ប្រាក់ចំណូលក្រុមហ៊ុន Apple ធ្លាក់ចុះ ខណៈទូរសព្ទ iPhone អាច​ដាច់​ស្តុក ស្របពេលផ្ទុះវីរុស Covid-19

ក្រុមហ៊ុន Apple បានព្រមានវិនិយោគិនកាលពីថ្ងៃចន្ទថា ប្រាក់ចំណូលរបស់ខ្លួននឹងត្រូវរងផលប៉ះពាល់ដោយសារមេរោគឆ្លង Covid-19 ហើយការផ្គត់ផ្គង់ទូរសព្ទ iPhone អាចប្រឈម​នឹង​ការ​ខ្វះខាត។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពរបស់វិនិយោគិនក្រុមហ៊ុន Apple បាននិយាយថា ខ្លួនមិនរំពឹងថានឹងបំពេញបាននូវប្រាក់ចំណូលតាមការកំណត់កាលពីខែមុន សម្រាប់ការបញ្ចប់ត្រីមាសក្នុងខែមីនាខាងមុខនេះទេ។ ក្រុមហ៊ុនបាននិយាយទៀតថា ការងារកំពុងចាប់ផ្តើមឡើងវិញនៅទូទាំងប្រទេស ប៉ុន្តែក្រុមហ៊ុនកំពុងជួបប្រទះនូវបញ្ហាប្រតិបត្តិការយឺតយ៉ាវជាងអ្វីដែលបានរំពឹងទុក។

ប្រតិបត្ដិការផលិតភាគច្រើនរបស់ក្រុមហ៊ុន Apple មានមូលដ្ឋាននៅប្រទេសចិនរងការវាយប្រហារខ្លាំងដោយសារការឆ្លងនៃវីរុស។ ជិតពាក់កណ្តាលនៃប្រជាជនរបស់ប្រទេសនេះកំពុងរស់នៅក្រោមការរឹតត្បិតការធ្វើដំណើរ។

ក្រុមហ៊ុន Apple បានបិទហាងទាំងអស់របស់ខ្លួនជាបណ្តោះអាសន្ននៅប្រទេសចិន។ ខណៈពេលដែលក្រុមហ៊ុនបាននិយាយថា ពេលនេះខ្លួនកំពុងបើកដំណើរការជាបណ្តើរៗវិញ ប៉ុន្តែទីតាំងទាំងនោះបានកាត់បន្ថយម៉ោងធ្វើការ។  ។

ការបិទហាង Apple​ បណ្ដាលឲ្យការផ្គត់ផ្គង់ទូរសព្ទ iPhone ធ្លាក់ចុះដែលនឹងជះឥទ្ធិពលជាបណ្តោះអាសន្នដល់ប្រាក់ចំណូលទូទាំងពិភពលោក។ ក្រុមហ៊ុនរំពឹងថា ការរអាក់រអួលអាជីវកម្មនេះនឹងមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ។ តាមតួរលេខរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ ២០១៩ ការលក់ទូរសព្ទ iPhone បានកើនឡើងជិត ៨% ស្មើនឹង ៥៦ ពាន់លានដុល្លារ។

មិនមែនតែក្រុមហ៊ុន Apple ទេដែលបិទការិយាល័យ សូម្បីក្រុមហ៊ុនអន្តរជាតិធំៗផ្សេងទៀត ក៏បានបិទការិយាល័យនិងរោងចក្ររបស់ខ្លួន ដើម្បីការពារការឆ្លងនឹងវីរុសកូរ៉ូណាដែលបានសម្លាប់មនុស្សរាប់រយនាក់នោះដែរ។ មានក្រុមហ៊ុនខ្លះចាប់ផ្តើមបើកការិយាល័យម្តងទៀត ប៉ុន្តែស្ថានភាពជំនួញនៅតែស្ងប់ស្ងាត់។

យោងតាមប្រភពពីក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលរបស់ប្រទេសចិន ថ្មីៗនេះបានបើកការិយាល័យកណ្តាលរបស់ខ្លួននៅទីក្រុង Shenzhen ដែលមានបុគ្គលិកប្រមាណ ៤ ម៉ឺននាក់។ បុគ្គលិកទាំងនោះបាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនគឺស្របតាមគោលការណ៍ដែលណែនាំឲ្យបើកអាជីវកម្មឡើងវិញ។ ពួកគេបានត្រឡប់ទៅបំពេញកិច្ចការវិញ ប៉ុន្តែបរិយាកាសការងារហាក់មិនប្រសើរ។ បុគ្គលិកភាគច្រើនមុនចូលការិយាល័យត្រូវពិនិត្យសីតុណ្ហាភាពរាងកាយ និងប្រាប់ប្រវត្តិថានៅមុន២សប្ដាហ៍មុននេះ ពួកគេមិនធ្លាប់បានទៅតំបន់អ៊ូហានឬកន្លែងដែលមានផ្ទុះវីរុសទេ ៕

 

ចុចអាន៖  ប្រាក់ចំណូលរបស់នាយកប្រតិបត្តិ Apple ធ្លាក់ចុះជាង ១០ លានដុល្លារនៅចុងក្នុងឆ្នាំ ២០១៩

ទីផ្សារ​ក្រុមហ៊ុន​Apple ​ធ្លាក់ចុះ​ ខណៈ​ពេល​ក្រុមហ៊ុន​ Huawei​ កំពុងកើនឡើង

ប្រែសម្រួល៖ សន្យា