ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​ភ្នំពេញ​ក្រោ​ន ប្រកាស​បង្ហាញមុខ​សមាជិក​ថ្មី​ចំនួន​៥​នាក់​នៅ​ថ្ងៃ​ពុធ នេះ

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល បានប្រកាសថា​នឹង​បង្ហាញ​សមាជិក​ថ្មី​ចំនួន​៥​នាក់​នៅ​ថ្ងៃ​ពុធ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​វេលា​ម៉ោង​៣:០០ រសៀល​ក្នុង​បរិវេណ​កីឡដ្ឋាន RSN Stadium ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ក្លិប​មួយ​នេះ​បានតែងតាំង​ក្បាលម៉ាស៊ីន សំខាន់ៗ​មួយចំនួន​ក្រោយ​ចប់​រដូវ​កាល​ចាស់​។

​ប្រភព​ស្និទ្ធស្នាល​នឹង​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បញ្ជាក់ថា​សមាជិក​ថ្មី​ទាំង​៥​នាក់​នោះ​មាន​កីឡាករ​ចំនួន​៤​នាក់ ខណៈ​មាន​ម្នាក់ទៀត​ជា​គ្រូ​ជំនួយ​។ ពួកគេ​ទាំង​៥​នាក់​សុទ្ធសឹង​ជា​ជនជាតិ​បរទេស​ទាំងអស់​។ យ៉ាងណាក្តី​អ្វីៗ​នឹង​បង្ហាញឱ្យឃើញ​ជាក់ច្បាស់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ទាំងអស់​។​

​ថ្មីៗ​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន បានតែងតាំង​ក្បាលម៉ាស៊ីន ថ្មី​ក្រោយ​ជម្រុះ​ថ្នាក់ដឹកនាំ​ចាស់​អស់​បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ចំណែក​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្លិប​មានដូចជា លោក លី ហៀ​ង ជា​អ្នកចាត់ការ​ទូទៅ​ក្លិប ចំណែក លោក Leonardo Vitorino ជា​គ្រូ​បង្គោល​ថ្មី ស្របពេល​ប្អូនប្រុស​របស់ខ្លួន Luis Fernando Vitorino កាន់តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​ឈុត​ធំ​។ អតីត​គ្រូ​វេ​ស្ទើ​ន លោក ស៊ុំ វណ្ណា បានទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ ខណៈដែល​អតីត​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​។​

​សូមបញ្ជាក់ថា​ នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ​៥​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោលគឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន ទាត់​បញ្ចូល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៤​ទល់​៣ ក្រោយ​ប្រកួត​ស្មើគ្នា​ទាំង​២​ជើង​៤​ទល់​៤៕