អាជ្ញាធរ​ជាតិ​អប្សរា ​កាត់​ដើម​ចំបក់​មួយ​ដើម​ដែល​ប្រឈម​នឹង​ហានិភ័យ ​ដល់​ភ្ញៀវ​ចេញពី​ក្នុង​បរិវេណ​ប្រាសាទ​នាគព័ន្ធ

​សៀម​រា​ប ៖ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​កាត់​ដើម​ចំបក់​មួយ​ដើម ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​មក​ទស្សនា​ប្រាសាទ នៅ​ទីតាំង​ផ្លូវ​ចូល​ប្រាសាទ​នាគព័ន្ធ​ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២០។​

​លោក យិន សុ​វ៉ាត មន្ត្រី​ជំនាញ​មកពី​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន មានប្រសាសន៍ថា ដើម​ចំបក់​មួយ​ដើម​នេះ​ងាប់​ជា​យូរ​មក​ហើយ មែក និង​គល់​របស់​វា​ពុក​ផុយ​ជា​អន្លើ ដែល​អាច​បាក់​ធ្លាក់​បង្ក​ហានិភ័យ​ចំពោះ​ភ្ញៀវ​ដើរ​ឆ្លងកាត់​ចេញចូល​ប្រាសាទ​នាគព័ន្ធ​នេះ​។​

​លោ​ក​ក៏​បន្ត​ទៀត​ថា ដោយសារ​មើល​ឃើញ​នូវ​បញ្ហា​នេះ ទើប​ក្រុមការងារ​សម្រេច​កាប់​ដើម​ចំបក់​នេះ​ចោល ក្នុង​បំណង​បង្ការ​និង​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ ការពារ​កុំឲ្យ​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ប្រាសាទ និង​ដើម្បី​រក្សា​សោ​ភណ្ឌ​បរិវេណ​ប្រាសាទ​ផង​។​

​លោក​បញ្ជាក់​ថា អំឡុង​ពេល​អនុវត្ត​កិច្ច​ការងារ​នេះ ក្រុមការងារ​ក៏បាន​រៀបចំ​ផ្លូវ​វាង​ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ឆ្លងកាត់ និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ក្នុង​ពេល​កាត់​ដើម​ចំបក់​។​​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់ សូម​មានការ​យោគយល់ អធ្យាស្រ័យ និង​ចូលរួម​សហការ ដើម្បី​ឲ្យ​ការអនុវត្ត​ការងារ​បាន​រលូន និង​សុវត្ថិភាព​ខ្ពស់​ទាំង​អស់​គ្នា​។​

គួរ​បញ្ជាក់​ថា នេះ​ជា​ការងារ​ប្រចាំថ្ងៃ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ថែរក្សា​ទេសភាព​វប្បធម៌​ក៏ដូចជា​ថែរក្សា​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ​៕​


អត្ថបទ៖ គឿន​វេត​