ព័ត៍មានទាន់​ហេតុការណ៏
Search

AFF Suzuki Cup ៖​ ម៉ាឡេស៊ី ស្មើគ្នា​ជាមួយ​ថៃ ខណៈ​ហ្វីលីពីន ចាញ់​វៀតណាម ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ

ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 កំពុង​ដំណើរការ​ប្រកួត​នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ ស្រប​ពេល​ដែល​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី បាន​ត្រឹម​ស្មើគ្នា​ជាមួយ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ថៃ កាលពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ ហើយ​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន បាន​រង​បរាជ័យ​ដោយ​ថ្វី​ជើង​ក្រុម​ខ្លាំង​ពី​ពូ​ល A គឺ​វៀតណាម​។

ចំពោះ​ជើង​ទី​១ នៃ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​នេះ​ក្រុម​ម៉ាឡេស៊ី បាន​បើកទ្វារ​កីឡដ្ឋាន​Bukit Jalil National Stadium ក្នុង​រដ្ឋធានី​កូ​ឡា​ឡំ​ពួរ​របស់​ខ្លួន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ថៃ ដោយ​លទ្ធផល​០​ទល់​០ ក្រោម​ការ​កាត់សេចក្តី​ពី​សំណាក់​អាជ្ញាកណ្ដាល​ជនជាតិ​អូ​ម៉​ង់ Ahmed Al-Kaf ដែលមាន​ទស្សនិកជន​ចូល​ទស្សនា​ចំនួន​៨៧៥៤៥​នាក់​។ សម្រាប់​ប្រកួត​ជើង​ទី​២ នឹង​ប្តូរ​ទៅ​ធ្វើ​ឡើង​នៅ​រាជធានី​បាងកក វិញ​ម្តង​ដោយ​ក្រុម​ថៃ ទទួល​ក្រុម​ម៉ាឡេស៊ី នៅ​កីឡដ្ឋាន Rajamangala Stadium នៅវេលា​ម៉ោង​៧​ល្ងាច​ថ្ងៃ​ពុធ ទី​៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។

ចំណែក​ក្រុម​ហ្វីលីពីន បាន​ប្រកួត​ចាញ់​ក្រុម​វៀតណាម ២​ទល់​១ លើ​ទីលាន​កីឡដ្ឋាន Panaad Stadium ក្នុង​ទីក្រុង​Bacolod ដែល​កាត់សេចក្តី​ដោយ​អាជ្ញាកណ្ដាល​ជនជាតិ​កាតារ​Abdulrahman Al-Jassim ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​៥​ពាន់​នាក់​។ ប្រកួត​ជើង​ទី​២​រវាង​ក្រុម​ទាំង​២​នឹង​ប្តូរ​ទៅធ្វើ​នៅ​រដ្ឋធានី​ហាណូយ វិញ​ម្តង​ដោយ​ក្រុម​វៀតណាម ទទួល​ក្រុម​ហ្វីលីពីន នៅ​វេលា​ម៉ោង​៧និង៣០​នាទី​យប់ ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី៦​ ខែធ្នូ ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន​Mỹ Đình National Stadium​។

តាម​គម្រោង​ក្រុម​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ក្រោយ​ប្រកួត​កាត់សេចក្តី​ចំនួន​២​ជើង​នេះ​រួច នឹង​ទទួល​កៅអី​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ចំនួន​២​ជើង​ទៀត ដោយ​ជើង​ទី​១ ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែធ្នូ ហើយ​ជើង​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​។ គិត​ត្រឹម​ពេលនេះ​កីឡាករ​ថៃ Adisak Kraisorn កំពុងតែ​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​គូប្រកួត​បាន​ច្រើន​ជាង​គេ​គឺ​៨​គ្រាប់​ម្នាក់ឯង​។

សូម​បញ្ជាក់​ថា​ ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​គឺ​ទី​ម័​រ​ខាងកើត​។ ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ចំនួន​២​ក្រុម​ តាម​ពូ​ល​នីមួយៗ​មាន​ឡើង​ទៅលេង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​ជា​បន្ត​ដើម្បី​រក​ម្ចាស់​ជើងឯក​ប្រចាំ​សម័យកាល​។ តាម​គម្រោងការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨៕