ព័ត៍មានទាន់​ហេតុការណ៏
Search

ថៃ​បន្ត​ការឃុំ​ឃាំង​កីឡាករ​បាល់ទាត់​ជា​ជនភៀសខ្លួន​មកពី​ប្រទេស បា​រ៉ែ​ន​

មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កីឡាករ​បាល់ទាត់​ជា​ជនភៀសខ្លួន​ម្នាក់​មកពី​ប្រទេស​បា​រ៉ែ​ន​ត្រូវបាន​ឃុំខ្លួន​រយៈពេល​១២​ថ្ងៃ​ទៀត​នៅក្នុង​ប្រទេស​ថៃ ​ខណៈដែល​ក្រុម​សិទ្ធិមនុស្ស​មួយ​បាន​រិះគន់​អំពី “​សង្គ្រាម​អូសបន្លាយ​ពេល​” លើ​ជោគវាសនា​របស់គាត់​។​

លោក Hakeem Alaraibi ដែលជា​អតីត​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​ត្រូវបាន​បញ្ឈប់​នៅ​កន្លែង​ពិនិត្យ​លិខិតឆ្លងដែន Interpol បន្ទាប់ពី​ទៅដល់​ប្រទេស​ថៃ​ពី​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា​សម្រាប់​វិស្សមកាល​ជាមួយ​ប្រពន្ធ​របស់គាត់​។​

បុរស​វ័យ​២៥​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ផ្តល់​ឋានៈ​ជនភៀសខ្លួន​អោយនៅ​ក្នុងប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​២០១៧​ហើយ​បាន​និយាយ​អំពី​ការចាប់ខ្លួន​និង​ការវាយដំ​នៅ​ដើម​បាតុកម្ម Arab Spring ក្នុង​រដ្ឋ​ឈូង​សមុទ្រ​នៅ​ឆ្នាំ​២០១២​។​

គាត់​ត្រូវបាន​ផ្តន្ទាទោស​កំបាំងមុខ​លើ​បទចោទប្រកាន់​បំផ្លិចបំផ្លាញ​ស្ថានីយ៍​ប៉ូលិស​ប៉ុន្តែ​បាន​និយាយថា គាត់​កំពុងស្ថិត​នៅក្រៅ​ប្រទេស​ស​ម្រា​ប់​ការប្រកួត​មួយ​ចំពេល​មាន​បទល្មើស​នោះ​។​
​ប្រមុខ​ផ្នែក​អន្តោប្រវេសន៍​ថៃ​លោក Surachate Hakparn បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា លោក Alaraibi ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​សម្រាប់​រយៈពេល​១២​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​៣​ខែធ្នូ​ទៅ​ដើម្បី​ផ្តល់​ពេលវេលា​អោយ​អាជ្ញាធរ​ពិនិត្យមើល​ឯកសារ​ដែល​ដាក់​ដោយ​ប្រទេស​បា​រ៉ែ​ន​។​

លោក Surachate បាន​និយាយថា ឯកអគ្គរាជទូត​អូស្ត្រាលី​បាន​ប្រាប់​លោក​ថា ក្រុង​កង់​បេ​រ៉ា​ចង់​ឲ្យ​កីឡាករ​រូបនេះ​ត្រឡប់មកវិញ​។ លោក​បាន​បន្ថែមថា “​ប្រសិនបើ​មាន​ភស្តុតាង​ថា​ដីកាចាប់ខ្លួន​មិន​ត្រឹមត្រូវ​នោះ បន្ទាប់មក​ផ្នែក​អន្តោប្រវេសន៍​នឹង​បញ្ជូន​គាត់​ទៅកាន់​ប្រទេស​អូស្ត្រាលី​”​។​

ស្ថានទូត​បា​រ៉ែ​ន​នៅ​ទីក្រុង​បាងកក​មិនបាន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​សំណើសុំ​យោបល់​ទេ​។​
​គួរ​បញ្ជាក់ថា កីឡាករ Alaraibi បាន​លេង​អោយ​ក្លឹប​ពាក់កណ្តាល​អាជីព Pascoe Vale FC នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន​និង​បានមក​ប្រទេស​ថៃ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​មុនពេល​ត្រឡប់​ទៅ​ហ្វឹកហាត់​វិញ​៕ AFP