មន្ទីរពេទ្យ​កុមារ​អង្គរ​ ខ្វះ​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ អំពាវនាវ​សប្បុរសជន​ជួយ​
BREAKING NEWS
Search

មន្ទីរពេទ្យ​កុមារ​អង្គរ​ ខ្វះ​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ អំពាវនាវ​សប្បុរសជន​ជួយ​

​សៀម​រា​ប ៖ តំណាងមន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប បានអំពាវនាវដល់សប្បុរសជនជាតិ និងអន្ដរជាតិ ឲ្យជួយឧបត្ថម្ភគាំទ្រថវិកាដល់មន្ទីរពេទ្យ ដើម្បីឲ្យមានលទ្ធភាពទទួលពិនិត្យ និងព្យាបាលជំងឺកុមារបន្ថែមទៀត ខណៈដែលម្ចាស់ជំនួយនៅក្រៅស្រុក និងក្នុងស្រុកកន្លងមកមានការធ្លាក់ចុះ ដោយសារជំងឺកូវីដ១៩។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលមន្ទីរពេទ្យកុមារអង្គរទទួលមូលនិធិជាង៤ម៉ឺនដុល្លារ ពីក្រុមហ៊ុនរ៉ូយអ៊ីនហ្វីនីធីខូអិលធីឌី កាលពីថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ។

អ្នកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំងសាធារណៈប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសមានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ពោលចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២០នេះ ការរៃអង្គាសប្រាក់សម្រាប់ទ្រទ្រង់មន្ទីរពេទ្យកុមារនេះបានប្រមាណតែ៣០ភាគរយប៉ុណ្ណោះសម្រាប់ការរៃអង្គាសក្នុងស្រុក ដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ១៩។ អ្នកស្រីបានបន្ដថា កាលពី

ឆ្នាំ២០១៩កន្លងមក ពោលរយៈ៥ខែដូចគ្នានេះ មន្ទីរពេទ្យកុមារអង្គរទទួលថវិកាពីសប្បុរសជនបាន៥០ភាគរយ នៅក្នុងស្រុក ដែលធ្វើឲ្យមន្ទីរពេទ្យត្រូវកាត់បន្ថយការចំណាយថវិកាប្រចាំឆ្នាំជាង៦លាន៥សែនដុល្លារមកត្រឹមជាង៥លាន៩សែនដុល្លារ ក្នុងមួយឆ្នាំវិញ។ ជាមួយគ្នានោះកម្មវិធីរៃអង្គាសថវិកាជាច្រើនរបស់មន្ទីរពេទ្យត្រូវបានលុបចោល ដោយសារបម្រាមជួបជុំរបស់រាជរដ្ឋាភិបាលខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈដែលអ្នកជំងឺនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទេវតានេះមានការកើនឡើង។ អ្នកស្រីព្រួយបារម្ភ ពីកង្វះថវិកានៅឆ្នាំក្រោយទៀត បើសិនជំងឺកូវីដ១៩ នៅតែបន្ដកើតមាននៅលើពិភពលោកបន្ដទៀត ព្រោះម្ចាស់ជំនួយដល់មន្ទីរពេទ្យកុមារអង្គរភាគច្រើនជាសប្បុរសជននៅក្រៅប្រទេស។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ បើតាមតំណាងមន្ទីរពេទ្យបានលើកឡើងថា បើទោះបីបាត់បង់ការរៃអង្គាសប្រាក់ពីកម្មវិធីផ្សេងៗក្ដី ប៉ុន្ដែមានសប្បុរសជន​រៃអង្គាសតាមអនឡាញខ្លះដែរ ជាក់ស្ដែងក្រុមហ៊ុនរ៉ូយអ៊ីនហ្វីនីធីខូអិលធីឌី បានរៃអង្គាសប្រាក់បានចំនួនសរុប ៤១.៩២០ដុល្លារសហរដ្ឋអាមេរិក ដែលថវិកានេះមានការស្នើសុំពីមន្ទីរពេទ្យកុមារអង្គរ ដែលកំពុងតែមានការប្រឈមមុខខ្វះខាតថវិកា ដើម្បីដំណើរការពិនិត្យព្យាបាលកុមារ ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតថ្លៃក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។ ជាមួយនឹងទឹកចិត្តដ៏សប្បុរសពីសំណាក់ក្រុមហ៊ុននេះ កម្មវិធីរៃអង្គាសក៏បានចាប់ផ្តើមការបរិច្ចាគតាមរយៈការឡាយអំពាវនាវ នៅលើគេហទំព័រហ្វេសប៊ុក MaeRouy Queen of Univers កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។

សូមជម្រាបថា មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំនេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា អស់រយៈពេលជាង២០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតដល់បច្ចុប្បន្ននេះ ដែលត្រូវចំណាយជាង៦លានដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទ៖ គឿន ​វេត​

សូមចុចអាន៖ អាជ្ញាធរ​​ ណែនាំ​ដល់​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​សៀមរាប​ ដែល​ទើប​ទទួល​តំណែង​ថ្មី​ ឲ្យ​បន្ត​ពង្រឹង​អភិបាលកិច្ច នៃ​ការ​ផ្តល់​សេវា ​