ព័ត៍មានទាន់​ហេតុការណ៏
Search

រង​របួស​ធ្ងន់​ស្រាល​បី​នាក់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ

តាកែវ​ ៖​ ជនរងគ្រោះ​បី​នាក់​ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ កើតឡើង​នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨​និង​២០​នាទី ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៦-៧៧ ក្នុង​ភូមិ​អង្គ​ត្នោត​ខាងកើត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ។

ប៉ូលិស​ចរាចរណ៍​ស្រុក​ត្រាំកក់​បាន​ប្រាប់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​គុប​ជ្រុង សេ​៥០ ពណ៌​បៃតង​ចាស់ ពាក់​ស្លាកលេខ តាកែវ 1F-8901 បើកបរ​ដោយ​ឈ្មោះ វ៉ាន់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​បាក់​កូដ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ រងរបួស​ស្រាល និង​មាន​អ្នករួមដំណើរ​ម្នាក់​ពីក្រោយ​ឈ្មោះ ស៊ីណា ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់​។

ប៉ូលិស​បន្តថា ជនរងគ្រោះ​ទាំងពីរ​នាក់​បើកបរ​មកពី​ទិស​ខាងជើង លុះ​បើកបរ​មកដល់​ចំណុច​ខាងលើ ​ក៏បាន​បត់​ឆ្លង​ថ្នល់​ទៅ​ទិសខាងកើត ​ខណៈនោះ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ដែល​មកពី​ក្រោយ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FM-9406 បើកបរ​ដោយ​ឈ្មោះ ឡុ​ញ សុ​បុត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ រងរបួស​ស្រាល​។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំងបី​នាក់​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​អង្គតាសោម ចំណែក​វត្ថុតាង​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕