ប្ដី​កំណាច​ ខឹង​ប្រពន្ធ និង​បងថ្លៃ​ ស្ដីបន្ទោស​រឿង​ដើរ​ផឹក​ស្រា មិន​ជួយ​ធ្វើការ ទាញ​ផ្លែ​កាំបិត​ខ្វែវ​កាប់​ប្រហារ​

កំពង់ធំ ​៖ ​បុរស​ម្នាក់​​ ខឹង​ប្រពន្ធ និង​បងថ្លៃ​ ស្ដីបន្ទោស​រឿង​ដើរ​ផឹក​ស្រា មិន​ជួយ​ធ្វើការ ទាញ​ផ្លែ​កាំបិត​ខ្វែវ​កាប់​ប្រហារ​ បណ្ដាល​ឲ្យ​របួស​​ កាលពី​ថ្ងៃ​ចន្ទ ០២​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី។

អំពើ​ហង្សា​នេះ ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ ឈ្មោះ អាង អ៊ី អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​តា​ឡែក ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ។

ចំណែក​ជនរងគ្រោះ​​ចំនួន​៣​នាក់​រួមមាន ៖
១/-​ឈ្មោះ សួន សារ៉ាន់ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ត្រូវជា​ប្រពន្ធ រងរបួស​មុត​រយះ​ក្បាល​ផ្នែក​ខាងលើ​ប្រវែង​១៥​ស​.​ម ចំនួន​១​កន្លែង​។​
២/-​ឈ្មោះ សួន សុខ​អេង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ត្រូវជា​បងថ្លៃ រងរបួស​មុត​រយះ​ក្បាល​ខាងឆ្វេង ៦.៥​ស​.​ម មុត​រយះ​ក្បាល​ខាង ស្ដាំ ៦.៥​ស​.​ម មុត​រយះ ក ខាង ស្ដាំ ៥​ស​.​ម និង​ស្មា​ខាងស្ដាំ ៦​ស​.​ម​។​
៣/-​ឈ្មោះ សួន សុខ​អន ស្រី អាយុ​៤៩​ឆ្នាំ ត្រូវជា​បងថ្លៃ រងរបួស​មុត​រយះ​ថ្ពាល់​ខាងឆ្វេង ប្រវែង ៥​ស​.​ម ១​កន្លែង​។​

​តាម​ការ​បំភ្លឺ​របស់​ ឈ្មោះ សួន សារ៉ាន់ ភេទ​ស្រី ត្រូវជា​ប្រពន្ធ​បាន​ប្រាប់​ថា នៅ​ថ្ងៃកើតហេតុ​ប្ដី​របស់​គាត់​ បាន​ផឹក​ស្រា​ស្រវឹង ហើយ​មិន​ជួយ​ធ្វើ​ការងារ​ទេ លុះដល់​ម៉ោង​ប្រហែល​១៨ ​ប្ដី​របស់គាត់​បាន​ត្រឡប់​មកពី​ផឹក​ទៀត ហើយ​មាន​កាន់​ស្រា​ច្រក​ដប​ទឹក​សុទ្ធ​ចំនួន​២​ដប​ ស្មើ​នឹង​១​លីត្រ មក​ផឹក​នៅផ្ទះ។ ឃើញ​ដូច​នោះ​ គាត់​ និង​បងស្រី​ ក៏​ស្ដីបន្ទោស​ថា​ គិតតែ​ពី​ផឹក​មិន​ជួយ​ធ្វើការ​អី​ទេ ពេល​នោះ​ប្ដី​ក៏​របស់​គាត់​​​ខឹង ​ក៏​ដេញ​វាយ​គាត់ និង​បងស្រី​ទាំង ២​នាក់ រត់​ទៅ​នៅ​ចម្ការ​អ្នកជិតខាង។ លុះដល់​ម៉ោង​ប្រហែល​២០ ​ក៏​នាំគ្នា​មកវិញ​គិតថា​ប្ដី​ឈប់​រករឿង ពេលមកដល់​ស្រាប់តែ​ប្ដី​គាត់​រករឿង ហើយ​ក៏​ទាញ​ផ្លែ​កាំបិត​ខ្វែវ​គ្មាន​ដង មក​កាប់​គាត់​ចំ​ពីលើ​ក្បាល​១​កាំបិត។ ឃើញ​ដូច​នោះ​បងស្រី​គាត់​ទាំង ២​នាក់ ចូលទៅ​ជួយ ​ក៏ត្រូវ​ប្ដី​របស់គាត់​កាប់​ឲ្យ​របួស​ទាំងអស់គ្នា ពួកគាត់​ក៏​ប្រវាយប្រតប់​ដណ្ដើមបាន​កាំបិត ហើយ​នាំគ្នា​រត់ចេញ​ពី​ទីនោះ​ទៅ​ឲ្យ​បងប្អូន​ជួយ។ ពេល​នោះ ​បងប្អូន ​បាន​នាំយក​ពួកគាត់​ទាំង ៣​នាក់​មក​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ​ទាំង​យប់។

ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម​ កម្លាំង​សមត្ថកិច្ច​យើង​ បាន​ចុះ​ដល់​ទី​កន្លែង​កើតហេតុ​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕


អត្ថបទ ៖ ប៊ុន រដ្ឋា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114