ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ជើងចាស់ ​លោក​ យស់ បូ​វណ្ណៈ ត្រឡប់​មកកាន់​កម្ពុជា​សាជាថ្មី​ ដើម្បី​មក​ថត​រឿង​ដុំ​មួយ​ ជូន​ផលិត​កម្ម​មហាហង្ស​រឿង ” លោកឪពុក ”​

​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​ លោក​ យស់ បូ​វណ្ណៈ ​បាន​ត្រឡប់​មកកាន់​កម្ពុជា​សាជាថ្មី​ ដើម្បី​មក​ថត​រឿង​ដុំ​មួយ​ជូន​ផលិតកម្ម​មហាហង្ស​រឿង ​«​លោកឪពុក​»​។ លោក​បានបង្ហាញ​ក្តី​រីករាយ​ពន់ពេក​ដែល​បានបង្ហាញ​ស្នាដៃ​ជូន​ទស្សនិកជន​ ហើយ​អ្វីដែល​ប្លែក​ពិសេស​នោះ​ លោក​ យស បូ​វណ្ណៈ បាន​លើកឡើងថា តួ​សម្ដែង​រលក​ក្រោយ​ ត្រូវ​ចេះ​រួមគ្នា​ ហើយ​កុំ​កើត​ជំងឺ​តួឯក​ មិន​មាន​អ្វី​ប្រសើរ​ឡើយ​។​

នាឱកាស​មកដល់​កម្ពុ​ជា​សាជាថ្មី​ត្រូវបាន​ការរៀបចំ​ពី​ផលិតកម្ម​មហាហង្ស​ ដោយ​បាន​ចាត់ចែង​កម្មវិធី​យ៉ាង​ឱឡារិក​កក់ក្ដៅ​ជូន​លោក បូ​ វណ្ណៈ​។​ គេ​ឃើញ​មាន​រៀបចំ​ពិធីជប់លៀង​អាហារ​ថ្ងៃត្រង់​ជាមួយ​ការជួបជុំ​អ្នកសិល្បៈ​ថ្មី​ចាស់​យ៉ាង​ច្រើន​រួមមាន ​អ្នកនាង​ ច​ន ច័ន្ទ​លក្ខិណា អ្នកស្រី​ ចាន់ តារា​ទី លោក ​អិន សុ​ភិន ភិន ,សុ​ ដា​លី​ស ,ភឹម តារា​វិបុល ,ភី​យ៉ា ,អូន ឧស្សាហ៍ ,យុ​ទ្ឋ ឋានៈ ,លី​លី ព្រម ទាំង​តារា​មួយចំនួនទៀត​ផងដែរ​។​

លោក ​យស បូ​វណ្ណៈ​ បាន​ប្រាប់​ថា​រឿង ​«​លោក​ឪពុក​»​ គឺជា​សាច់រឿង​ប្រកបដោយ​ការ​ដាក់​អារម្មណ៍​ខ្ពស់​មានការ​សម្ដែង​ខ្លាំង ​ដែល​និយាយ​ពី​សង្គម​កម្ពុជា​។ ​អ្វីដែល​លោក​សប្បាយ​ចិត្ត​ បាន​សម្ដែង​ជា​មួយ​តួ​ថ្មី​ចាស់​ ពិសេស​ជាមួយ​ ចាន់ តារា​ទី​ និង​អរគុណ​ដល់​ផលិតកម្ម​មហាហង្ស​ បាន គាស់​កកាយ​តួ​ចាស់ៗ​ជំនាន់​មុន​មក​សម្ដែង​។

​លោ​កថា​ យើង​សិល្បករ ​ត្រូវ​រួមគ្នា​ចេះ​ស្រឡាញ់​ កុំ​គិត​រលក​មុន ​រលក​ក្រោយ​។ ​យើង​ចាត់ទុក​រលក​មុន​ជា​គ្រូ​ ជា​ផ្លូវ​ត្រួសត្រាយ ​ហើយ​រៀនសូត្រ​បន្ត​ កុំ​គិត​តម្កើង​ខ្លួន​ ឬ​មាន​ជំងឺ​តួឯក​។ ​ប្អូនៗ​ សំណាង​ណាស់ ​ដែល​បាន​ថត​ជាមួយ​ប្រភេទ​កាមេរ៉ា​ទំនើបៗ​ ប្រទេសជាតិ​ជឿន​សម័យ​បងៗ​វិញ គឺ​កម្សត់​ណាស់​។​

ចាក​ចេញពី​ទឹកដី​កំណើត​ជាង​១០​ឆ្នាំទៅ ​រស់នៅ​សហរដ្ឋអាមេរិក លោក យស បូ​វណ្ណៈ នៅតែ​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​សិល្បៈ និង​ផលិតករ​ដដែល បើទោះបីជា​លោក​បាន​ផ្អាក​ទទួលយក​ការងារ​សិល្បៈ​ក៏ដោយ​។

លោក​ តែង​បង្ហាញ​វត្តមាន​ជា​ញឹកញាប់​ក្នុង​កម្មវិធី​ជួបជុំ​របស់​អ្នក​សិល្បៈ ពិសេស​កម្មវិធី​ដែល​មាន​វត្តមាន​សិល្បករ​ពី​កម្ពុជា​ទៅ​ច្រៀង​រាំ​ជូន​ជនជាតិខ្មែរ​ស្តាប់ និង​រាំលេង​កម្សាន្ត​នោះ​។​

លោក​ធ្លាប់​ចូលរួម​សម្ដែង​រឿង​ល្បី​មួយចំនួន​ក្នុងសម័យ ​កាលនោះ​មានដូចជា ​រឿង “​បិទ​ភ្នែក​ហែក​ទ្រូង​” (​សម្ដែង​ជាមួយ អ្នកនាង អម្ពរ ទេវី ),​រឿង “​ព្រាននារី​អស់លក្ខណ៍​” (​សម្ដែង ជាមួយ អ្នក នាង អ៊ុ សុវណ្ណនី​) , រឿង “​ទាសី​ស្នេហ៍​” (​សម្ដែង​រួមជាមួយ ចាន់​តារា​ទី​) និង​ក្រោយៗ​មកទៀត ជាមួយ អ្នក​នាង សុខ ស្រីមុំ​, កែវ កល្យាណ និង​តារាៗ​ល្បីៗ​ជាច្រើន​ទៀត​។

​ភាពយន្ត​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចងចាំ​ លោក​មិន​ភ្លេច​នោះ​ គឺ​រឿង​”​ព្រានព្រៃ ​ដំរី​ដេញ​”​ ដែល​បាន​ចាប់​ដៃគូ​សម្ដែង ជាមួយនឹង​លោកស្រី កែវ កល្យាណ​៕