ស្វែងយល់​ពី សៃ​យ៉ាំ​នៅ​អង្គរ​

សៀមរាប ៖ សៃ​យ៉ាំ បើ​យោងតាម​ឯកសារ​ខ្លះ​ថា ចេញ​ភាសា​ចិន​ដោយ​នៅលើ​ជញ្ជាំង​ច្រក​ខាងត្បូង និង​ខាងលិច​ប្រាសាទ​ វិស្ណុ​លោកៈ ឬ​អង្គរវត្ត មាន​ចម្លាក់​បង្ហាញ​កងទ័ព​ជាតិខ្មែរ​ជំនាន់​អង្គរ។ ព្រះមហាក្សត្រ​ទ្រង់​គង់នៅ​លើ​ខ្នង​ដំរី ក្រោម​ឆត្រ​យ៉ាងច្រើន ពណ៌​មាស និង​ពណ៌​ក្រហម។

នៅខាងមុខ​មាន​នាយ​ទាហាន ជិះ​សេះ​តាម​ជួរ គួរ​ឲ្យ​ស្ងើច។ នៅ​សងខាង និង​នៅ​ខាងក្រោយ កងពល​រាប់​រយ​រាប់ពាន់ កាន់​លំពែង​ និង​ខែល ដើរ​តាម​ជួរ​មាន​របៀប​របៀប​រយ​តាម​វិន័យ នៅខាងមុខ​គេ​បង្អស់​មាន​ទ័ព​មួយ​ក្រុម ដែល​ឃើញ​ថា មិនមែន​ខ្មែរ​ទេ។ ពួកនេះ​ដែល​ខ្លះ​ជិះ​ដំរី ខ្លះ​ដើរ​លើ​ដី មាន​ប្រដាប់​ដោយ​អាវុធ​យ៉ាង​ត្រឹម​ត្រូវ តែមាន​សម្លៀកបំពាក់​ខុសគេ​ទាំងអស់។ ខោអាវ​មាន​របៀប​ប្លែក​លើ​ក្បាល​មាន​ពាក់​ស្លឹកឈើ។ អ្នកសិល្បៈ ដែល​ឆ្លាក់​រូប​នៅលើ​ជញ្ជាំង​ប្រាសាទ​បាន​សរសេរ​ប្រាប់​ថា នេះ​ជា​ពួក «​សៃ​យ៉ាំ​»។
​ ​
អ្នក​បរទេស​ខាង​អឺរ៉ុប ដែល​មិន​យល់​ពី​ចម្លាក់​នេះ​នឹកស្មានថា ខ្មែរ​មើលងាយ​ពួក​សៀម។ លោក​ សើ​ដែ​ស (G.Coedes) និយាយថា «​នេះ​ជា​មនុ​ស្សព្រៃ ដែល​ខ្មែរ​កែន​មក​ធ្វើជា​ពលករ​ស៊ីឈ្នួល​» ការពិត​ពួក​សៃ​យ៉ាំ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ​នេះ មិនមែន​ជាតិ​សៀម​សព្វថ្ងៃនេះ​ទេ។ កាលដែល​ព្រះបាទ​សុរិយា​វរ្ម័ន​ទី​២ (១១១៣-១១៥០) ទ្រង់​សាង​ប្រាសាទ​វិ​ស្នុ​លោកៈ (​អង្គរវត្ត​) ជាតិ​ហៅថា សៀម​នោះ ពុំ​ទាន់​កើត​ទេ។ នគរ​ស​ខោ​ទ័យ ផ្តាច់ខ្លួន​ចេញពី​នគរ​ខ្មែរ កាល​ឆ្នាំ​១២៣៨ ហើយ​នគរ​សៀម​ខាង​អយុធ្យា (Ayulthaya) បានកើត​ឆ្នាំ១៣៨០ គឺ​ច្រើន​សតវត្ស​ក្រោយ​អង្គរវត្ត ឬ​ វិស្ណុ​​លោកៈ​ទៅទៀត។
​ ​
បញ្ចប់សេចក្តី​ទៅ​តើ​ពួក «​សៃ​យ៉ាំ​» នៅ​អង្គរ​នោះ​ជា​អ្នកណា ? នេះ​គឺជា​តិ​មួយ​ដែល​ចិន​ដាក់ឈ្មោះ​ឲ្យ​ថា «​សៃ​យ៉ាំ​» មានន័យថា «​មនុស្ស​នៅ​ក្នុង​ព្រៃ​»។ ពួកនេះ​មាន​ដើមកំណើត​នៅ​តំបន់​ប៉េកាំង​សព្វថ្ងៃ ។ ក្រោយពី​ចិន​សង្កត់​ពេក ពួកនេះ​ក៏​ចុះ​ខាងត្បូង​នៅ​តំបន់​យុន​ណាន (Yun Nan) រួច​មកដល់​ខាងជើង​នគរ​ខ្មែរ​តែម្តង។
​ ​
យើង​ឃើញ​ក្នុង​រឿង​ហនុមាន ថា​តាម អរ​ធៈ​សុ​ត្រា របស់​ព្រាហ្មណ៍​កៅ​តិ​ល្បៈ (Kautilya) កងទ័ព​ដែល​ត្រឹមត្រូវ ត្រូវមាន​កង​ល្អ «​មនុស្ស​ព្រៃ​» ដើរ​ខាងមុខ។ ទ័ព​នៅលើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត វិស្ណុ​លោកៈ គឺជា​ទ័ព​ស្របតាម​ក្បួន តាម​គម្ពីរ​ដែល​ខ្មែរ​បាន​សិក្សា​នៅ​ជំនាន់​នោះ។ ដើម្បីឲ្យដឹងថា​នោះ​ថា​ពេល​មនុស្ស​មកពី​ព្រៃ គេ​ឆ្លាក់​ឲ្យមាន​ស្លឹកឈើ​នៅលើ​ក្បាល​តែម្តង។ ដើម្បី​កុំឲ្យ​​យើង​ច្រឡំ​ទៀត អ្នក​សិល្បករ បាន​សរសេរ​ថា នេះ​ជា​ពួក​សៃ​យ៉ាំ​តាម​ភាសា​ចិន៕


អត្ថបទ ៖ កញ្ញា វ៉ាត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114