BREAKING NEWS
Search

អ្នកស្រុក​អង្គរ​បាន​ស្ម័គ្រចិត្ត​ ប្រគល់​កុលាលភាជន៍​បុរាណ​ចំនួន​២​ ជូន​អាជ្ញាធរ​ជាតិ​អប្សរា ​យកទៅ​អភិរក្ស​និង​ថែរក្សា

ពលរដ្ឋ​ពីរ​នាក់​ នៅ​ភូមិ​តានី​និង​ភូមិ​ធម្មជាតិ​រុន​តា​ឯក នា​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន ប្រគល់​កុលាលភាជន៍​បុរាណ​ចំនួន​ពីរ ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​បំណង​ចូលរួម​ចំណែក​អភិរក្ស​សម្បត្តិ​ដូនតា​ ដែល​មិន​អាច​កាត់ថ្លៃ​បាន​។ ការ​ស្ម័គ្រចិត្ត​ប្រគល់​កុលាលភាជន៍​បុរាណ ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​យក​ទៅ​រក្សាទុក​នេះ គឺ​ក្រោយពី​ពួកគាត់​បាន​យកទៅ​រក្សាទុក​នៅ​សារមន្ទីរ​ឡ​តានី​អស់​ជាច្រើន​ឆ្នាំ​មក​។

កុលាលភាជន៍​ទាំងពីរ ​ដែល​ពលរដ្ឋ​យក​មក​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​នេះ ទី​១​គឺ ភាជន៍​តូច​ហៅថា «​កុណ្ឌី​» មាន​រាង​ដូច​ប៉ាន់តែ គ្មាន​គម្រប កម្ពស់​ប្រមាណ​៩​ស​.​ម​. និង​ទទឹង​១៣​ស​.​ម​. ជា​ប្រភេទ​ភាជន៍​ផុយ គ្មាន​ស្រទាប់​រលោង​ឡើយ​។ ក្រុម​អ្នក​ជំនាញ​នៅ​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា ភាជន៍​ប្រភេទ​នេះ​ស្ថិត នៅក្នុង​សម័យ​ណា​នោះទេ គឺ​ក្រុមការងារ​នឹង​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​នៅពេល​ក្រោយ​។

ភាជន៍ «​កុណ្ឌី​» បាន​រក​ឃើញ​នៅ​ឆ្នាំ​២០១៨ ដោយ​លោក អន់ អម ជា​អ្នកភូមិ​តានី ស្រុក​បន្ទាយ ស្រី ក្នុងពេលដែល​គាត់​ឈូសឆាយដី​ផ្ទះ​ឲ្យ​គេ​នៅក្នុង​ភូមិ​។ បន្ទាប់ពី​រកឃើញ​លោក​ក៏​យកទៅ​រក្សាទុក នៅក្នុង​ផ្ទះ​ដើម្បី​គោរព​បូជា ព្រោះ​ភាជន៍​នេះ​ស្អាត​និង​ជា​របស់បុរាណ​។ លុះ​ដឹង​ថា ​ក្រុម​អ្នក​អភិរក្ស​ចង់​យក​ទៅ​រក្សាទុក លោក អន់ អម ក៏បាន​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​រក្សា​តែម្ដង ដោយ​លោក យល់ថា ក្រុម​អ្នក​ជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​អាច​រក្សាទុក​បានល្អ​ជាង​នៅផ្ទះ​របស់គាត់​។

ចំណែក​ភាជន៍​ធំ​វិញ​មាន​រូបរាង​ស្អាត ល្អ តែ​បែក​មាត់​មួយ​ចំហៀង មាន​កម្ពស់​៤៨​ស​.​ម​. ទទឹង ៣៥​ស.​ម​. ជា​ប្រភេទ​ភាជន៍​រឹង មាន​ស្រទាប់​រលោង​ពណ៌​ត្នោត ប្រគល់​ជូន​ដោយ​លោក ង៉ា ច​ន្ធូ ប្រធានភូមិ​ធម្មជាតិ​រុន​តា​ឯក​។ ភាជន៍​ធំ​នេះ​បាន​រក​ឃើញ​នៅ​ឆ្នាំ​២០១១ នៅពេល​ឪពុកមា​របស់លោក​ភ្ជួរស្រែ​នៅ​ខាងក្រោយ​ប្រាសាទបន្ទាយ​សំ​រ៉ែ​។ បន្ទាប់ពី​ប្រទះឃើញ គាត់​ក៏​យកមក​ដាក់​ក្នុងផ្ទះ រួច​ក៏​យកទៅ​ទុកចោល​ក្នុង​គុម្ព​ឫស្សី​។

​លោក ច​ន្ធូ បាន​សុំ​ភាជន៍​នេះ​ពី​ឪពុកមា​លោក​មក​រក្សាទុក​នា​ឆ្នាំ​២០១២ ហើយ​អះអាង​ថា ភាជន៍​បុរាណ​មួយ​នេះ​ហាក់​ដូច​ជាមាន​វិញ្ញាណ​ឬក៏​ឫទ្ធ​បារមី​អ្វី​ម្យ៉ាង​នៅ​ពេល​លោក​ទុក​ពុំបាន​ល្អ​ដូច​ការសន្យា ដោយ​ច្រក​ក្នុងកា​រ៉ុង ហើយ​ដាក់​នៅ​ក្រោម​គ្រែ​មិន​អើពើ​។ បន្ទាប់មក​ដូចជា​មាន​អ្វី​ម្យ៉ាង​ចេះ​តែ​ធ្វើ​ឲ្យ​លោក​ដេក​មិន​លក់​អស់​៧​ថ្ងៃ និង​ចេះ​តែ​មាន​សំឡេង​រំខាន ជួន​ឮ​សំឡេង​គោះ​គ្រែ វាយ​ជណ្តើរ ឡើង​ជណ្តើរ បើកទ្វារ​ទាំង​ទ្វារ​ជាប់​សោ រហូតដល់​រូបលោក​លបមើល ក៏​មិន​ឃើញ​មាន​អ្វី ប្រាប់​ប្រពន្ធ​ក៏​មិន​ជឿ​។ លុះដល់​យប់​ទី​៧​ប្រពន្ធ​របស់​លោក​ក៏​យល់សប្ដិ​ឃើញ​ថា ​មាន​គេ​មក​គោះទ្វារ​ស្តែងៗ ទើប​ជឿ​។

ម្តាយ​លោក​ឲ្យ​យក​ភាជន៍​នោះ​ទៅ​ទុក​កន្លែង​ដើម​វិញ តែ​លោក​អុជ​ធូប​សុំ​ទុក​នៅ​ភូមិ​តានី​ផ្ទះ​ម្តាយ​មីង។ លុះ​មិត្តភក្តិ​លោក​ឃើញ​ភាជន៍​ស្អាត ក៏​ចង់​ទិញ​យកទៅ​តាំង​លម្អ​នៅផ្ទះ ស្រាប់តែ​កូន​មីង​របស់លោក​ពីរ​នាក់​យល់សប្ដិ​ឃើញ​មាន​សុទ្ធតែ​ស្រីៗ ស្លៀកពាក់​បុរាណ​ដូច​ស្រីស្នំ​ស្តេច ស្រែក​ឲ្យ​ជួយ​ផងៗ មាន​គេ​ចង់​លក់​ខ្ញុំ​ហើយ​។ ដោយសារតែ​ហេតុ​ចម្លែក​និង​ការ​រំខាន លោក ច​ន្ធូ ក៏​សម្រេចចិត្ត​យក​មក​រក្សាទុក​នៅ​សារមន្ទីរ​ឡ​តានី ហើយ​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា ព្រោះ​ជា​កន្លែង​មាន​សុវត្ថិភាព​និង​សុខសាន្ត​ចំពោះ​វត្ថុ​នេះ​។ លោក ច​ន្ធូ បញ្ជាក់​ថា កាល​ទុក​នៅ​ព្រះ​ដាក់ ភាជន៍​នេះ​ក៏​មាន​គេ​ចង់​ទិញ​ដែរ តែ​ក្រោយ​ដឹង​ថា ​ភាជន៍​នេះ​ប្រហែលជា​ដាក់​អដ្ឋិធាតុ​មន្ត្រីជាន់ខ្ពស់ មាន​បុណ្យស័ក្ដិ​ពី​បរម​បុរាណ​ដែល​កប់​មុខ​ប្រាសាទ អ្នកទិញ​ក៏​បដិសេធ ព្រោះ​ខ្លាច​មិន​សុខសាន្ត​។

អ្នក​ជំនាញ​ផ្នែក​អភិរក្ស​កុលាលភាជន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា អ្នកស្រី ស៊ង់ ស្រី​ទូច ឲ្យ​ដឹង​ថា តាម ការពិនិត្យ​សាច់​ដី​និង​ស្រទាប់​រលោង​របស់​ភាជន៍​នេះ គឺ​វា​ប្រហាក់ប្រហែលគ្នា​ទៅនឹង​ភាជន៍​ដែល​គេ​រកឃើញ​ច្រើន​នៅ​តំបន់​ឡ​ទ័ព​ជ័យ បច្ចុប្បន្ន​នៅ​ក្នុង​ស្រុក​ស្វាយ​លើ​ចម្ងាយ​ប្រមាណ​ជាង​៧០​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប​។ ប្រភេទ​កុលាលភាជន៍​ដែល​គេ​រកឃើញ​នៅ​តំបន់​ឡ​ទ័ព​ជ័យ​នោះ ត្រូវ​គេ​សន្និដ្ឋាន​ថា វា​អាច​ផលិត​ឡើង​នៅក្នុង​អំឡុង​ស​.​វ​.​ទី​១១-​ទី​១៣​ ក្នុង​សម័យ​អង្គរ​។

ប្រជាពលរដ្ឋ​ទាំងពីរ​នាក់​ ដែល​បានប្រគល់​វត្ថុ​បុរាណ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​អំពាវនាវ​ដល់ បងប្អូន​ដែល​បាន​ប្រទះឃើញ​វត្ថុ​បុរាណ​គ្រប់​ប្រភេទ សូម​កុំ​លក់ដូរ ​ឬ ​រក្សាទុក​នៅផ្ទះ​ឡើយ ពីព្រោះ​ភាគ ច្រើន​វា​មិនសូវ​ជួប​រឿង​ល្អ​ក្នុង​ជីវិត​នោះ​ទេ​។ សូម​យក​វា​ទៅ​ប្រគល់ជូន​សារមន្ទីរ​ឬ​អ្នកមាន​សមត្ថកិច្ច​ ដើម្បី​អភិរក្ស​ទុក​ជូន​កូនចៅ​ជំនាន់​ក្រោយ​បាន​ឃើញ​និង​សិក្សា​ស្វែងយល់ ក៏ដូចជា​ការស្រាវជ្រាវ​ផ្សេងៗ ពី​ប្រវត្តិ​នៃ​វត្ថុ​បុរាណ​ទាំងនោះ​ផង ពិសេស​គឺមាន​សុវត្ថិភាព៕
អត្ថបទ​និង​រូបភាព ​៖ កញ្ញា ហ៊ីង ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114