ព័ត៍មានទាន់​ហេតុការណ៏
Search

ការចូលរួម​របស់​កងកម្លាំង​ប្រដាប់អាវុធ មហាជន មន្ត្រីរាជការ ប្រជាពលរដ្ឋ នៅក្នុង​ខឿន​ការពារជាតិ គឺជា​កិច្ច​ការសំខាន់

សៀមរាប ​៖​ នេះ​ជាការ​លើកឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅក្នុង​ពិធី​ចុះសាកសួរ​សុខទុក្ខ របស់​អង្គភាព​សម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា និង​ពិធី​សំណេះសំណាល​ជាមួយ នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​២​នា​ខេត្តសៀមរាប កាលពី​ថ្ងៃអាទិត្យ ទី​២ ខែធ្នូ ឆ្នាំ​២០១៨​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ការជួយឧបត្ថម្ភ​គាំទ្រ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នាពេលនេះ និង​មន្ត្រី​ទាំងអស់​ដែល​បាន​ចូលរួម​សម្ព័ន្ធមេត្រី​ភាពជា​មួយអង្គ​ភាព​កងទ័ព​មួយ​នេះ ពិតជា​មានន័យ​ខ្លាំងណាស់ គឺ​ចូលរួម​ជួយ​ទៅដល់​នាយទាហាន​នាយទាហានរង និង​ពលទាហាន​ទាំងអស់​ដែល​បាន​បំពេញភារកិច្ច​៤០ ឆ្នាំ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​យើង​។ នេះ​គឺជា​ស្មារតី​រួមគ្នា​ខ្លាំងណាស់ ដែល​បាន​ជួយ​គ្នា​ទៅវិញទៅមក គឺ​សមរភូមិ​ក្រោយ​ជួយ​ដល់​កងទ័ព ហើយ​កងទ័ព​បាន​ជួយ​ការពារជាតិ និង​ប្រជាជន​ទាំងមូល​។ នេះ​ពិតជា​បាន​បុណ្យ​កុសល​ច្រើនណាស់ គឺ​បុណ្យ​សម្រាប់​ជាតិ​នេះ និង​ជាតិ​ក្រោយ គឺ​សេចក្តីសុខ​សម្រាប់​យើង​នៅ​ទូទាំងប្រទេស​តែម្តង​។ លោក​បន្តថា ការចូលរួម​របស់​ក​ង​កម្លាំងប្រដាប់អាវុធ ការចូលរួម​របស់​ម​ហា​ជន មន្ត្រីរាជការ ប្រជាពលរដ្ឋ នៅក្នុង​ខឿន​ការពារជាតិ គឺ​សំខាន់​ណាស់ គឺ​យើង​ជួយ​គ្នា​ទាំងអស់គ្នា​។ ប្រជាពលរដ្ឋ មន្ត្រីរាជការ ជួយ​គ្នា ចែករំលែក​គ្នា​ដើម្បី​ជួយ​កងទ័ព​ក្នុងការ​បំពេញភារកិច្ច​។ សម្តេច​តេ​ជោ បានប្រកាស​ជំហរ​ច្បាស់លាស់​នៃ​ការចូលរួម​ពី​មន្ត្រីរាជការ ក្រុមហ៊ុន​ស៊ីវិល និង​ស្ថាប័ន​ជាច្រើន​ឲ្យ​ចូលរួម​ជួយ​គ្នា​ទៅវិញទៅមក និង​បង្កើត​សមិទ្ធផល​ជាច្រើន​បន្ថែម​ទៅលើ​អ្វីដែល​គោល​របប​របស់​រាជរដ្ឋា​ភិ​បាល និង​ក្រសួងការពារជាតិ គឺ​ការចូលរួម​ដោះស្រាយ​នូវ​ការលំបាក​និង​តម្រូវការ​ជាក់ស្តែង​ដើម្បី​យើង​កងទ័ព​យើងទាំងអស់គ្នា​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ទៀតថា ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​យើង​អបអរ​សាទរ​នៅ​ខួប​៤០ ឆ្នាំ​ថ្ងៃ​២​ធ្នូ នៃ​ការបង្កើត​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែលជា​មូលដ្ឋាន​យើង​ចាប់ផ្ដើម​ឈានទៅដល់​ការដណ្តើម​ជ័យជំនះ​នៅ​ថ្ងៃ​៧​មករា ហើយ​ឈានទៅដល់​ការធ្វើសកម្មភាព និង​ការពង្រឹង​កសាង​ជាតិ​រហូត​ទៅដល់​ការបញ្ចប់​សង្គ្រាម​នៅ​ឆ្នាំ​១៩៩៨​។ នៅសល់តែ​២៧ ថ្ងៃ​ទៀត​ប៉ុណ្ណោះ យើង​នឹង​ប្រារព្ធ​ពិធី​ខួប​ទី​២០ នៃ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បញ្ចប់សង្គ្រាម​៥០០ ឆ្នាំ​នៅក្នុង​ប្រទេស​របស់​យើង​។ បើ​យើង​មិនមាន​នយោបាយ​ឈ្នះ​ឈ្នះ​ទេ ប្រហែលជា​វាយ​ប្រយុទ្ធ​គ្នា​ហែក​ប្រទេស​យើង​មិនដឹង​ជា​ប៉ុន្មាន​កង់​នោះទេ​។ អញ្ចឹង​ហើយ​បាន​ថ្ងៃនេះ​និង​នៅក្នុង ខែ​នេះ មានការ​អបអរសាទ​រ​ជាច្រើន​នូវ​អ្វីដែល​យើង​មាន​។ លោក​បញ្ជាក់ថា នាយទាហាន នាយទាហានរង និង​ពលទាហាន​នៅក្នុង​កងពលធំ​លេខ​២ ក៏ដូចជា​នៅ​ទូទាំង​កងទ័ព បានធ្វើ​ពលី​កម្ម​ច្រើនណាស់​នៅក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។ កងពលធំ​លេខ​២ ក៏បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិ​ការការពារ​ការ​ពារ​បូរណភាព​ទឹកដី​។ អញ្ចឹង​អ្វីដែល​យើង​និយាយ គឺជា​តថភាព​ជាក់ស្ដែង​នៃ​ការ​ការលំបាក និង​លទ្ធផល​ដែល​យើង​មាន​។ អ្វីដែល​យើង​អបអរសាទរ​នៅថ្ងៃនេះ គឺ​យើងទាំងអស់គ្នា ជាពិសេស​នាយទាហាន​ជំនាន់​ក្រោយ​ត្រូវ​ដឹង និង​ចាំ​ឲ្យ​ច្បាស់​ពី​គុណូបការៈ​របស់​នាយទាហាន វីរ​យុទ្ធជន​យើង ដែល​បាន​លះបង់​ជីវិត​នៅក្នុង​បុព្វហេតុ​រំដោះប្រទេស​ជាតិ និង​កសាង​ប្រទេសជាតិ​មកដល់ពេលនេះ ហើយ​យើង​ត្រូវ​ត្រៀមលក្ខណៈ​បន្ត​ការការពារ​ទឹកដី​របស់​យើង​ទៅ​ថ្ងៃមុខ កុំឱ្យ​សង្គ្រាម​និង​ការបែកបាក់​ឬ​ការឈ្លានពាន​នៅលើ​ទឹកដី​របស់​យើង​។​នេះ​គឺជា​គោលការណ៍​សំខាន់​របស់​រាជរដ្ឋាភិបាល​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀតថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​នៅក្នុង​ការលើកស្ទួយ​ជីវភាព​កងទ័ព ពង្រឹង​កងទ័ព ការហ្វឹកហ្វឺន ការកសាង​ជម្រក​ស្នាក់នៅ ការបំពាក់​សម្ភារ​:​ដើម្បី​ត្រៀមប្រយុទ្ធ​។ ជាពិសេស​មិន​ត្រឹមតែ​យកចិត្តទុកដាក់​នៅក្នុង​គោល​របប​របស់​កងទ័ព​នោះទេ គឺមាន​ការចូលរួម​ពី​មហាជន ជាពិសេស​ការចូលរួម​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​នៅពេល​នេះ គឺ​សំខាន់​ណាស់ ដើម្បី​ផ្ដល់​ដល់​យោធិន​របស់​យើង ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​។​

តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​ណែនាំ​ឲ្យ​មេបញ្ជាការ ដឹកនាំ ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ពង្រឹងសមត្ថភាព​រប​ស់​កងកម្លាំង​របស់​យើង​។ ដែល​នេះ គឺជា​មោទនភាព​របស់​យើង​ដែលមាន​មេដឹកនាំ​ដែល​គិតគូរ​អំពី​កងទ័ព​ជាពិសេស លោក​បាន​គិតគូរ​គ្រប់​វិស័យ​ទាំងអស់​។ យើង​គ្មាន​ថវិកា​ធំ​ដូច​ប្រទេស​មួយចំនួន​ ប៉ុន្តែ​យើង​ក៏​មិន​ដេក​ស្តូក​នោះដែរ គឺ​យើង​ខិតខំ​កៀរគរ​ដើម្បី​សម្រេច​ភារកិច្ច​។ នេះ​គឺជា​អ្វីដែល​ជាការ​ខិតខំ​ប្រឹង​ប្រែង និង​ការចូលរួម​ជាច្រើន​របស់​អង្គភាព​ដែលជា​សម្ព័ន្ធមេត្រីភាព​ជួយ​ដល់​កងទ័ព​របស់​យើង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114