អាជ្ញាធរជាតិអប្សរា គ្រោងបើកអោយមានកន្លែងទស្សនាថ្ងៃរះ នៅច្រាំងកន្ធុខាងជើងស្ពានហាល ខាងមុខអង្គរវត្ដ

ខេត្តសៀមរាប៖  មន្ដ្រីអាជ្ញាធរជាតិអប្សរា បានអោយដឹងថា អាជ្ញាធរគ្រោងនឹងបង្កើតកន្លែងសម្រាប់​ភ្ញៀវទេសចរទស្សនាថ្ងៃរៈបន្ថែម​ទៀត នៅកន្លែងច្រាំងកស្សិន្ធុទឹកខាងមុខអង្គរវត្ដ  ដោយលើកឡើងថា ទីតាំងនោះមានភាពធំទូលាយ និងអាចមើលឃើញថ្ងៃរះមានភាពស្រស់ស្អាតជាងខាងក្នុងបរិវេនប្រាសាទអង្គរតូច។

លោក ម៉ៅ សុខនី មន្ដ្រីបច្ចេកទេសនាយកដ្ឋានអភិរក្ស​ប្រាសាទក្នុងឧទ្យានអង្គរ បានឱ្យ​ដឹង នៅព្រឹកថ្ងៃទ១០ខែមករាឆ្នាំ២០២០នេះថា ច្រាំងកស្សិន្ធុអង្គរវត្ដជាប់ស្ពានហាលពីខាងជើង ប្រវែងប្រមាណជាង១០០ម៉ែត្រត្រូវបានក្រុមអ្នកជំនាញខ្មែរធ្វើការជួសជុលរៀបចំផ្គុំចូលវិញជិតរួចរាល់ហើយ ដើម្បីអភិរក្ស ថែរក្សាតាមលក្ខណៈទ្រង់ទ្រាយដើម និងដើម្បីលើកសម្រស់ទីបុរាណដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរខេត្តសៀមរាបឱ្យកាន់តែមានភាពទាក់ទាញ និងជួយទប់លំនឹងស្ពានហាលដើរចូលទៅកាន់គោបុរៈនៃប្រាសាទអង្គរវត្ត ប្រកបដោយចេរភាពផងដែរ។

លោកបានបន្ដថា កន្លែងដែលជួសជុលនេះ នឹងគ្រោងនឹងបើកអោយអ្នកទេសចរណ៍អង្គុយ​ទស្សនាថ្ងៃរៈ ព្រោះវាជាទីតាំងមួយធំអាចឱ្យ​មនុស្ស​រាប់រយនាក់អង្គុយទស្សនាថ្ងៃរះបានស្រួល ដោយអាចមើលឃើញរូបភាពកំពូលប្រាសាទឆ្លុះពីក្រុងទឹក លំអរដោយផ្កាព្រលឹតផងដែរ។ លោកបានបន្ដថា ច្រាំងកស្សិន្ធុនោះភ្ញៀវទេសចរណ៍មានវ័យចំណាស់ក៍មានភាពងាយស្រួលចូលទៅអង្គុយទស្សនាថ្ងៃរះដែរ ព្រោះវាមានទីតាំងជិតផ្លូវដើរចូលទៅបរិវេនប្រាសាទអង្គរវត្ដ។ ជាមួយគ្នានេះទីតាំងនោះ ក៍អាចមើលឃើញថ្ងៃរះឆ្លុះស្រមោល​ ពីក្នុងទឹក ព្រមទាំងមើលឃើញថ្ងៃរៈនៅលើកំពូលប្រាសាសទ​ប្រាំងផង និងនៅលើកំពូលបីផង។ លោកថា គម្រោងដែលត្រូវអោយភ្ញៀវចូលទស្សនាថ្ងៃរះប្រហែលនៅថ្ងៃទី១៩ខែកុម្ភៈនេះ។

បើតាមលោក សុខនី បានបន្ដថា ទីតាំងច្រាំងកស្សិន្ធុទឹកខាងជើងស្ពានហាលខាងមុខអង្គរវត្ដនេះ កន្លងមកបានធ្វើរបងបិត ដើម្បីធ្វើការជួសជុលច្រាំងកស្សិន្ធុមានបីដំណាក់កាលមកហើយ ប៉ុន្ដែមកដល់​បច្ចុប្បន្ននេះជិតរួចរាល់ហើយ។ លោកបានបន្ដថា ទីតាមងនៃការទស្សនាថ្ងៃរះមានពីរកន្លែង នៅប្រាសាទអង្គរ គឺស្រះទឹកខាងជើងនិងស្រះទឹកខាងលិច ស្ថិតនៅក្នុងបរិវេណអង្គរតូច ហើយកន្លែងនោះមានអ្នកទស្សនាច្រើន។ ម៉្យាងទៀត ផ្លូវចូលទៅឆ្ងាយពិបាកដើរ សម្រាប់ភ្ញៀវទេសចរណ៍មានវ័យចំណាស់ ទើបអាជ្ញាធរជាតិអប្សរា នឹងអោយមានកន្លែងទស្សនាថ្ងៃរះបន្ថែម​ទៀត។ លោកមន្ត្រីជំនាញ បានបង្ហាញថា ច្រាំងនិងជណ្តើរថ្មបុរាណនៅព័ទ្ឋជុំវិញគូទឹកនៃប្រាសាទអង្គរវត្ត ដែលធ្លាប់បានទទួលរងគ្រោះដោយដោយធម្មជាតិផង ដោយសារសង្គ្រាមផង និងដោយសារមនុស្សផង បាននាំឱ្យជណ្តើរព័ទ្ឋជុំវិញគូទឹកនៃប្រាសាទអង្គរវត្ត ស្រុតរប៉ាត់រប៉ាយគ្មានសណ្តាប់ធ្នាប់បាត់បង់ទ្រង់ទ្រាយដើម បើទោះបីជាអ្នកជំនាញការជាតិនិងអន្តរជាតិបានរើជួសជួលរៀបចំឡើងវិញតាំងពីទសវត្សរ៍ទី៦០រហូតមកក៍ដោយក្តី។​ បច្ចុប្បន្ននេះ ច្រាំងកសិន្ឋុ និងជណ្តើរថ្មនៃគូទឹកប៉ែកខាងលិចឈៀងខាងជើងនៃប្រាសាទអង្គរវត្ត បាននឹងកំពុងរើរៀបជួសជុលសារឡើងវិញ ដោយមន្ត្រីខ្មែរនៃអាជ្ញាធរជាតិអប្សរា ចំនួនជាង៤០នាក់ ៕

អត្ថបទ៖ គឿនវេត