ព័ត៍មានទាន់​ហេតុការណ៏
Search

សិល្បករ​ជើងចាស់​៤​រូប​ ទទួល​បាន​អំណោយ​ពី​សមាគម​សិល្បករ​ខ្មែរ​ តាមរយៈ ​នាយ ឃ្លោក​

​ភ្នំពេញ ​៖​ ដោយ​មើលឃើញ​ពី​ភាព​លំបាក​ និង​ការ​ខ្វះខាត​របស់​តារា​សិល្បៈ​ជើងចាស់ ​ដែល​បាត់​បង់​សមត្ថភាព​សម្ដែង, ​សមាគម​សិល្បករ​ខ្មែរ​ ដែលមាន​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជា​ប្រធាន​ បាន​អញ្ជើញ​សិល្បករ​-​សិល្ប​ការិនី​ចាស់ៗ​ ចំនួន​៤​រូប​ មក​ទទួល​អំណោយ​ពី​ខាង​សមាគម​ តាមរយៈ​អតីត​តារា​កំប្លែង ​នាយ ឃ្លោក​។​

សកម្មភាព ​នៃ​ការចែក​អំណោយ​ដល់​សិល្បករ​ជើងចាស់​ទាំង​៤​រូបនេះ​ បាន​ធ្វើ​ឡើង​នៅ​ទីតាំង​សមាគម​សិល្បករ​ខ្មែរ​ កាលពី​ព្រឹក​ថ្ងៃទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ ការប្រគល់​អំណោយ​នេះ ​គឺ​តាមរយៈ​អតីត​តារា​កំប្លែង​ធ្លាប់​មាន​ឈ្មោះ​ល្បី​ លើ​វិថី​សិល្បៈ​ គឺ​ នាយ ឃ្លោក។​

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ខាង​សមាគម​បាន​លើកឡើង​ថា​ នៅ​ព្រឹក​នេះ​ នា​ថ្ងៃទី​៣ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨​សិល្បករ​រៀមច្បង​៤​រូប​មាន​ដូចជា ​៖១.​នាយ គ្រោង ,២.​អ្នក​មីង ណ​យ សំណាង​,៣.អ្នក​មីង សំអឿន​និង​៤.​អ្នក​មីង ណ​យ ស៊ីថា បានមក​ទទួល​អំណោយ​ដែល​ជា​មូលនិធិ​សិល្បករ​ចាស់ជរា​នៅ​សមាគម​សិល្បករ​ខ្មែរ​ផ្ទាល់ ​ដោយមាន​ លោក ទុំ សារុង (​នាយ​ឃ្លោក​) ជា​អ្នក​ប្រគល់​ជូន​ផង​ដែរ​។​

ប្រភព​បាន​លើក​ឡើង​ទៀត​ថា​ សមាគម​ ក៏​សូម​គោរព​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយឧបត្ថម្ភ​ដល់​ “​មូលនិធិ​សិល្បករ​ចាស់ជរា​” ជាពិសេស​ សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដើម្បី​ទ្រទ្រង់​ដល់​សិល្បករ​ចាស់ជរា​ក្នុង​រយៈពេល​៥​ឆ្នាំ​។

សមាគម​សិល្បករ​ខ្មែរ​ដដែល​នេះ​បាន​បន្ថែមថា ​សមាគម​សិល្បករ​ខ្មែរ សូម​គោរព​ជូនពរ​សម្ដេច​ទាំង​ពីរ និង​សប្បុរសជន​ទាំងអស់​ឲ្យ​មាន​សុខ​ភាព​ល្អ​បរិបូណ៌ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​វាងវៃ អាយុ​យឺនយូរ ដើម្បី​ដឹកនាំ​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន ​ថ្កុំថ្កើង ​រុងរឿង​ត​ទៅមុខទៀត​។​

សូមបញ្ជាក់ថា ចំពោះ​អំណោយ​ដែល​ត្រូវ​បាន​សមាគម​សិល្បករ​ខ្មែរ​ឧបត្ថម្ភ​ផ្តល់ជូន​សិល្បករ​ជើងចាស់​ទាំង​៤​រូប​ខាងលើនេះ​រួមមាន​ដូចជា អង្ករ​២​ប៉ាវ ,​មី​២​កេស ,​ត្រីខ​២​យួរ​ និង​ថវិកា​មួយចំនួន​ទៀត​ផងដែរ​។​ ជាការ​កត់សម្គាល់​ សមាគម​សិល្បករ​ខ្មែរ​ តែងតែ​បង្ហាញ​សកម្មភាព​មនុស្សធម៌​ ដើម្បី​ចែករំលែក​អំណោយ​ខាងលើនេះ ​ដល់​សិល្បករ​-​សិល្បការិនី​ជើងចាស់ ​ដែល​បាត់បង់​សមត្ថភាព ​និង​ជួប​ការ​ខ្វះខាត​ជាដើម​៕