ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​ប្តី​ធ្វើបាប​ ជិះ​តាក់​ស៊ី​ពី​ព្រៃវែង​មក​លោតទឹក​លើ​ស្ពាន​ច្បារអំពៅ ​តែ​សមត្ថកិច្ច​ជួយសង្គ្រោះ​ទាន់

ភ្នំ​ពេ​ញ ៖ ស្ត្រី​ម្នាក់​បាន​បីកូន​ដែល​មាន​អាយុ​ទើបតែ​១​ខួប​រត់​ឡើងលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ រួច​ទុក​កូន​លើ​ស្ពាន​ហើយ​នាង​បាន​លោត​ចុះទៅ​ក្នុង​ទឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើដំណើរ​និង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើង​ទឹក​ បើក​អូប័រ​ទៅ​ជួយ​ស្រង់​មក​លើ​គោក​វិញ​ទាំង​ត្រដាបត្រដួស​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​២០​នាទី​រសៀល​ ថ្ងៃទី​៤​ ខែធ្នូ​ នៅ​ចំណុច​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ ស្ថិត​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

តាម​ប្រភពពី​លោក​យ៉ិន ​វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​ដែល​គិត​ខ្លី​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​នេះ​ឈ្មោះ​ជិត ​ទៀង អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​ខេត្ត​ព្រៃវែង​។ តាម​ស្ត្រី​រងគ្រោះ​បាន​ឆ្លើយ​នៅមុខ​អាជ្ញាធរ​និង​សមត្ថកិច្ច​សង្កាត់​ច្បារអំពៅ​ទី​២​ថា​ មូល​ហេតុ​ដែល​គាត់​សម្រេចចិត្ត​មក​លោតទឹក​សម្លាប់​ខ្លួន​នា​រសៀល​ថ្ងៃនេះ​គឺ​មកពី​គាត់​ខឹង​ប្តី​ដែល​តែង​ធ្វើបាប​ទាំង​ផ្លូវកាយ​និង​ចិត្ត​។

ដល់​ថ្ងៃ​កើតហេតុ​គាត់​បាន​បីកូន​ប្រុស​តូច​ចេញពី​ស្រុកកំណើត​មក​ឡើង​ជិះ​តាក់​ស៊ី​ពី​ខេត្តព្រៃវែង​មក​ច្បារអំពៅ​ ដើម្បី​លោតទឹក​សម្លាប់​តែ​ពេល​លោត​ទៅ​ក៏​ត្រូវ​នគរបាល​ចុះទៅ​ស្រង់​។

ស្ត្រី​ដដែល​បន្ត​ថា ​ទោះជា​ពេលនេះ​គាត់​លោត​ទៅ​បែរ​ជា​គេ​មក​ជួយ​មិនដឹង​ជា​គាត់​គិត​យ៉ាងណា​បន្ត​ទៀត​ទេ​។

លោក​យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ ​បាន​ធ្វើ​ការណែនាំ​ឲ្យ​ស្ត្រី​រងគ្រោះ​វិលត្រឡប់​ទៅផ្ទះ​វិញ​ដើម្បី​ជួបជុំ​គ្រួសារ​កុំ​គិត​ខ្លី​មក​លោតទឹក​សម្លាប់​ខ្លួន​ចោល​កូនតូចៗ​ពិសេស​កូនប្រុស​តូច​ដែល​អាយុ​ទើប​មួយ​ខួប​គ្នា​យំ​រក​ម្តាយ​គួរ​ឲ្យ​សោក​សង្វេគ​បំផុត​។ បន្ទាប់ពី​ស្តាប់​ការណែនាំ​ពី​លោក​ចៅសង្កាត់​និង​លោកនាយ​ប៉ុស្តិ៍​រួចមក​ស្ត្រី​ជិត ទៀង​ក៏​សម្រេចចិត្ត​ជិះ​តាក់​ស៊ី​ទៅផ្ទះ​វិញ​ដោយ​ទឹកមុខ​ស្រពាប់​ស្រពោន​៕