ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​ដី​ពិត​ បញ្ជាក់​ពី​ភាព​ស្របច្បាប់​ ដែល​តុលាការ​គ្រប់​ជាន់ថ្នាក់​កាត់​អោយ​ឈ្នះក្ដី

ភ្នំពេញ ៖ បន្ទាប់ពី​មាន​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​តូច​ក៏ដូចជា​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នានា​ បាន​បង្ហោះ​ព័ត៌មាន​ថា លោក កើត សារ៉េត អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង សំណង់ ថា បានធ្វើ​ប្លង់​រំលោភ​យក​ដី របស់​ឈ្មោះ មាស សុផាត​(​ហៅ កុយ​) ដែលមាន​ទីតាំងនៅ​ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នាពេល​ថ្មីៗ​កន្លងមកនេះ ​មេធាវី​របស់លោក កើត សារ៉េត បានធ្វើការ​បកស្រាយ​តាមផ្លូវ​ច្បាប់​ក្នុង​គោលបំណង​ការពារ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​បុគ្គល​(​កើត សារ៉េត​)​ថា គាត់​មិនមែនជា​អ្នក​ប្រ​ព្រឹ​ត្ដិ​អំពើ​ថោកទាប​ដូច​បុគ្គល​ឈ្មោះ មាស សុផាត ហៅ កុយ ដើរ​ស្រែក​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាហេតុ​ធ្វើ​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ​នោះឡើយ។

ផ្ទុយទៅវិញ​គឺ​ឈ្មោះ មាស សុផាត ហៅ កុយ ទៅវិញ​ទេ​ជា​បុគ្គល​ខិលខូច​ដែល​លោក កើត សារ៉េត បាន​ហៅ​មក​ស្នាក់នៅ​ឲ្យ​ចាំ​ដី ហើយ​គាត់​បែរជា​មានគំនិត​ទុច្ចរិត​ចង់បាន​ដី​អ្នក​ដទៃ​មក​ធ្វើជា​កម្មសិទ្ធិ​ខ្លួនឯង​ដោយ​គ្មាន​ឯកសារ សំអាង​ជា​ភស្ដុតាង​អ្វី​បន្ដិច​សោះ​។ ហេតុនេះហើយ​ទើបបានជា​តុលាការ​គ្រប់​ជាន់ថ្នាក់​សម្រេចសេចក្ដី​ដោយ​ផ្អែកលើ អង្គហេតុ និង អង្គច្បាប់ រួមជាមួយ​ភស្ដុតាង​នានា​ដែល​បញ្ជាក់ថា បុគ្គល​ឈ្មោះ មាស សុផាត​(​ហៅ កុយ​) គឺ​មិនមែនជា​ម្ចាស់​ដី​ពិតប្រាកដ​ឡើយ ទើប​តុលា​ការកំណត់​ឲ្យ​ឈ្មោះ មាស សុផាត ចាញ់ក្ដី​តាម​អំណាច​សាលដីកា ជា​បន្ដបន្ទាប់ ។​

ក្រុម​មេធាវី​របស់លោក កើត សារ៉េត បានលើកឡើង​បន្ដថា មុន​ពេលដែល​មន្ដ្រី​សូ​រិ​យោ​ដី​ចេញ​ប្លង់​កម្មសិទ្ធិ​ដីជូ​ន​ឈ្មោះ កើត សារ៉េត គឺ​មន្ដ្រី​ជំនាញ​បាន​ចុះទៅ​វាស់វែង​អង្កេត​ក្បាលដី​ច្បាស់លាស់​ដោយមាន​កំណត់​ហេតុ​វាស់វែង​ជា​ភស្ដុតាង​មុនពេល​មន្ដ្រី​ជំនាញ​សម្រេច​ចុះបញ្ជី​ដីធ្លី​ជូន​ម្ចាស់​ដី​ម្នាក់ៗ​ដូចជា​លោក កើត សារ៉េត ជាដើម​គឺ មិនមែន​ធ្វើឡើង​ដោយ​រូបភាព​ផ្សេងៗ​ដូច​ការចោទប្រកាន់រ​បស់​ឈ្មោះ​មាស សុផាត ហៅ​កុយ ដែល​បាន​ដើរ​បរិហារ​កេ​រិ៍្ដ​អ្នក​ដទៃ ដោយ​គ្មាន​ហេតុផល និង ភស្ដុតាង​ច្បាស់លាស់​ឡើយ។ ជាមួយ​បញ្ហា​នេះ​ផងដែរ​ក្រុម​មេធាវី​របស់លោក កើត សារ៉េត បាន​លើកឡើងថា បើសិនជា​ឈ្មោះ មាស សុផាត និង​បណ្ដាញ​អ្នកសារព័ត៌មាន​មួយចំនួន​មិន​ធ្វើការ​បកស្រាយ​បំភ្លឺ​ឡើងវិញ​តាម​ការពិត​ទេ​គឺ បុគ្គល​ទាំងនោះ​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ពីបទ បរិហារ​កេ​រិ៍្ដ​ជា​សារធារណៈ។​

៦​ចំណុច​ខាងក្រោម​នេះ​គឺជា ហេតុផល​ទាំងឡាយ​ដែល​បញ្ជាក់ថា

ឈ្មោះ​មាស សុផាត ហៅ កុយ មិនមែនជា​ម្ចាស់​ដី​ដូច​ការទាមទារ​ឡើយ​
១.​មូល​ហេតុដែល​បណ្តាល​ជួប ឈ្មោះ មាស សុផាត (​ហៅ កុយ​) នៅ​ខែតុលា ឆ្នាំ​១៩៩២ គឺជា​ពេលដែល​ខ្ញុំ​បាន​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ​ជា​លើក​ទី​២ តាមរយៈ​ការណែនាំ​របស់ បងជីដូនមួយ​ខ្ញុំ​ម្នាក់​ឈ្មោះ សុខ ឃីម អោយបាន​ជួប​ឈ្មោះ មាស សុផាត (​ហៅ​កុយ​) នេះ​។ ២. មូលហេតុ​ដែល​ជួយ​អោយឈ្មោះ មាស សុផាត មក​រស់នៅ​លើដី នៅពេលនោះ ស្ថានភាព​ជីវភាព​គ្រួសារ​របស់​ឈ្មោះ មាស សុផាត មាន​ភាពលំបាក​វេទនា​យ៉ាងខ្លាំង ដោយ​គាត់​បាន អះអាងថា គាត់​ត្រូវបាន​ចោរប្លន់ កាលពី​ប៉ុន្មាន​ខែ​កន្លងមក គឺ​គាត់​នៅសល់តែ​ម៉ូតូ​ពណ៌​ព្រីង​ទុំ​ចាស់ មួយគ្រឿង​ធ្វើដំណើរ តែប៉ុណ្ណោះ ។ នៅពេលនោះ គាត់​បានមក​រស់នៅ​ទីក្រុង​ភ្នំពេញ ជាមួយ​ប្រពន្ធ​របស់គាត់​ដែលមាន​ផ្ទៃពោះ ដោយ​បានមក​ស្នាក់នៅ ផ្ទះ​របស់​គ្រួសារ​ម្តាយធម៌​របស់គាត់​ជា​បណ្តោះអាសន្ន​។ ដោយ​មូល​ហេតុថា គាត់​ពុំ​អាច​របស់​នៅ​ស្រុកកំណើត​បាន​តទៅ ទៀតឡើយ ហើយ​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ឈ្មោះ មាស សុផាត គឺ​ទៅ​រៀន​ភាសា និង​រត់​ម៉ូតូឌុប​ជា​បណ្តោះអាសន្ន ទំរាំ​អាច​ដោះស្រាយ រ​កន្លែង​ស្នាក់​នៅបាន​។ ហើយ​គាត់​ក៏បាន​សុំ​អង្វរ អោយ​ខ្ញុំ​ជួយ​យកអាសារ​គាត់ មួយ​រយៈពេល​ខ្ញុំ បាន​ឆ្លើយតប​ទៅ ឈ្មោះ មាស សុផាត វិញ​ថា ចាំ​ខ្ញុំ​គិត​រិះរក​វិធី ដើម្បី​ជួយ​គាត់​ដោយ​នៅពេលនោះ ខ្ញុំ​ពុំទាន់​មាន​ទីតាំង ស្នាក់​នៅឡើយ​ទេ​។ ខ្ញុំបាទ​បាន​ស្នាក់​នៅផ្ទះ​របស់​បងជីដូនមួយ ឈ្មោះ សុខ ឃីម និង​ស្នាក់នៅ​ស​ណ្ឋា​រ​គារ ជា​រៀងរាល់ ថ្ងៃ​។ ហើយ​ឈ្មោះ មាស សុផាត (​ហៅ​កុយ​) ដែលជា​ដើមចោទ តែងតែ​មករក​ខ្ញុំ​ដើម្បី​ឱ្យជួយ​យកអាសារ​គាត់​ជានិច្ច​។ ៣. មូលហេតុ​ដែលនាំឱ្យ​ខ្ញុំ​ទិញ​ដី​នៅលើ​ទីតាំង ដែល​ចុង​ចម្លើយ​បាន​ប្តឹង​ខ្ញុំ សុំ​គ្រប់គ្រង​កាន់កាប់​ដី​នេះ ដោយ​ឈ្មោះ មាស សុផាត (​ហៅ​កុយ​) ត្រូវ​ជាប់​ជា​ញ្ញាតិ​ជា​ក្មួយជីទួតមួយ គាត់​ត្រូវជា​កូន​របស់​បងស្រី​ជីដូនមួយ​ខាង​ម្តាយ​ខ្ញុំ ថែមទាំង​ក្តី​អាណិតអាសូរ​ដល់​ពិការភាព និង​ទទួលរង​គ្រោះ​ពី​ការ​ប្លន់​ផង ខ្ញុំបាទ​បានសម្រេច​ចិត្ត​ថា​គួរតែបង្កើត​អាជីវកម្ម​និង​ទីតាំង​ស្នាក់នៅ​មួយ​ជូន​គាត់​មួយរយៈ​សិន ដូចជា​ការចិញ្ចឹម​សត្វ​និង​ដាំ​ដំណាំ​បន្លែ ដើម្បី​អាចមាន​លទ្ធភាព​ចិញ្ចឹមជីវិត​រស់​ប្រចាំថ្ងៃ​។ នៅ​ចុងឆ្នាំ​១៩៩២ ខ្ញុំបាទ​បានសម្រេច​ចិត្ត​ទិញ​ដី​នៅត្រង់​ទីតាំង​ខាងលើ ដោយ​ចំណាយ​ទឹកប្រាក់​អស់​ចំនួន​៤០​ដំឡឹង (​មាស​កាណាឌីយ៉ា​)​ដោយ​ពុំ​ទិញ​ដី និង​ផ្ទះ ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ រួមជាមួយ​ដី​នៅ​ម្តុំ​រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ទេ ដែលមាន​តម្លៃថោក​ជាង​ទីតាំង​ខាងលើ​ទៀត​។ ៤. លក្ខខណ្ឌ​នៃ​ការ​ស្នាក់​នៅលើ​ទីតាំង​ដី​ដែល​ខ្ញុំ​បាន​ទិញ ឈ្មោះ មាស សុផាត (​ហៅ​កុយ​) បាន​សន្យាថា​ជួយ​មើល​ដី​ឱ្យ​ខ្ញុំ ដោយ​គ្រាន់តែ​ឱ្យ​ខ្ញុំ​ជួយ​ចិញ្ចឹម​គាត់​ថ្លៃ​ម្ហូ​ម និង​មាន ខ្ទម​មួយ​សម្រាប់​ជ្រកកោន​ពេល​ភ្លៀង​តែប៉ុណ្ណោះ​។ ដោយ​យោងតាម​សក្តានុពល​នៃ​ទីតាំង​ដី​ខាងលើ អា​ចរក​ថវិកា​បាន​យ៉ាង​ស្រួល និង​យល់ឃើញថា​ដើមចោទ ពុំមាន ម​ហិ​ច្ច​តា អាក្រក់ ដូច​ពេល​ឥលូវ​នេះ ខ្ញុំ​បាន​ចំណាយ​ថវិកា​បន្ថែមទៀត សម្រាប់ធ្វើ​ផ្ទះមួយ​ដែល​ចំណាយ​ទឹកប្រាក់​អស់ ៤,០០០ ដុល្លារ​។ តាម​ការចំណាយ​ថវិកា និង​មាន​ការជួយ​មើល​ត្រួតពិនិត្យ ក្នុងការ​សាងសង់ របស់​ឈ្មោះ មាស សុផាត (​ហៅ​កុយ​) និង​ប្អូន​របស់​បងស្រី​ម្នាក់​រស់នៅ​ជិតគ្នា ។ បន្ទាប់មក ខ្ញុំ​បាន​ចំណាយ​ថវិកា​ក្នុង​ការទិញ​ត្រី ចិញ្ចឹម​នៅក្នុង​ស្រះ​ដែលមាន​ស្រាប់ និង​ទិញ​ទា ដើម្បី​ចិញ្ចឹម​នៅលើ ទំនប់ ទិញ​ពាង​ធ្វើ​ទឹកត្រី និង​ធ្វើ​ប្រហុក ចំនួន​សែសិប​ពាង ទិញ​មាន់ មេ​ជ្រូក ជីក​អណ្តូង ធ្វើ​រោង​សម្រាប់ធ្វើ​ចំណី​ត្រី​មាន ខ្ទះ​ធំៗ ជា​បន្តបន្ទាប់​។ ៥. រឿងហេតុ​នៃ​ការទិញ​ដី​ពី​ម្ចាស់​ដី ខ្ញុំបាទ​បាន​ទិញ​ដី​ពី​ឈ្មោះ អ៊ុន អយ គាត់​គឺជា​ម្ចាស់​កម្ម​សិទ្ធ​ដី​នៃ​ទីតាំង​ខាងលើ​។ អ្នកលក់​ដី​បាន​គូសបញ្ជាក់​ប្រាប់ ខ្ញុំ​ថា​ក្បាល​នេះ​ជាប់​ថ្នល់ជាតិ​លេខ​៥ ហើយ​កន្ទុយ​ដល់​បឹង មាន​ទំហំ​ប្រហែល​ជាជាង​៤​ហិច​តា និង​បាន​បញ្ចាក់​ប្រាប់​ខ្ញុំ​ទៀត ថា​ឈូក​ដល់​ទីណា ដី​ដល់​ទីនោះ នៅពេល​ចង់បាន​ប្លង់​បន្ថែម​គឺ​ត្រូវ​កែច្នៃ ដី​អោយទៅជា​ស្រះ ឬ​ដាំ​ដំណាំ ដែល​នៅពេល នោះ​មាន​ដើម​ឈូក​ស្រាប់​ដោយ​ឱ្យ​យកទៅ​ថែរក្សា ចាំ​ដល់​ពេលដែល​រដ្ឋអំណាច កំណត់ថា​មាត់បឹង គឺ​ពុំមាន​អ្នករស់នៅ​ក្រោយ​កន្ទុយ​ដី​នេះឡើយ​។ នៅ​ឆ្នាំ​១៩៩៦ ក្រោយពី​ខ្ញុំ​បាន​ទៅ​រស់នៅ​លើដី​ជាប់លាប់ ខ្ញុំ​បានធ្វើ​ប្លង់ដី ហើយ​បន្ទាប់មក ខ្ញុំ​បាន​ចំណាយ​ថវិកា​អស់​ជាង ១​ម៉ឺន​ដុល្លារ​ដើម្បី​ជីក​ស្រះ​បន្ថែម​បន្តទៀត​នៅ​ឆ្នាំ​១៩៩៨ ក្នុងន័យ​ជួយ​ឲ្យ​ឈ្មោះ មាស សុផាត (​ហៅ​កុយ​) ពង្រីក​ចំណូល​បន្ថែម​ដើម្បី​ជីវភាព​ធូរធារ តែ​ផ្ទុយទៅវិញ បែរជា​ចង់បាន​ដី​ទាំងមូល​ដោយ​គ្មាន​ការអៀនខ្មាស់ ។ នៅ​ឆ្នាំ​២០០៣ ខ្ញុំ​បាន​បញ្ជូន​គ្រឿងចក្រ​មួយចំនួន មានដូចជា អេស្កាវ៉ាទ័រ ចំនួន ៣​គ្រឿង អា​ប៊ុល​ឈូសដី​ចំនួន ១​គ្រឿង ដើម្បីអោយ​ទៅ​ជីក​ស្រះ​នៅ​ខាងក្រោយ​បន្ថែមទៀត​។ កំឡុង​ពេលនោះ ឈ្មោះ​មាស សុផាត (​ហៅ​កុយ​) បាន​យក​ថវិកា​​ដែល​ចំណេញ​ពី​អាជីវកម្ម​បន្តិចបន្តួច​កន្លងមក យកទៅ​ប្រើប្រាស់​ក្នុង​ការជីក​ស្រះ​នេះ​បន្ថែម ។ ការចិញ្ចឹម​ជីវិត​ថ្លៃ​ម្ហូបអាហារ ដំបូង​ជិត ២​ឆ្នាំ​គឺជា​បន្ទុក​របស់ខ្ញុំ​ទាំងអស់​។ ពេលនោះ​ខ្ញុំបាទ​ធ្លាប់បាន​សាងសង់​ផ្ទះ​នៅ លើដី​របស់​ខ្ញុំបាទ​ដែរ ហើយ​បាន​រៀប​កម្មវិធី​ឡើងផ្ទះ ដោយមាន​ការចូលរួម​ពី ឯកឧត្តម អ៊ុក ប៉ុន​ឈឿន​និង​លោក ជំទាវ ព្រមទាំង​មេភូមិ ក៏បាន​អញ្ជើញ​មក​ដែរ​។ ភោគផល​ចំណេញ់​ដែល​បានមកពី ការធ្វើ​អាជីវកម្ម​នៃ​ការ​ចិញ្ចឹមសត្វ គឺមាន​ចំណែក ដូច​ពាក្យបណ្តឹង​របស់​ដើមចោទ ត្រង់​លក្ខខណ្ឌ​នៃ​ចំណែក​ក្នុង​ការធ្វើ​អាជីវកម្ម​តែប៉ុណ្ណោះ (​ពុំមែន​កម្ម​សិទ្ធ​ដី​ទេ​)​។ ៦.​ការ​កម្ចី​ប្រាក់​ពី​ធា​នាគារ​កាណាឌីយ៉ា នៅ​លើដី​ខាងលើ ។​

នៅ​ឆ្នាំ​២០១០ ដោយ​ខ្ញុំបាទ​ឈ្មោះ កើត សារ៉េត មាន​បញ្ហា​ហិរញ្ញវត្ថុ ត្រូវការ​ថវិកា​ចំ​បាច់ ដើម្បី​យកទៅ​ប្រើប្រាស់​បង្វិល​។ ខ្ញុំបាទ​បានសម្រេច​ចិត្ត​យក​ប្លង់ដី​នៅ​ទីតាំង​ខាងលើ​ដាក់បញ្ចាំ​នៅ​ធានា​គារ​កាណាឌីយ៉ា និង​ទទួលបាន​ការឯកភាព​ព្រម​ផ្តល់​កម្ចី ពី​លោក​អគ្គនាយក​ធានា​គារ​កាណាឌីយ៉ា គឺ​លោក ពុង ឃាវ​សែ ដែល​បានធ្វើ​នៅ​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១០​។ សរុបមក​តប​តាម​ខ្លឹមសារ​ខាងលើ ក្នុង​កំឡុង​នោះ​ឈ្មោះ មាស សុផាត (​ហៅ​កុយ​) ជា​អតីត​យោធិន ពិការភាព (​ពិការ​ជើង​ម្ខាង​)​និង​ក្រុមគ្រួសារ ដែល​បាន​ជួប​ហេតុការណ៍​អាក្រក់ ត្រូវ​ចោរប្លន់​អស់ទ្រព្យ​សម្បត្តិ​ពី​ខ្លួន​ទាំងស្រុង រស់នៅ​ស្ថិតក្នុង​ភាពលំបាក​វេទនា​យ៉ាងខ្លាំងបំផុត​។ បន្ទាប់ពី​មានការ​អាណិតអាសូរ​ពី​ខ្ញុំ និង​ក្រុមគ្រួសារ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដោយ​ផ្តល់ទុន​ចិញ្ចឹមសត្វ ជីក​ស្រះ​ធំៗ​ចិញ្ចឹម​ត្រី និង​សង់ផ្ទះ​សម្រាប់​ជ្រក លើដី​ខ្ញុំបាទ ដើម្បី​ជួយ​សម្រាល​ជីវភាព​គ្រួសារ​របស់គាត់​។ ខ្ញុំបាទ កើត សារ៉េត សូម​ប្រកាស​ជា​សាធារណៈ​ថា ខ្ញុំបាទ​ពុំមាន​គំនិត​មិនល្អ លួច​យក​ដី​ពី​ឈ្មោះ មាស សុផាត (​ហៅ​កុយ​) ឬ​ធ្វើ​ប្លង់​ដូច​ការចោទប្រកាន់​ឡើយ​។ ផ្ទុយទៅវិញ​ខ្ញុំបាទ​បាន​ចូលរួម​អនុវត្ត​ទៅតាម​នីតិវិធី​របស់​ជំនាញ​សូ​រិ​យោ​ដី នៃ​ការធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ ។ លើសពីនេះទៅទៀត ខ្ញុំបាទ​សូម​សំណូមពរ​ឱ្យ​មហាជន​យល់​ពី​សាច់រឿង​ពិត​ប្រាកដថា ខ្ញុំបាទ​ពិតជា​ម្ចាស់​ដី​ស្របច្បាប់​ពិតមែន ដោយ​យោងតាម​ឯកសារ​ផ្លូវច្បាប់​ជាច្រើន​ជម្រាបជូន​ដល់​សាធារណៈជន ចំណែកឯ​ឈ្មោះ មាស សុផាត (​ហៅ​កុយ​) គ្រាន់តែ​ជា​អ្នក​ចាំ​ដី​តែ ប៉ុណ្ណោះ តែមាន​បំណង​គ្រប់គ្រង​ដី​នេះ​រហូត​មានការ​ប្តឹងផ្តល់​គ្នា​ជាង ១០​ឆ្នាំ មកនេះ​។ ខ្ញុំបាទ​បាន​ឈ្នះក្តី​គ្រប់​តុលាការ​គ្រប់​ជាន់ថ្នាក់ រហូតមកដល់​តុល​ការ​កំពូល​បាន​កាត់ក្តី​ឱ្យ​ខ្ញុំ​ឈ្នះ​បញ្ចប់​ជា​ស្ថាពរ ថែមទាំង​មាន​រូបមន្ត​អនុវត្ត​ទៀត​។ ផ្ទុយទៅវិញ ចំពោះ​លោក មាស សុផាត (​ហៅ​កុយ​) វិញ គឺ​មិនបាន​សុខចិត្ត​ទេ ថែមទាំង​បានដាក់​ពាក្យបណ្តឹង​ស្នើសុំ​ជំនុំ​ជំ​រះ​ក្តី​សារជាថ្មី​ទៅ​តុលាការ​កំពូល​ម្តងទៀត ប៉ុន្តែ​តុលាការ​កំពូល​បាន​ច្រាន​ពាក្យបណ្តឹង​នោះ​ចោល​។​

សូមបញ្ជាក់ថា ចេតនា​របស់​ឈ្មោះ មាស សុផាត ហៅ​កុយ ដើរ​ស្រែ​ករក​យុត្ដិធម៌​ក្រៅ​ប្រព័ន្ធ​ច្បាប់​គឺជា រូបភាព​បំពុលបរិយាកាស​សង្គម​តែប៉ុណ្ណោះ​ហើយ​វប្បធម៌​នេះ​គួរតែ​ឈប់​ប្រើ​ទៅ ដើម្បី​ជាការ​ចូលរួម​លើកកម្ពស់​ច្បាប់ទម្លាប់​ដែល​ប្រទេស​យើង​មានច្បាប់​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ពលរដ្ឋ​គ្រប់រូប​គោរព​ប្រតិបត្ដិ​តាម។ បញ្ហា​មួយទៀត​នោះ វា​ហួសពេល​ទៅ​ហើយ​លើ​វប្បធម៌​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ សម្រាប់​អ្នក​ដែលមាន​ចរិត​ដូច​ឈ្មោះ មាស សុផាត ហៅ កុយ នេះ​ជាដើម៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114