “ប៉ា​មិន​ដែល​មក​រក​ខ្ញុំ​ទេ ខ្ញុំ​មិន​ដែល​បាន​នៅ​ជាមួយ​ប៉ា​ទេ ខ្ញុំ​គិត​ថា​ពួក​យើង​អាច​នឹង​ទៅដើរ​លេង​ជាមួយ​គ្នា​នៅ​ថ្ងៃ​ឈប់​សម្រាក ប៉ុន្តែ​ប៉ា​តែង​តែ​ទៅ​សម្ដែង​រឿង​រាប់​ខែ​ជាប់​គ្នា”។ នេះ​អាច​ជា​មូល​ហេតុដែល Angelina ចាប់ផ្ដើម​ឃ្លាត​ឆ្ងាយ​ពី​ឪពុក ហើយ​នៅ​ពេល​ធំ​ឡើង Angelina ក៏សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​នាម​ត្រកូល​របស់​ខ្លួន​ពី Voight ដែល​ជា​ត្រកូល​របស់​ឪពុក​ និងយក​ Jolie ដែល​ជា​ឈ្មោះ​កណ្ដាល​មក​ប្រើ​ជា​ត្រកូល​ថ្មី​វិញ។ ផ្ទុយ​មក​វិញ ជាមួយ​ម្ដាយ Angelina មាន​អារម្មណ៍​ថា​ស្និទ្ធស្នាល​បំផុត។ នៅ​អាយុ ១៤ឆ្នាំ នាង​បាន​ទទួល​ការ​អនុញ្ញាត​ពី​ម្ដាយ​ឲ្យ​នាំ​មិត្ត​ប្រុស​មក​រួមរស់​នៅ​ផ្ទះ​ជាមួយ​គ្នា​បាន ព្រោះ​ម្ដាយ​របស់​នាង​ជឿថា បែប​នេះអាច​នឹង​ល្អជាង​បណ្ដោយ​ឲ្យ​កូន​ស្រី​លួច​ទៅ​ធ្វើ​អ្វី​នៅ​ខាង​ក្រៅ​ដែល​ឆ្ងាយ​ពី​ខ្សែ​ភ្នែក​របស់​ម្ដាយ។ រហូត​ដល់អាយុ ១៦ឆ្នាំ នាង​ក៏​បាន​បែក​គ្នា​ពី​មិត្ត​ប្រុស ហើយ​បន្ទាប់​ពី​នោះ ក៏​ចាប់ផ្ដើមតាំងចិត្ត​ប្រឡូក​ក្នុង​ការ​សម្ដែង​ភាពយន្ត​យ៉ាង​ពិត​ប្រាកដ ដោយ​បាន​ចូល​រៀន​សម្ដែង​នៅ​វិទ្យាស្ថាន Strasberg Theatre ក្នុង​ទីក្រុង Los Angeles។

ចាប់​ផ្ដើម​ប្រឡូក​ការ​សម្ដែង

រូបភាព​ជា​ក្មេង​ស្រី​ញៀន​ស្រា និង​បារី​នៅ​វ័យ ១៦ឆ្នាំ ធ្វើ​ឲ្យ​នាង​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ក្នុង​វិស័យ​សិល្បៈ ព្រោះ​បុគ្គលិក​លក្ខណៈ​របស់​នាង​មិន​សក្ដិសម​នឹង​ដើរ​តួ​ជា​ក្មេង​ស្រី​ធម្មតា​ៗ​ក្នុង​ភាពយន្ត​កំប្លែង និង​ភាពយន្ត​សម្រាប់​យុវវ័យ​ទូទៅ​ប៉ុន្មាន​ទេ។​ ដូច្នេះ​ហើយ ការងារ​សម្ដែង​ដំបូងៗ​របស់ Angelina គឺជា​ប្រភេទ​ភាពយន្ត​បែប​វាយ​តប់​ដូចជា​រឿង “Cyborg 2” ក្នុង​ឆ្នាំ​១៩៩៣ និង​សម្ដែង​វីដេអូ​ចម្រៀងមួយ​ចំនួន​ដូចជា​បទ “It’s About Time” របស់ Lemonheads និងបទ “Rock and Roll Dreams Come Through” របស់ Meat Loaf ជាដើម។

រហូត​ដល់​ឆ្នាំ​១៩៩៥ Angelina Jolie ក្នុង​វ័យ ២០ឆ្នាំទើប​បាន​សម្ដែង​ជា​តួ​ឯក​ក្នុង​ភាពយន្ត​ផលិតកម្ម​ធំ​ដំបូង គឺរឿង “Hackers” ដែល​ក្នុង​នោះ​នាង​បាន​ចាប់​ដៃ​គូ​ជាមួយ​តារា​សម្ដែងប្រុស Jonny Lee Millier។ ក្រោយ​សម្ដែង​រឿង​ចប់​អ្នក​ទាំង​ពីរ​ក៏​បាន​ចាប់ផ្ដើម​ទំនាក់ទំនង​ស្នេហា រហូត​សម្រេច​ចិត្ត​រៀបការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​១៩៩៦។ យ៉ាងណា​ក៏ដោយ ក្រោយ​រៀបការ​បាន​ជាង​ពីរ​ឆ្នាំ​ពួក​គេ​ក៏​បាន​ចែក​ផ្លូវ​គ្នា​នៅ​ឆ្នាំ​១៩៩៩។

ជីវិត​គូ​មិន​សម​ប្រកប តែ​អាជីព​ជោគជ័យ​ទ្វេ​ដង

បើ​ទោះ​ជា​បរាជ័យ​ក្នុង​ជីវិត​គូ ប៉ុន្តែ​ជីវិត​ការងារ​របស់ Angelina Jolie បែរ​ជា​ជោគជ័យ​ឡើង​ជា​លំដាប់។ ថ្វីដៃ​ក្នុង​ការ​សម្ដែង​របស់​នាង​បាន​ទទួល​ការ​សរសើរ​ពី​ទស្សនិកជន​ជានិច្ច និង​បាន​ប្រើ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ការ​កសាង​កំណត់ត្រា​យ៉ាង​ពិសេស​ក្នុង​វិស័យ​ភាពយន្ត​ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​តារា​សម្ដែង​ស្រី​ឆ្នើម​ពី​កម្មវិធី Golden Globe ៣​ឆ្នាំ​ជាប់ៗ​គ្នា។ ​ក្នុង​នោះ​ក្នុង​ឆ្នាំ១៩៩៨ នាង​បាន​ឈ្នះ​ពាន​រង្វាន់​តួ​រង​ស្រី​ឆ្នើម​តាម​រយៈ​ភាពយន្តភាគ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ​ពិតរឿង “George Wallace”។ ឆ្នាំ​១៩៩៩ នាង​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​តួ​ឯក​ស្រី​ឆ្នើម តាម​រយៈ​ការ​សម្ដែង​ជា​តួ​តារា​ម៉ូដែល​ដែល​ត្រូវ​បាត់បង់​អនាគត​ដោយ​សារ​ថ្នាំ​ញៀន និង​មេរោគ​អេដស៍ ក្នុង​ភាពយន្ត​ភាគ​ប៉ុស្តិ៍ HBO មាន​ចំណងជើងថា “Gia” ហើយ​នៅ​ឆ្នាំ​២០០០ នាង​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​តួ​រង​ស្រី​ឆ្នើម តាម​រយៈ​ការ​សម្ដែង​ជា​តួក្មេង​ស្រី​មាន​ជំងឺផ្លូវ​ចិត្តក្នុង​ភាពយន្តរឿង “Girl Interrupted”។ តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង “Girl Interupted” នេះ​ដដែល​ក៏​បាន​នាំ​ឲ្យ​នាង​ឈ្នះ​ពាន​រង្វាន់​អូស្កា​ដំបូង​ផង​ដែរ។

 

ក្រោយ​ឈ្នះ​ពាន​រង្វាន់​អូស្កា ស្នាមញញឹម Angelina Jolie ក៏​បាន​លេច​ឡើងលើ​កាសែត និង​ទស្សនាវដ្ដី​ល្បី​ៗ​គ្រប់​ច្បាប់។ រឿង​រ៉ាវ​អាស្រូវ​នា​អតីតកាល​របស់​នាង​ក៏​ត្រូវ​បាន​គេ​គាស់កកាយ​មក​សរសេរ​ព័ត៌មាន​យ៉ាង​សប្បាយ​ដៃ ហើយ​ Angelina ផ្ទាល់​ក៏​រីករាយ​នឹង​ទម្លាយ​ជីវិត​ឯកជន​របស់​ខ្លួន​ដោយ​មិន​លាក់លៀម​ដែរ ចាប់​តាំង​ពី​រឿងរ៉ាវ​តូច​តាច​ដូច​ជា​អត្ថន័យ​នៃ​ស្នាម​សាក់​នៅ​លើ​រាងកាយ រហូត​ដល់​រឿង​ធំៗ​ដូចជា​ការ​អាក់អន់ចិត្ត​នឹង​​ឪពុក និង​ជីវិត​ស្នេហា​ដែល​បរាជ័យ ជាមួយ Jonny Lee Miller។ មិន​តែប៉ុណ្ណោះ Angelina Jolie ក៏​ត្រូវ​បាន​គេ​បំផុស​ពាក្យ​ចចាមអារ៉ាម​ថា​មាន​ទំនាក់ទំនង​បែប​ស្នេហា​ជាមួយ​បង​ប្រុស​បង្កើត​ខ្លួន​ឯង ដោយ​ដើម​ចម​នៃ​ពាក្យ​ចចាមអារ៉ាម​នេះ​គឺ​ដោយសារ​តែ​ទម្លាប់​ចូលចិត្ត​ថើប​ជញ្ជក់​មាត់​ជាមួយ​បង​ប្រុស​ជា​សាធារណៈ​ម្ដង​ហើយ​ម្ដង​ទៀត ថែម​ទាំង​ពេល​ដែល​ឡើង​ទៅ​ទទួល​ពាន​អូស្កា នាង​ក៏​បាន​សារភាព​ក្ដី​ស្រលាញ់​ដល់​បង​ប្រុស​តាម​រយៈការ​ផ្សាយ​ផ្ទាល់​ទូទាំង​ពិភពលោក។

Angelina Jolie បាន​បដិសេធ​ទាំង​ស្រុង​ចំពោះ​ពាក្យ​ចចាមអារ៉ាម​មួយ​នេះ។ នាង​ប្រាប់​ថានោះ​គ្រាន់​តែ​ជា​វិធី​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ក្នុង​នាម​បង​ប្អូន​ដែល​នាង​ធ្លាប់​ធ្វើ​តាំង​ពី​ក្មេង​មក​ម្ល៉េះ។ ចំណែក James Haven ជា​បងប្រុស​ Angelina ក៏​បានប្រាប់​ថា “ពេល​ប៉ាម៉ាក់​លែងលះ​គ្នា ខ្ញុំ​និង​ប្អូន​ស្រី​នៅ​ក្មេង​ណាស់ នៅពេល​គ្រួសារ​របស់​យើង​បែកបាក់​បែប​នេះ ពួក​យើង​ក៏​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​គ្នា។ នាង​និង​ខ្ញុំ​សុទ្ធ​តែ​ត្រូវ​ការ​កម្លាំង​ចិត្ត ដូច្នេះ​ហើយ​យើង​ក៏​តែង​តែ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក”។

ព័ត៌មាន​ចចាមអារ៉ាម​របស់ Angelina និង​បង​ប្រុស​ក៏​ចាប់ផ្ដើម​សាបរលាប​ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ក្រោយ​មក នៅ​ពេល​ដែល Angelina បាន​ចូល​រោងការ​ជាមួយ​តារា​សម្ដែង​ប្រុស Billy Bob ក្រោយ​បាន​សម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង “Pushing Tin” និង​បាន​ធ្វើ​ឲ្យ​រឿងរ៉ាវ​ជីវិត​ស្នេហា​របស់ Angelina និង Billy bob ក្លាយ​ជា​ព័ត៌មាន​ថ្មី​ដែល​ពិភពលោក​ចាប់​អារម្មណ៍ ហើយ​ Angelina ផ្ទាល់​ក៏​ពេញ​ចិត្ត​នឹង​ផ្ដល់​បទ​សម្ភាស​អំពី​ជីវិត​ស្នេហា​របស់​នាង​រួម​ទាំង​រឿង​លើ​គ្រែ​ដោយ​មិន​លាក់​លៀម។ Angelina បាន​បង្ហាញ​ភក្ដីភាព​ចំពោះ​ស្វាមី​ដោយ​ការ​សាក់​ឈ្មោះ Billy Bob នៅ​បរិវេណ​ដើម​ដៃ​ខាង​ឆ្វេង។ ទោះ​យ៉ាង​ណា តារា​ទាំង​ពីរ​ដួង​ក៏​បាន​លែងលះ​គ្នា​នៅ​ឆ្នាំ​២០០៣​ ក្រោយ​រៀបការ​ជាមួយ​គ្នា​បាន​៣​ឆ្នាំ ហើយ​បច្ចុប្បន្ន​ស្នាម​សាក់​ឈ្មោះ Billy Bob លើ​ដើម​ដៃ​របស់ Angelina Jolie ក៏​ត្រូវ​បាន​ជំនួស​ដោយ​ស្នាម​សាក់​ថ្មី​វិញ។

ជីវិត​ផ្លាស់​ប្ដូរ​ក្រោយ​បាន​មក​ប្រទេស​កម្ពុជា

ត្រលប់​ទៅ​ឆ្នាំ​២០០១ ចាត់​ទុក​ថា​ជា​ចំណុច​ផ្លាស់​ប្ដូរ​នៃ​ជីវិត​របស់ Angelina យ៉ាង​ពិត​ប្រាកដ។ ត្បិត​តែ​មុន​នេះ​នាង​ធ្លាប់​មាន​ភាពយន្ត​រក​ចំណូល​បាន​រយ​លាន​ដុល្លារ​មួយ​ចំនួន​ហើយ​ដូចជា​រឿង “Gone in 60 Seconds” ប៉ុន្តែ​ភាពយន្ត​ដែល​បាន​នាំ​ឲ្យ​នាង​ក្លាយ​ជា​ Superstar ជួរ​មុខ​ក្នុង​ពិភពលោក​យ៉ាង​ពិត​ប្រាកដ​នោះ​គឺ​រឿង “Lara Croft: Tomb Raider”។

យ៉ាង​ណា​ក៏ដោយ ភាពយន្ត​នេះ​មាន​​អត្ថន័យ​សម្រាប់​ជីវិត Angelina លើស​ពី​ការ​ដែល​អាច​រក​ចំណូល​បាន​ច្រើន​មហាសាល​ជុំវិញ​ពិភពលោក ព្រោះ​ការ​ធ្វើ​ដំណើរ​មក​ថត​ភាពយន្ត​នេះ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​នាង​បាន​ឃើញ​បាន​យល់​ពី​បញ្ហា​ជន​ក្រីក្រ បញ្ហា​សិទ្ធិមនុស្ស និង​វិបត្តិ​របស់​ជន​ភៀស​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ការ​មើល​ឃើញ​របស់​នាង​ចំពោះ​ពិភពលោក​និង​ជីវិត​របស់​នាង​ផ្លាស់ប្ដូរ​។ នាង​បាន​ផ្ដល់​សម្ភាស​ថា “ខ្ញុំ​ចាប់​ផ្ដើម​ភ្លឺ​ភ្នែក ខ្ញុំ​បាន​ឃើញ​ពី​ជីវភាព​មនុស្ស​នៅ​ជ្រុង​ម្ខាង​ទៀត ពិភពលោក​នេះ​ពិតជា​ធំ​ទូលាយ​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត ចាប់​ពី​ពេល​នោះ​ខ្ញុំ​ក៏​ដឹង​ថា វា​មិន​លំបាក​​អ្វី​នោះ​ទេ​ដែល​យើង​គួរ​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក”។ Angelina Jolie បាន​ទាក់ទង​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ដើម្បី​រាយការណ៍​ពី​បញ្ហា​ជនភៀសខ្លួន និង​ជន​គ្មាន​ផ្ទះ​សម្បែង ព្រម​ទាំង​បាន​សួរ​នាំ​ថា​តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​នាង​អាច​ជួយ​ពួក​គេ​បាន។

នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា​ ឆ្នាំ២០០១ Angelina ក៏​ត្រូវ​បាន​តែងតាំង​ឲ្យ​បំពេញ​តួនាទី​ជា​ទូត​សុឆន្ទៈ​របស់ UNHCR ឬ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ហើយ​ចាប់​ពី​ពេល​នោះ​មក នាង​ក៏​បាន​បូជា​ខ្លួន​ចំពោះ​ការ​ស្វែង​រក​វិធី​ផ្ដល់​ជំនួយ និង​ការពារ​​ផ្នែក​សិទ្ធិមនុស្ស​របស់​ជន​ភៀស​ខ្លួន​ទូទាំង​ពិភពលោក​យ៉ាង​ពេញ​កម្លាំង ព្រម​ទាំង​បាន​ទទួល​ក្មេង​កំព្រា​ពី​ប្រទេស​ផ្សេង​ៗមក​ចិញ្ចឹម​ផង​ដែរ។

នៅ​ឆ្នាំ​២០០២ នាង​បាន​ទទួល​​កុមារា​កម្ពុជា​ឈ្មោះ Maddox Chivan ដែល​មាន​អាយុ ៧​ខែ ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​ក្នុង​ខេត្ត​បាត់​ដំបង​មក​ចិញ្ចឹម​ជា​កូន​ទី​១។ ឆ្នាំ​២០០៥ នាង​ក៏​បាន​ទទួល​​ក្មេង​ស្រី​ឈ្មោះ Zahara Marley ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា ប្រទេស​អេត្យូពី មក​ចិញ្ចឹម​ជា​កូន​ទី​២។ ហើយ​នៅ​ឆ្នាំ​២០០៧ នាង​ក៏​បាន​ទទួល​ចិញ្ចឹម​កូន​ប្រុស​ម្នាក់​ទៀត​ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា​ប្រទេស​វៀតណាម ឈ្មោះ Pax Thein។ ក្មេង​ទាំង​បី​អ្នក​បាន​ទទួល​ការ​ចិញ្ចឹម​ថែទាំ​យ៉ាង​ល្អ​បីប្រៀបដូ​ចជា​កូន​បង្កើត​របស់ Angelina Jolie ជាមួយ Brad Pitt ​រួម​មាន Shiloh Nouvel និ​ង​បង​ប្អូន​ភ្លោះ Vivienne និង Knox។ ហើយ​នៅ​ពេល​ណា​ក៏​ដោយ​ដែល​គ្រួសារ​មួយ​នេះ​បង្ហាញ​ខ្លួន​រួម​គ្នា​នៅ​តាម​ទី​សាធារណៈ គេ​ប្រាកដ​ជា​បាន​ឃើញ​ស្នាមញញឹម​ប្រកប​ដោយ​ក្ដីសុខ​នៅ​ទីនោះ។

ខណៈ​ពេល​នេះ Angelina Jolie លែង​សេសសល់​ស្លាកស្នាម​ជា​ក្មេង​ស្រី​បែក​ស្លុយ​ដូច​ដែល​គ្រប់​គ្នា​បាន​ស្គាល់​ក្នុង​អតីតកាល​ទៀត​ហើយ។ Angelina ប្រាប់​ថា ការ​ដែល​នាង​បាន​ចុះ​មក​ធ្វើ​ការ​ជាមួយ UN ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​ជាង​មុន ហើយ​ការ​ដែល​ក្លាយ​ជា​ម្ដាយ​គេ ក៏​ធ្វើ​ឲ្យ​នាង​កាន់​តែ​មាន​ភាព​ទន់ភ្លន់ ដោយ​ផ្លាស់ប្ដូរ​ពី​មនុស្ស​ស្រី​ម្នាក់​ដែល​ចូលចិត្ត​យំ និង​ចេះ​តែ​សួរ​អ្នក​ដទៃ​ថា គ្រប់យ៉ាង​លែង​អី​ហើយ​មែន​ទេ? ពេលនេះ​ក៏​ក្លាយ​ជា​អ្នក​ដែល​ត្រូវ​និយាយ​ថា គ្រប់​យ៉ាង​មិន​អីទេ កុំ​បារម្ភ​កូន​ៗ។

ស្ត្រី​ដែល​សក្ដិសម​ទទួល​ការ​កោត​សរសើរ​បំផុត​លើ​លោក

​រយៈ​ពេល​មិន​ដល់ ១០​ឆ្នាំ​ក្រោយ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ពេញទំហឹង Angelina Jolie ក៏​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​តារា​សម្ដែង​ស្រី​មួយ​រូប​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​លើ​ពិភពលោក។ នាង​មាន​ភាពយន្ត​បង្ហាញ​ពី​ថ្វី​ដៃ​សម្ដែង​គ្រប់​បែបបទ ព្រម​ទាំង​ភាពយន្ត​ដែល​ទទួល​បាន​ជោគជ័យ​លើ​តារាង Box Office ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​នៅ​ឆ្នាំ​២០០៩ ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៣ នាង​បាន​ជាប់​ចំណាត់ថ្នាក់​ជា​តារា​សម្ដែង​ស្រី​មាន​ចំណូល​ខ្ពស់​បំផុត​លើ​ពិភពលោក ដោយ​អាច​រក​បាន​ប្រមាណ ៣០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និង​ជាប់​ឈ្មោះ​ជា​បុគ្គលល្បី​ដែល​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ​២០០៩ ដែល​ចាត់​ថ្នាក់​ដោយ​ទស្សនាវដ្ដី Forbes។ នៅ​ឆ្នាំ​២០១១ នាង​បាន​ទទួល​តម្លៃ​ខ្លួន ១១លាន​ដុល្លារ ពី​ការ​ថត​យុទ្ធនាការ​ផ្សព្វផ្សាយ​ផលិតផល Louis Vuitton ដែល​ជា​កំណត់ត្រា​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​​សម្រាប់​សិល្បករ​ចំពោះ​ការ​ថត​យុទ្ធនាការផ្សព្វផ្សាយ​តែ​មួយ​លើក។ យ៉ាង​ណា​ក៏​ដោយ Angelina បាន​បរិច្ចាគ​ប្រាក់​មួយ​ចំណែក​ធំ​ដែល​នាង​ទទួល​បាន​ពី​ការ​ថត​នេះ​ឲ្យ​អង្គការ​សប្បុរសធម៌ ហើយ​លទ្ធផល​ពី​ការ​បូជា​ខ្លួន​ដើម្បី​សង្គម ក៏ធ្វើ​ឲ្យ​នាង​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ស្ត្រី​ដែល​សក្ដិសម​ទទួល​បាន​ការ​កោតស្ញប់ស្ញែង​បំផុត​លើ​លោក នៅ​​ឆ្នាំ​២០១៥ ឆ្នាំ​២០១៦ និងឆ្នាំ​២០១៨។

ការ​តតាំង​នឹង​ជំងឺ​មហារីក

មួយ​ក្នុង​ចំណោម​រឿង​ដែល​ធ្វើ​ឲ្យ Angelina បាន​ទទួល​ការ​សរសើរ​ច្រើន​បំផុត​ពី​ជាតិសាសន៍​ជា​ច្រើន​នោះ គឺ​នៅ​ពេល​ដែល​នាង​ចេញ​មុខ​និយាយ​តាម​រយៈ​កាសែត New York Times នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ថា​នាង​បាន​សម្រេច​ចិត្ត​កាត់​សុដន់​ចោល​ទាំង​សង្ខាង ក្រោយ​​ពិនិត្យ​រក​ឃើញ​ថា​នាង​មាន​កោសិកា​តំណពូជ​ BRCA1 ​ក្នុង​រាងកាយ​ដែល​មាន​ឱកាស​​វិវត្ត​ទៅ​ជា​កោសិកា​មហារីក​ ៨៧ភាគរយ ទៅ​អនាគត ហើយ​ដោយ​សារ​តែ​ទាំង​ម្ដាយ​ និង​លោក​យាយ​ Angelina សុទ្ធ​តែ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​តាំង​ពី​នៅ​ក្មេង​នៅ​ឡើយ ដូច្នេះ​ហើយ​ទើប Angelina សម្រេច​ចិត្ត​កាត់​សុដន់​ខ្លួន​ឯង​ចោល​ទាំង​សង្ខាង ដោយ​នាង​បាន​ជ្រើសរើស​បើក​ចំហ​ព័ត៌មាន​ដល់​សាធារណជន ដើម្បី​បង្កើន​ការ​យល់​ដឹងពី​សារសំខាន់​នៃ​ការ​ទប់ស្កាត់​ការ​រាល​ដាល​កោសិកា​មហារីក​តាម​តំណពូជ ព្រោះ​អាច​​មាន​មនុស្ស​ស្រី​ជា​ច្រើន​ទូទាំង​ពិភពលោក​ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ដោយ​មិន​ដឹង​ខ្លួន​ថា​មាន​កោសិកា​នេះ​នៅ​ក្នុង​រាងកាយ។

មាន​គោលដៅ​ឆ្ពោះ​ទៅមុខ​ជានិច្ច

Angelina Jolie គឺជា​មនុស្ស​ស្រី​ដែល​មិន​ចេះ​នៅ​ទ្រឹង​មួយ​កន្លែង​ឡើយ។ នាង​តែង​សម្លឹង​រក​ឱកាស ស្វែង​រក​ការ​ប្រណាំងប្រជែង​ថ្មី​ៗ​សម្រាប់​ជីវិត​ខ្លួន​ឯង​ជានិច្ច។ បន្ទាប់​ពី​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ភាពយន្ត​ពី​សាកលវិទ្យាល័យ New York, Angelina ក៏​ងាក​មក​ហ្វឹកហាត់​ការងារ​ជា​អ្នក​ដឹកនាំ​ភាពយន្ត។

នាង​បាន​ចាប់​ផ្ដើម​ស្នាដៃ​ដឹកនាំ​ដំបូង​នៅ​ឆ្នាំ​២០១១ ​តាម​រយៈ​ភាពយន្ត “In the Land of Blood and Honey” ដែល​រៀបរាប់​ពី​ភាព​សាហាវ​ឃោរឃៅ​នៃ​សង្គ្រាម​ក្នុង​ប្រទេស បូសនី (Bosnia)នៅ​អំឡុង​ឆ្នាំ​១៩៩២ រហូត​ដល់​ឆ្នាំ១៩៩៥ ដោយ​ក្នុង​នោះ Angelina បាន​ព្យាយាម​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ផ្នែក​សិទ្ធិមនុស្ស និង​ផល​ប៉ះពាល់​ដែល​មនុស្ស​ជាតិ​ទទួល​បាន​ពី​សង្គ្រាម។ ស្នាដៃ​ដឹកនាំ​បន្ត​បន្ទាប់​របស់​នាង​មាន​ចំនួន ៣​រឿង​ទៀត រួម​មាន​រឿង “Broken” ក្នុង​ឆ្នាំ​២០១៤, “By the Sea” ក្នុង​ឆ្នាំ​២០១៥ និង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​លោក​ប៉ា​ខ្ញុំ​” ក្នុងឆ្នាំ​២០១៧ ដែល​ជាភាពយន្ត​ទទួល​បាន​ការ​កោតសរសើរ​ច្រើន​បំផុត​របស់​នាង។ “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​លោក​ប៉ា​ខ្ញុំ” រៀបរាប់​រឿង​រ៉ាវជីវិត​ផ្លាស់​ប្ដូរ​ដូច​មេឃ​ដី​របស់​ក្មេង​ស្រី​កម្ពុជា​ឈ្មោះ អ៊ឹង​ លឿង បន្ទាប់​ពី​កងទ័ព​ខ្មែរ​ក្រហម​វាយ​រំលំ​ក្រុង​ភ្នំ​ពេញ​​បាន​សម្រេច​ក្នុង​ឆ្នាំ​១៩៧៥។ ភាពយន្ត​រឿង​នេះ​ធ្វើឲ្យ​ Angelina Jolie ​មាន​ឈ្មោះជាបេក្ខភាព​ប្រកួត​ពាន​រង្វាន់ Golden Globe ផ្នែក​ភាពយន្ត​ភាសា​បរទេស​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៨។

ជីវិត​ Angelina Jolie នា​បច្ចុប្បន្ន​អាច​នឹង​ល្អ​ឥត​ខ្ចោះ​ជាង​នេះ ប្រសិន​បើ​ជីវិត​ស្នេហា​របស់​នាង និង Brad Pitt មិន​បរាជ័យ​នៅ​ឆ្នាំ​២០១៦។ គ្មាន​អ្នក​ណា​ដឹង​ឡើយ​ថា ​នាង​គ្រាំគ្រា​ចិត្ត​ដោយ​សារ​ការ​បែក​បាក់​លើក​នេះ​ខ្លាំង​ប៉ុណ្ណា ប៉ុន្តែ​អ្វី​ដែល​គេ​អាច​មើល​ឃើញ​នោះ​គឺ Angelina Jolie នៅ​តែ​ជា​មនុស្ស​ស្រី​ដែល​រឹង​មាំ​ជា​ដរាប។ អាច​ដោយសារ​តែ​ជីវិត​របស់​នាង​ធ្លាប់​ឆ្លង​ព្យុះ​ឆ្លង​ភ្លៀង​យ៉ាង​ជោកជាំ​ច្រើន​មក​ហើយ អាច​ដោយសារ​នាង​មាន​គោលដៅ​ជីវិត​ដ៏​ធំ​កំពុង​រង់ចាំ​នៅ​ខាង​មុខ អាច​ដោយសារ​នាង​មាន​កូន​ៗ​គួរ​ឲ្យ​ស្រលាញ់​តែង​តែ​នៅ​ក្បែរ និង​អាច​ដោយសារ​នាង​បាន​ទទួល​ក្ដី​ស្រលាញ់​ដ៏​ធំធេង​ពី​អ្នក​គាំទ្រ​ភាពយន្ត​របស់​នាង​ជុំវិញ​ពិភពលោក។ ​ទាំង​អស់​នេះ​គឺជា​រឿង​រ៉ាវ​របស់​នាង… Angelina Jolie!

ប្រែសម្រួល៖ វ៉ាន់ថន