ព័ត៍មានទាន់​ហេតុការណ៏
Search

Keisuke Honda នៅតែ​លើកឡើង​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា ទោះបីជា​ចប់​បេសកកម្ម​ក្នុង​ពាន​AFF Suzuki Cup ក៏ដោយ

Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ជា​កីឡាករ​នៅ​ក្លិប Melbourne Victory សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​អូស្ត្រាលី (A-League) បាន​បង្ហោះ​សារ​ថ្មី​លើកទឹកចិត្ត​ដល់​កីឡាករ​ជម្រើសជាតិ​កម្ពុជា​គ្រប់រូប ទោះបីជា​ដឹង​ថា ​ត្រូវ​ប្រឈម​ឧបសគ្គ​ជាច្រើន មិនអាច​គេចវេស​ក៏ដោយ​។ សារ​នេះ​បង្ហោះ​ចេញ​ស្រប​ពេល​ដែល​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ធ្លាក់​ចេញពី​ពានរង្វាន់ AFF Suzuki Cup ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​។

​បុរស​ជប៉ុន​រូបនេះ​បាន​សរសេរ​នៅលើ Instagram របស់ខ្លួន​ថា «​ពួកគេ គឺជា​កីឡាករ​ជម្រើសជាតិ ដោយមាន​គ្នា​២៣​នាក់​ប៉ុណ្ណោះ ដែល​បានជ្រើសរើស​ក្នុងចំណោម​មនុស្ស​ជាង ១៦​លាន​នាក់​។ ពួកគេ​គឺជា​ក្ដី​សង្ឃឹម​របស់​ប្រជាជន​កម្ពុជា​។ ដូច្នេះ​ពួកគេ ត្រូវ​ប្រ​ឈរ​មុខ​នឹង​ឧបសគ្គ​ជាច្រើន ដោយ​មិនអាច​គេចវេស​បានឡើយ​។ ពួកគេ​កំពុង​បង្កើត​ក្ដីសង្ឃឹម​ឲ្យ​ប្រជាជន​ខ្លួន​។ ប៉ុន្ដែ​ខ្ញុំ​ដឹងថា ពួកគេ​អាចធ្វើ​បាន​ច្រើន​ជាងនេះទៀត​»​។

​តាំងពី​ចូលកាន់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា មក Honda​និង​ដៃស្តាំ​របស់ខ្លួន​គឺ​លោក Felix កាន់ការ​ជា​គ្រូបង្វឹក​ផ្ទាល់ ដឹកនាំ​ក្រុម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ចំនួន​៧​ប្រកួត​មកហើយ​ចាញ់​ម៉ាឡេស៊ី ៣​ទល់​១ និង​ស្មើគ្នា​ជាមួយ​ទី​ម័​រ​ខាងកើត ២​ទល់​២ និង​បន្ត​ចាញ់​សឹង្ហ​បុរី ២​ទល់​១ ក្នុង​ប្រកួត​មិត្តភាព ខណៈ​នៅក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup កម្ពុជា​បាន​ចាញ់​ម៉ាឡេស៊ី ១​ទល់​០ បន្ត​ចាញ់​មី​យ៉ាន់​ម៉ា ៤​ទល់​១ តែ​ឈ្នះ​ឡាវ ៣​ទល់​១ និង​ចុងក្រោយ​ចាញ់​វៀតណាម ៣​ទល់​០​។

Keisuke Honda​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន ក្រោយ​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​ជើងឯក​ពិភពលោក 2018 FIFA World Cup នៅ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ជម្រើសជាតិ​ខ្លួន​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ នៅ​ពេល​នេះ​រូបគេ​កំពុងតែ​កាន់​តំណែង​២​គឺ​ធ្វើជា​ខ្សែប្រយុទ្ធ​នៅ​ក្លិប Melbourne Victory និង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដោយ​ឥត​យក​កម្រៃ​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម៕