ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ច្រឹង ពលរដ្ឋ ចេញចូល​រួមជាមួយ​ក្លិប​Buriram United សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ថៃ ហើយ

​កីឡាករ ច្រឹង ពលរដ្ឋ ខ្សែបម្រើ​កណ្ដាល​ប្រចាំ​ក្រុម​ក្រសួងការពារជាតិ ដែល​ជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ ត្រូវ​បាន​ក្លិប​ធំ​ជាងគេ​នៅ​ប្រទេស​ថៃ​គឺ Buriram United ប្រកាស​ចុះ​កិច្ចសន្យា​នាំ​យក​ទៅ​ចូលរួម​ក្រុម​កាលពីដើម​សីហា ឆ្នាំ​២០១៨​ថ្មីៗ​នេះ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​២​ឆ្នាំ​។

​កីឡាករ ច្រឹង ពលរដ្ឋ បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​នេះ​ខណៈ​រូបគេ​នៅ​មិនទាន់​ជា​ដាច់​ពី​របួស​នៅឡើយ​នោះ​ទេ​។ យ៉ាង​ណា​ក្តី​ស្ថានភាព​ទាំងអស់​នឹង​ប្រសើរ​ព្រមទាំង​មាន​ចំណុច​វិជ្ជមាន​ច្រើន​មុន​ពេល​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ថៃ ដំណើរការ​នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ​។

ក្លិប Buriram United បាន​ប្រកាស​ថា​ ការ​ចុះកិច្ចសន្យា​ជាមួយ ច្រឹង ពលរដ្ឋ គឺ​ដើម្បី​បំពេញ​កៅអី​កូតា​អាស៊ាន​នៅក្នុង​លី​គ​កំពូល​ប្រទេស​ខ្លួន ពោល​គឺ​ក្លិប​នីមួយៗ​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់​ ដោយ​ក្នុង​នោះ​មាន​កីឡាករ​តំបន់​អាស៊ាន​ម្នាក់ តំបន់​អាស៊ី​ម្នាក់​ និង ​៣​នាក់​ផ្សេងទៀត​មិន​កំណត់​ជាតិ​សាសន៍​។ កីឡាករ​កម្ពុជា ទី​៣​ដែល​ទៅលេង​នៅ​លី​គ​កំពូល​ថៃ រូប​នេះ​ទទួល​បាន​ប្រាក់កម្រៃ​ប្រមាណ​ជាង​៥​ពាន់​ដុល្លារ ក្នុង​មួយ​ខែ បូក​ទាំង​រថយន្ដ​មួយ​គ្រឿង និង​ខុន​ដូ​១​ទៀត សម្រាប់​រស់នៅ​ប្រកប​អាជីព​ទៅនោះ​។

នៅក្នុង​កិច្ច​សម្ភាសន៍​លើ Youtube របស់​ក្លិប​កំពូល​តារាង​លី​គ​កំពូល​ថៃ មួយ​នេះ​កីឡាករ ច្រឹង ពលរដ្ឋ រំពឹងថា​ បទពិសោធន៍​នៅ​ក្រៅ​ប្រទេស​របស់​ខ្លួន​នឹង​ពង្រឹងសមត្ថភាព​របស់​គេ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត ក្រោយ​សម្រាក​មួយ​រយៈ​ពេល​ធំ​។ កីឡាករ​រូបនេះ​បាន​ឲ្យ​ដឹង​ថា រូបគេ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ក្លិប Buriram United នៅ​ខែ ធ្នូ ខាងមុខ​ដើម្បី​ហ្វឹកហាត់​ជា​ផ្លូវការ​ខណៈ​ជា​បណ្តោះអាសន្ន​រូបគេ​កំពុង​ហ្វឹកហាត់​ជាមួយ​ក្លិប​ចាស់​ក្រសួងការពារជាតិ សិន​។

សូម​បញ្ជាក់​ថា ច្រឹង ពលរដ្ឋ ធ្លាប់មាន​ពាក្យចចាមអារ៉ាម​ថា ​ក្លិប​បាល់ទាត់ Chonburi FC ដែលជា​សមាជិក​នៃ​លី​គ​កំពូល​ប្រទេស​ថៃ តាម​ប្រមាញ់​យក​ទៅ​ចូលរួម​ក្រុម ក្រោយ​ចប់​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី តែ​ក្រោយមក​ព័ត៌មាន​នេះ​ក៏​ស្ងប់​ទៅវិញ​។ មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ ចាប់ផ្តើម​ក៏មាន​ដំណឹង​មកពី​ប្រទេស​សិង្ហ​បុរី មាន​ក្លិប​តាម​ចាប់អារម្មណ៍​កីឡាករ​រូប​នេះ​ដែរ តែ​ក៏​ស្ងប់ស្ងាត់​ជា​បន្ត​ទៀត​។ រូប​ក៏​បរាជ័យ​ក្នុង​ការផ្ទេរ​ទៅកាន់​ក្លិប​ចំណូល​ថ្មី​វិសាខា ផង​ដែរ និង​ចុងក្រោយ​លេច​ឮ​ថា ​មាន​ក្លិប​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​មក​ទាក់ទង​ដែរ​តែ​មិន​មាន​ដំណឹង​បន្ថែម​។

កីឡាករ​វ័យ​២១​ឆ្នាំ​ រូប​នេះ​ធ្លាប់​ជា​សមាជិក​ក្នុង​ក្រុមយុវជន​ថ្នាល​ប្រចាំ​ក្លិប​ព្រះខ័ន​រាជ (​ព្រះខ័ន​រាជ​ស្វាយរៀង បច្ចុប្បន្ន​) ហើយ​រូបគេ​ត្រូវ​បាន​លោក សំ វ៉ាន់​ដេ​ត ដាក់ឈ្មោះ​ក្នុង​ក្រុម​ឈុត​ធំ​ចាប់ពី​ឆ្នាំ​២០១០ ដល់​២០១៣ ហើយ​ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ រូបគេ​ចូលរួម​ជាមួយ​ក្រុម​ត្រាយ​អាស៊ី (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បច្ចុប្បន្ន​) រហូត​ចាប់ពី​ឆ្នាំ​២០១៥​ដល់​បច្ចុប្បន្ន​រូបគេ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ​។ កីឡាករ​រូបនេះ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី U16,U19,U22 និង​ជម្រើស​ជាតិ​ផងដែរ៕