ពលរដ្ឋខ្មែរកាត់ចិនខ្លះកំពុង​គិតថា ឆេងម៉េង(សែនផ្នូរ)នឹងឧបកិច្ចពីផ្ទះទៅ

នេះមិនមែនជាការគិតធម្មតាទេ ។ លោក លី តាត អ្នកធ្វើជ្រូកខ្វៃ​ ដ៏មមារញឹក​ម្នាក់និយាយ​ប្រាប់ខ្លីៗថា អាជីវកម្មបានមានបញ្ហាតំាងពី​ខែមករាមក ។

«សូម្បីកាលចូលឆ្នាំចិន​ក៏ស្ទើទៅហើយ​ដោយសារសេដ្ឋកិច្ច​ឥឡូវមកប៉ះ​គ្រុននេះ​មួយទៀត!»

លោកគិតថា​ការធ្លាក់ចុះនៃបញ្ជីការកុម្ម៉ង់ទិញ ​ជារឿងធម្មតា ដោយសារតែ​ស្ថានការណ៍ពិបាកដើរឆ្ងាយ​និងជួបជុំ គ្រួសារពិតមែន ប៉ុន្តែ​ការសែន​គឺមិនចោលឡើយ​ ដោយអាចសែនពីខាងមុខជីដូនជីតានៅតាម​ផ្ទះទៅបាន។

«សូម្បីតែ​ បុគ្គលិករបស់យើង ក៏កំពុង​មានការភន្តច្រលំនិងភ័យខ្លាច!គាត់គិតថា សត្វអាចឆ្លងដែរ! សំណាង​មានការបញ្ជាក់រួចហើយ ថាសត្វហូបបាន​ធម្មតា នៅយើង ពីមនុស្ស​ទៅមនុស្ស​មិនទាន់ឆ្លងដែរ! មកពីខាងគេទំាងអស់ហើយសត្វក៏មិនឆ្លង !យើងក៏អាចលក់បាន តែព្រំដែនបិទ សាច់អាចថ្លៃឡើងខុសពីឆ្នាំមុនៗ!»នេះជាការព្យាករណ៍​បន្ថែម​របស់អាជីវកម្មជ្រូកខ្វៃរូបនេះ។

ដូច្នេះ​គឺស្ថានភាពកំពុង​បង្ខំឱ្យពលរដ្ឋយើងផ្លាស់ប្តូរទម្លាប់រស់នៅបណ្តើរៗហើយ ​ដោយសារ​កត្តា​មិនអាចជួបជុំសង្គម និង​វិបត្តិហិរញ្ញាវត្ថុ។

បងស្រី គាវ ​សាវឿន អាជីវករលក់ទាន ធូបនៅផ្សារអូឬស្សី បាន​លើកឡើងដែរ​ថា ដំណើរការអាជីវកម្មលើការធ្លាក់ចុះ ៩០ ភាគរយមិនធ្លាប់មាន​ទេក្នុងពេល៣០ឆ្នាំមកនេះ។​

«ផ្សារស្ងាត់ គ្មានមនុស្ស អ្នកជនបទដែលជាម៉ូយដុំ លែងហ៊ានឡើងមក យើង​រកមិនបាន តើមានលុយអីទៅសែន​ជ្រូក​ដែលឡើងថ្លៃទៀត?រឿងសែន ប្រាកដណាស់គឺ ធ្វើឧបកិច្ច​ពីផ្ទះ យើងតាំងកុងម៉ានៅផ្ទះ!»

ស្ថានភាព​នៅទីក្រុងភ្នំពេញ​ដែលហាក់សុភាពស្ងប់ស្ងាត់ថែមឡើងៗនៅគ្រាចុងក្រោយនេះ ដាក់ចេញនូវសំណួរ​ស្រេចហើយ​ថា ចូលឆ្នាំថ្មីប្រពែណីជាតិនឹងប្លែកយ៉ាងណាទៅ។ គ្រប់គ្នា​នឹង​នៅក្នុងផ្ទះ ដូចកាលពីទសវត្សឆ្នាំ៨០ ? សូម្បីអន្សមក៏នឹងវេចខ្លួនឯង?

ហៀង ចិន្តា