ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ចង់​ពិភាក្សា​ជាមួយ​លោក Putin និង​លោក Xi ដើម្បី​បញ្ចប់ “​ការប្រកួតប្រជែង​សព្វាវុធ​ដែល​មិនអាច​គ្រប់គ្រង​បាន​”

​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ចន្ទ​បានស្នើ​ឲ្យ​មាន​កិច្ចពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន​និង​រុស្ស៊ី​ក្នុង​គោលបំណង​បញ្ឈប់​នូវ​អ្វីដែល​លោក​ពណ៌នា​ថា​ជាការ​ប្រកួតប្រជែង​អាវុធ “​ដែល​មិនអាច​គ្រប់គ្រង​បាន​”​។​

​មតិយោបល់​របស់លោក Trump បាន​ធ្វើឡើង​បន្ទាប់ពី​ការប្រកាស​ខែតុលា​ដែល​ក្នុងនោះ​លោក​បាន​និយាយថា លោក​នឹង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម (INF) ដែលជា​កិច្ចព្រមព្រៀង​សង្គ្រាមត្រជាក់​ជាមួយ​រុស្ស៊ី​ដើម្បី​កាត់បន្ថយ​ចំនួន​មី​ស៊ី​ល​។​
​ក្រុម​អ្នក​រិះគន់​បាន​និយាយថា ការដកខ្លួន​នឹងធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​សព្វាវុធ​ថ្មី​ជាមួយ​ប្រទេស​រុស្ស៊ី​។ លោក Trump បាន​និយាយ​នៅពេលនោះ​ថា លោក​នឹង​បង្កើន​ស្តុក​នុយក្លេអ៊ែរ​របស់​អាមេរិក​។​

​ក្នុងការ​បង្ហោះ Twitter កាលពី​ព្រឹក​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី​បាន​និយាយថា “​ខ្ញុំ​ជឿជាក់ថា នៅពេលណា​មួយនា​អនាគត លោក​ប្រធានាធិបតី Xi និង​ខ្ញុំ​រួមជាមួយ​លោក​ប្រធានាធិបតី Putin នៃ​ប្រទេស​រុស្ស៊ី​នឹង​ចាប់ផ្តើម​ពិភាក្សា​អំពី​ការបញ្ឈប់​ដ៏​មាន​អត្ថន័យ​ចំពោះ​អ្វីដែល​បាន​ក្លាយទៅជា​ការប្រកួត​ប្រជែង​អាវុធ​ដ៏​ធំ​និង​មិនអាច​គ្រប់គ្រង​បាន​”​។​

ករ​បង្ហោះ Twitter របស់លោក Trump បាន​កើតឡើង​ក្រោយ​កិច្ចប្រជុំ​ចុង​សប្តាហ៍​ជាមួយ​លោក Xi អំឡុង​ជំនួប​កំពូល G20 នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ដែល​ក្នុងនោះ បណ្តា​មេដឹកនាំ​បាន​អំពាវនាវ​ឲ្យ​មានការ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ឡើង​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​។​

កិច្ចព្រមព្រៀង INF ឆ្នាំ​១៩៨៧​មិនបាន​គ្របដណ្តប់​លើ​ប្រទេស​ចិន​ទេ​ហើយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​លុបបំបាត់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​និង​មធ្យម​។​
​កាលបរិច្ឆេទ​សម្រាប់​ការដកខ្លួន​ជា​ផ្លូវការ​របស់​សហរដ្ឋអាមេរិក​ពី​សន្ធិសញ្ញា​នេះ​មិនទាន់​បានកំណត់​នៅឡើយ​ទេ​ដែល​អាច​ទុក​ផ្លូវ​សម្រាប់​ដំណោះស្រាយ​ដែល​អាចធ្វើ​ទៅបាន​ហើយក៏​អាចមាន​ពាក់ព័ន្ធ​ទាំង​ជាមួយ​ប្រទេស​ចិន​ផងដែរ​។​

ការសម្រេចចិត្ត​របស់​លោក Trump ក្នុងការ​ដកខ្លួន​ចេញពី INF បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជាទូទៅ​ហើយ​មន្ត្រីរដ្ឋបាល​បាន​ចូលរួម​នៅក្នុង​យុទ្ធនាការ​ទំនាក់ទំនង​សាធារណៈ​ជាមួយ​មេដឹកនាំ​អ៊ឺរ៉ុប​និង​អ្នកកាសែត​ដើម្បី​ពន្យល់​ពី​ការដកខ្លួន​នេះ​៕ AFP