ព័ត៍មានទាន់​ហេតុការណ៏
Search

ពេជ្រ ចរណៃ បន្ត​សកម្មភាព​មនុស្សធម៌​ ចែក​សម្ភារៈ​សិក្សា ​ដល់​សិស្ស​ជាង​២០០​នាក់​​

ភ្នំពេញ​ ៖​ កញ្ញា ពេជ្រ ចរណៃ ដែល​ត្រូវ​បាន​មហាជន​មួយចំនួនធំ​ស្គាល់​តាមរយៈ​ការ​សម្តែង​ដែល​កំពុង​ឆក់​បាន​ប្រជាប្រិយភាព ​និង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ជា​ច្រើន​នោះ ​កាលពី​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ កន្លងមកនេះ ​បាន​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន ​ចុះទៅ​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​សាលា​បឋមសិក្សា​មួយកន្លែង​ ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​កំពង់ចាម ​ឬ​អាច​និយាយថា​ជា​តំបន់​ដាច់​ស្រយាល​។​

ចំពោះ​សាលា​ដែល​ត្រូវបាន​តារា​សម្ដែង​ស្រី​ កញ្ញា ពេជ្រ ចរណៃ ចុះទៅ​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​មាន​ប្រមាណ​ជាង​២០០​នាក់​នេះ​ មាន​ឈ្មោះថា​ សាលាបឋមសិក្សា​អណ្ដូង​ដៃ ​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម​។​ បើតាម​ការបញ្ជាក់ ​សាលារៀន​មួយ​នេះ​គឺមាន​ចម្ងាយ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ និង​ជា​តំបន់​ដាច់​ស្រយាល​ទៀតផង​។​

តារា​ស្រី​ស្រស់​ស្អាត ​កញ្ញា ពេជ្រ ចរណៃ បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​ថា ​សម្ភារៈ​សិក្សា​ដែល​ត្រូ​វ​បាន​ប្រគល់​ជូន​ដល់​ពួកគាត់​(​សិស្ស​)​រួមមាន ​៖​ សៀវភៅ ប៊ិច ខ្មៅ​ដៃ បន្ទាត់ ជ័យ​លុប និង​កាបូប​ជាដើម​។​

តាមរយៈ​សកម្មភាព​មនុស្សធម៌​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​សាលា​ខាងលើ​នេះដែរ​ ក៏មាន​ការចូល​រួម​សហកា​រ​ពី​សំណាក់​សប្បុរសជន​មួយចំនួនទៀត​ផងដែរ​។​

កញ្ញា ពេជ្រ ចរណៃ បញ្ជាក់ថា​ កត្តា​ដែល​នាំ​ឲ្យ​ខ្ញុំ​ និង​ក្រុមការងារ ​សម្រេច​ចុះទៅ​ចែក​សម្ភារៈ​សិក្សា​ដល់​ទឹកដី​ខេត្តកំពង់ចាម​នេះ ​ក៏​ព្រោះតែ​មើលឃើញ​ការខ្វះខាត​ និង​ដោយមាន​ការ​ស្នើ​សុំ​ពី​ប្រជា​ពលរដ្ឋ​នៅក្នុង​តំបន់​នោះ​។ ​ម្យ៉ាងទៀត​ សម្រាប់​សម្ភារៈ​ដែល​ត្រូវបាន​ចំណាយ​ថវិកា​ទិញ​ទៅ​ចែក​ជូន​ពួកគាត់​នាពេលនេះ ​គឺ​បានមកពី​ការជួយ​ឧបត្ថម្ភ​របស់​សប្បុរសជន​ ហើយ​ពិសេស​នោះ​ គឺ​បងស្រី ស៊ីវ មី តែម្ដង​។​

សូម​បញ្ជាក់​ថា​ នេះ​ពុំមែន​ទើប​ជា​លើក​ទី​១​នោះទេ​ ដែល​តារា​សម្ដែង​ស្រី​សម្ដី​ផ្អែម ​កញ្ញា ពេជ្រ ចរណៃ បានបង្ហាញ​វត្តមាន​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​ជួយ​សង្គម​តាមរយៈ​ការចែករំលែក​ក្តី​ស្រឡាញ់​ដល់​ក្មេងៗ​ សិស្សសាលា ​នៅ​តំបន់​ដាច់​ស្រយាល​តាម​ទី​រួម​ខេត្ត​មួយចំនួន​។

មិនតែប៉ុណ្ណោះ ពេជ្រ ចរណៃ ក៏​ទទួលបាន​ការគាំទ្រ​ និង​លើក​សរសើរ​ចំពោះ​ទឹកចិត្ត​មនុស្សធម៌​នេះ​ពី​មហាជន​ជាច្រើន​៕