ព័ត៍មានទាន់​ហេតុការណ៏
Search

ខាត់ សុ​ឃីម បំផុស​ឲ្យ​មហាជន​ខ្មែរ​ចូលរួម​លើកស្ទួយ​វិស័យ​អក្សរ​ខ្មែរ​ នៅ​លើ​បណ្ដាញ​សង្គម​

ភ្នំពេញ ​៖ ​តារា​ស្រី​ពហុ​ជំនាញ ​អ្នកនាង ខាត់ សុ​ឃីម ដោយសារ​សង្កេតឃើញ​បច្ចុប្បន្ន​មាន​មហាជន​ខ្មែរ​មួយចំនួនធំ ​បាន​និង​កំពុង​និយម​ការប្រើប្រាស់​ នៃ​ការ​ដាក់ឈ្មោះ​របស់​ខ្លួន​ ជា​ភាសាបរទេស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ នាង​ក៏បាន​បញ្ចេញ​សារ​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​ដូចជា​យុវជន​ខ្មែរ ​ត្រូវ​ងាក​មក​ប្រើ​ភាសាជាតិ​របស់ខ្លួន​វិញ​។​

ការ​បង្ហោះ​របស់​តារា​ស្រី ​អ្នកនាង ខាត់ សុ​ឃីម ខាងលើនេះ​ បានធ្វើ​ឡើង​ស្រប​ពេលដែល​សង្កេត​ឃើញ​យុវជន​ខ្មែរ​មួយ​ភាគ​ធំ​ ហាក់​មានការ​ប្រែក្លាយ​ផ្នត់គំនិត​របស់ខ្លួន ​តា​មរយៈ​ការប្រើ​អក្សរ​បរទេស​ជំនួស​ភាសាជាតិ​(​ខ្មែរ​)​។ ​ខណៈ​មាន​មហាជន​ជាច្រើន​បាន​សម្ដែង​ការគាំទ្រ ​និង​លើកឡើង​ស្រដៀង​គ្នា​នឹង​តារា​ស្រី​រូបនេះ​ផង​នោះ​។​

បង្ហោះ​ភ្ជាប់​ជាមួយ​ប្រយោគ​មួយ​ឃ្លា​ ដែល​បំផុស​មហាជន​តារា​ស្រី​មាន​ប្រជាប្រិយភាព​ និង​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន ​អ្នកនាង ខាត់ សុ​ឃីម បាន​បញ្ចេញ​ទស្សនៈ​របស់ខ្លួន​ មាន​ចេតនា​បំផុស​មហាជន​បែបនេះ​ថា សូម​អ្នក​សរសេរ​អក្សរសាស្ត្រ​ជាតិ​នៅ​លើ FB (Facebook)​ឲ្យ​បាន​គ្រប់ៗ​គ្នា​ផង​ណា (​យើង​រួមគ្នា​ដើម្បី​យើង​)​។​

សូមបញ្ជាក់ថា ការលើកឡើង​របស់​តារា​ស្រី ​អ្នកនាង ខាត់ សុ​ឃីម នាពេលនេះ ​បាន​ធ្វើឡើង​ខណៈ​ពេល​ដែល​មានការ​ទម្លាយ​ប្រយោគ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អំពាវនាវ​ថា ​សូម​ចូលរួម​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់គ្នា ដើម្បី​លើកស្ទួយ​វិស័យ​អក្សរសាស្ត្រ​យើង​។ ​ទន្ទឹមគ្នា​នឹង​ការលើកឡើង​បំផុស​មហាជន​នេះ​ដែរ​ បា​ន​ធ្វើ​ឲ្យ​ អ្នកនាង ខាត់ សុ​ឃីម បញ្ចេញ​សារ​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ទស្សនៈ​បែបនេះ​៕