BREAKING NEWS
Search

ប្អូនស្រីលោក គីម និយាយថា មិនត្រូវការកិច្ចប្រជុំកំពូល អាមេរិក-កូរ៉េខាងជើង ​ទៀតទេ

ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនបាននិយាយនៅថ្ងៃសុក្រនេះថា ​“មិនត្រូវការ” កិច្ចប្រជុំកំពូលមួយទៀតជាមួយសហរដ្ឋអាមេរិកទេដរាបណាទីក្រុងវ៉ាស៊ីនតោនបង្ហាញនូវការផ្លាស់ប្តូរប្រកបដោយភាពម៉ឺងម៉ាត់នៅក្នុងវិធីសាស្រ្តរបស់ពួកគេ។

លោកគីមនិងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានជួបគ្នាលើកដំបូងក្នុងប្រទេសសិង្ហ​បុរីកាលពី២ឆ្នាំមុនប៉ុន្តែកិច្ចពិភាក្សាអំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងត្រូវជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយរវាងមេដឹកនាំទាំងពីរបានដួលរលំនៅដើមឆ្នាំ២០១៩លើអ្វីដែលកូរ៉េខាងជើងសុខចិត្តបោះបង់ចោលជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។

លោកត្រាំបាននិយាយនៅសប្តាហ៍នេះថា លោកពិតជានឹងជួបជាមួយលោកគីមម្តងទៀតប្រសិនបើលោកគិតថាវានឹងមានប្រយោជន៍។

ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េ KCNA ​លោកស្រី គីមយ៉ូចុង ដែលបានក្លាយខ្លួនជាអ្នកប្រឹក្សាយោបល់ដ៏ជិតស្និទ្ធិម្នាក់របស់បងប្រុស​នាងបាននិយាយថា “យើងមិនត្រូវការអង្គុយពិភាក្សាជាមួយសហរដ្ឋអាមេរិកទេឥឡូវនេះ”។

នាងនិយាយថា “ប្រសិនបើកិច្ចប្រជុំកំពូលមួយត្រូវបានធ្វើឡើងមែននោះ វាច្បាស់ណាស់ថា វានឹងត្រូវបានគេប្រើធ្វើជាអំនួតដ៏គួរឲ្យធុញទ្រាន់ដែលកើតចេញពីមោទនភាពរបស់នរណាម្នាក់”។

នាងបានបន្ថែមទៀតថា ការរំសាយអាវុធនុយក្លេអ៊ែរគឺមិនអាចធ្វើទៅបានទេនៅពេលនេះហើយអាចកើតឡើងលុះត្រាតែភាគីម្ខាងទៀតចាត់វិធានការសំខាន់ៗ។

ទោះបីជាយ៉ាងណាក៏ដោយ នាងមិនបាននិយាយចូលទៅក្នុងចំនុចជាក់លាក់នោះទេប៉ុន្តែទីក្រុងវ៉ាស៊ីនតោនដាក់កងទ័ពចំនួន២៨,៥០០នាក់នៅកូរ៉េខាងត្បូងដើម្បីការពារប្រទេសនេះប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួនហើយមានឧបករណ៍ក៏ដូចជាសព្វាវុធយោធាជាច្រើននៅក្នុងប្រទេសជប៉ុននិងតំបន់ប៉ាស៊ីហ្វិក។

ស្របពេលជាមួយគ្នានោះ ទីក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនត្រូវការឃ្លាំងអាវុធនុយក្លេអ៊ែរ​ដើម្បីរារាំងការលុកលុយរបស់អាមេរិកដែលអាចកើតមាន៕ AFP

ដោយ៖ វណ្ណវណ្ណ