អាជ្ញាធរ​ជាតិ​អប្សរា​ នឹងប្រារព្ធ​ខួប​២៥​ឆ្នាំ នៅ​សប្ដាហ៍​ក្រោយនេះ​
BREAKING NEWS
Search

អាជ្ញាធរ​ជាតិ​អប្សរា​ នឹងប្រារព្ធ​ខួប​២៥​ឆ្នាំ នៅ​សប្ដាហ៍​ក្រោយនេះ​

​សៀមរាប ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២០​ខាងមុខនេះ គឺ​មាន​រយៈពេល​២៥​ឆ្នាំ​ហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា ​ត្រូវបាន​បង្កើត​ឡើង អនុលោម​ទៅតាម​គោលការណ៍​មួយ​ក្នុងចំណោម​គោល​ការណ៍​ទាំង​៥ សម្រាប់​លក្ខខណ្ឌ​ នៃ​ការចុះបញ្ជី​រមណីយដ្ឋាន​អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន ក្នុង​នោះ​រួមមាន​ ៖ ការងារ​អភិរក្ស​ជួសជុល​ប្រាង្គ​ប្រាសាទ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ការ​ស្តារ និង​ដាក់​ឲ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណសម័យ​អង្គរ ការ​ជួសជុល និង​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា ជាពិសេស​កិច្ចការ​សហគមន៍​ក្នុង​ក្រុង​/​ស្រុក​ទាំង​៥ នៃ​រមណីយដ្ឋាន​អង្គរ ដែល​ទាំងអស់នេះ បាន និង​កំពុង​ចូលរួមចំណែក​លើកកម្ពស់​ធ្វើឲ្យ​កម្រិតជីវភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​មានការ​ប្រែប្រួល និង​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​។​

​ដើម្បី​រំលឹក ព្រមទាំង​ផ្សព្វផ្សាយ​ពី​ស្នាដៃ​សម្រេច​បាន​ក្នុង​រយៈពេល​២៥​ឆ្នាំនេះ ក៏ដូចជា​ចក្ខុវិស័យ​ការងារ​នា​ពេល​អនាគត អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ស្តង់​ផ្តល់ព័ត៌មាន ដើម្បី​បង្ហាញ ​និង​ឆ្លើយ​សំណួរ​ទូទៅ ការតាំង​ពិព័រណ៍​ស្ដីពី​សមិទ្ធផល​ការងារ បញ្ហា​ប្រឈម និង​ទិសដៅ​ការងារ សម្រាប់​រយៈ​ពេល​ពេញ​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត និង​ ក្រុង​អង្គរធំ​។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ នឹង​បើកទ្វារ​ស្វាគមន៍​ដល់​សាធារណជន ព្រមទាំង​សិស្ស និស្សិត ដើម្បី​សិក្សា​ស្វែងយល់​ពី​ការងារ​ស្ថាប័ន​ដោយ​ផ្ទាល់ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​បើក​ឲ្យ​​ទស្សនា​ដោយ​សេរី មិន​គិត​ថ្លៃ នូវ​សារមន្ទីរ​នានា​ស្ថិត​ក្រោម​ការគ្រប់គ្រង​រ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​។ ដើម្បី​ញ៉ាំង​ឲ្យ​​ព្រឹត្តិការណ៍​ប្រារព្ធ​ខួប​២៥​ឆ្នាំនេះ កាន់តែ​ពោរពេញ​ដោយ​ការ​ចង់ចាំ និង​អធិកអធម​បន្ថែមទៀត អាជ្ញាធរ​ជាតិ​អប្សរា​ នឹង​រៀបចំ​ពិធី​សាសនា​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត ដាក់​ចង្ហាន់​បិណ្ឌបាត​ប្រគេន​ព្រះសង្ឃ​ចំនួន​២២៥​អង្គ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២០​ វេលា​ម៉ោង​៧និង​៣០​នាទី​ព្រឹក​បន្ថែម​ទៀត​។​

​ក្នុងន័យនេះ អាជ្ញាធរ​ជាតិ​អប្សរា សូម​ស្នើ​អញ្ជើញ​សាធារណជន​ទាំងអស់ ចូលរួម​ទស្សនា​ព្រឹត្តិ​ការណ៍ និង​ពិធី​សាសនា​ដូច​មាន​ជម្រាប​ជូន​ខាងលើ​ឲ្យ​បាន​ច្រើន​កុះករ​៕


​អត្ថបទ ៖ គឿន ​វេត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114