ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ទៅ​គ្រប់​គណបក្ស​នយោបាយ កុំ​ញុះញង់​ប្រជាជន​ទៅ​រំលោភ​ដីធ្លី​នៅ​តំបន់​ប្រាសាទ​ដែលជា​បេតិកភណ្ឌ

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានផ្តល់​សារ​នយោបាយ​មួយ​ទៅកាន់​គណបក្ស​នយោបាយ​ទាំងអស់​នៅ​កម្ពុជា​កុំ​ឲ្យ​មានការ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​រំលោភ​កាន់កាប់​ដីធ្លី​នៅក្នុង​តំបន់​ប្រាសាទ​ដែលជា​បេតិកភណ្ឌ​ពិភពលោក​។

សម្តេច​បាន​រំលឹក​ថា ហេតុការណ៍​បែបនេះ​តែង​កើតមានឡើង​នៅ​មុនពេល​បោះឆ្នោត ដែល​បណ្តា​គណបក្ស​មួយចំនួន​តែង​ប្រើ​វិធី​នេះ​ដើម្បី​កេង​ចំណេញ​នយោបាយ​ដើម្បី​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា​រំលោភ​សិទ្ធិមនុស្ស​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​បែបនេះ​នៅក្នុង​ពិធី​អបអរ​ខួប ២៥ ឆ្នាំ នៃ​អាយ​ស៊ី​ស៊ី អង្គរ​ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី ៤ ខែធ្នូ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​ទៅ​លោកស្រី​អគ្គ​នាយិកា​អង្គការ​យូណេស្កូ​រួម​ជា​មួយ​គណៈប្រតិភូ​បរទេស​ដែល​បាន​ចូលរួម​ក្នុង​ខួប ២៥ ឆ្នាំ​នៃ អាយ​ស៊ី​ស៊ី​អង្គរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ការ​ការពារ​បេតិកភណ្ឌ​វា​មិនមែន​ជា​ការងាយស្រួល​នោះទេ​ ពេលខ្លះ​យើង​ត្រូវ​មាន​ជម្រើស​ដែល​ត្រូវធ្វើ​។ សម្តេច​បាន​លើក​ឡើង​ចំណុច​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចូលមក​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដោយ​បំពាន​នៅក្នុង​តំបន់​ប្រាសាទ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​។ ដែល​ហេតុការណ៍​នេះ​តែង​បាន​កើត​ឡើង​នៅ​ក្នុង​ពេល​បោះឆ្នោតជាតិ​ម្តងៗ​ដែល​គណបក្ស​នយោបាយ​មួយចំនួន​តែង​បាន បំផុស​ ឬ​ ញុះញង់​ប្រជាពលរដ្ឋ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​ខ្ញុំ​មាន​សារ​នយោបាយ​សម្រាប់​គណ​បក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា​សូមកុំ​ញុះញង់​ប្រជាពលរដ្ឋ​ទៅកាន់​កាប់​ដី​ក្នុង​តំបន់​បេតិកភណ្ឌ។​ មិន​ត្រឹមតែ​ប្រាង្គ​ប្រាសាទ​ដែល​បាន​ដាក់ចូល​ជា​បេតិកភណ្ឌ​ប៉ុណ្ណោះ​ទេ សូម្បី​ប្រាង្គ​ប្រាសាទ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រៀម​ដាក់បញ្ចូល​ទៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក។ ពេលខ្លះ​ខ្ញុំ​គ្មាន​ជម្រើស​ទេ​។

ពេលខ្លះ​ខ្ញុំ​បាន​ក្លាយទៅជា​រដ្ឋាភិបាល​រំលោភសិទ្ធិ​មនុស្ស​ក្នុង​ការ​តាំង​លំនៅឋាន​។ ប៉ុន្តែ​លោកជំទាវ​អគ្គ​នាយិកា​អង្គការ​យូណេស្កូ​ក៏ដូចជា​គណៈប្រតិភូ​ទាំងអស់​ចោទ​ចេញ​ជា​សំណួរ​មួយ​ថា​ អង្គការ​យូណេស្កូ​មុន​ពេល​ឲ្យ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ច្បាស់​ណាស់​ត្រូវ​មាន​លក្ខខណ្ឌ​តម្រូវ​តើ​ត្រូវធ្វើ​បែប​ណា​នៅ​តំបន់​អង្គ​រហាម​សាងសង់​សំណង់​ខ្ពស់ៗ​និង​ហាម​សាងសង់​លំនៅឋាន​នៅក្នុង​តំបន់​បេតិកភណ្ឌ ហើយ​ចំណុច​នេះ​មាន​ចំណុច​នោះ។

ប៉ុន្តែ​នៅ​កម្ពុជា​ខ្ញុំ​អភ័ព្វ​នៅ​កន្លែង​នេះ​នៅ​ត្រង់​ចំណុច​ថា​ ពេលណា​ជិត​បោះឆ្នោត​ក្នុងពេល​យុទ្ធនាការ​បោះឆ្នោត​គេ​តែងតែ​ប្រើ​មនុស្ស​ទៅ​តែម្តង​ដើម្បី​ទៅ​រំលោភ​ដី​នៅ​ជុំវិញ​ប្រាង្គ​ប្រាសាទ។ អញ្ចឹង​តើ​យើងខ្ញុំ​ត្រូវធ្វើ​បែប​ណា​នៅក្នុង​ចន្លោះ​ពីរ​ប្រសិន​ខ្ញុំ​គោរព​សិទ្ធិ​ចំពោះ​ប្រជាពលរដ្ឋ​ទៅ​តាំង​ទីលំនៅ​នៅ​កន្លែង​នោះ​ប្រាសាទ​របស់ខ្ញុំ​នឹង​បាត់បង់​លក្ខណសម្បត្តិ​លែង​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក​ទៀតហើយ​។ ប៉ុន្តែ​ដើម្បី​រក្សា​បាន​នូវ​លក្ខណសម្បត្តិ​ជា​បេតិកភណ្ឌ​ពិភពលោក​យើងខ្ញុំ​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​ទៅ​រុះរើ​ផ្ទះសំបែង​និង​បណ្ដេញ​ប្រជាជន​ចាកចេញ​ពី​តំបន់​ទាំង​នោះ​ទេ ត្រង់​នេះ​ហើយ​ដែល​គេ​បាន​ចោទ​រដ្ឋាភិបាល ហ៊ុន សែន ថា ជា​រដ្ឋាភិបាល​ផ្តាច់​ការរំលោភ​សិទ្ធិមនុស្ស​រំលោភ​លើ​សិទ្ធិ​ដីធ្លី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​។ ខ្ញុំ​មិន​ចង់បាន​អ្វី​ទេ​ខ្ញុំ​ចង់​បានតែ​ការវិនិច្ឆ័យ​ច្បាស់លាស់​មួយ​ថា​តើ​នេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដោយ​ជម្លៀស​មនុស្ស​ដោយ​បង្ខំ​ ឬក៏​ជា​ការ​អ្នក​ដែល​មក​នោះ​ជា​អ្នក​បំពាន​? ហើយ​យើង​ត្រូវការ​បេតិកភណ្ឌ​មនុស្សជាតិ​។ នៅ​ព្រះវិហារ​ប្រជាជន​បាន​តាំងទី​លំនៅ​នៅ​លើ​កសិណ​តែម្តង​អញ្ចឹង​យើងខ្ញុំ​ត្រូវតែ​ដោះដូរ​ប្រជាពលរដ្ឋ​ប្រគល់​ដី​ថ្មី​ជូន​ឲ្យ​គាត់​រស់នៅ​ដើម្បី​យក​តំបន់​នោះ​ជួសជុល​ប្រាសាទព្រះវិហារ​ឡើងវិញ បើ​មិន​ដូច្នេះ​ប្រាសាទព្រះវិហារ​នឹង​បាត់បង់​លក្ខណសម្បត្តិ​ជា​បេតិកភណ្ឌ​ពិភពលោក​»​។

សម្តេច​តេ​ជោ​បាន​បន្តថា ខ្ញុំ​សង្ឃឹមថា ប្រជាជន​កម្ពុជា​នឹង​យល់​ហើយ​និង​មិន​មក​រំលោភ​ដីធ្លី​នៅក្នុង តំបន់​ដែល​មាន​ប្រាង្គ​ប្រាសាទ​នោះ​ទេ ដើម្បី​យើង​រក្សា​នូវ​សម្បត្តិ​បេតិកភណ្ឌ​របស់​យើង ដែល​ដូនតា​របស់​យើង​បាន​បន្សល់ទុក​កាលពី​រាប់ពាន់​ឆ្នាំមុន​បាន​កសាង​ទុក​ឲ្យ​យើង​ឥឡូវ​យើង​មាន​ភារកិច្ច​ការពារ​។ នេះ​ជា​បទពិសោធន៍​ដែល​កម្ពុ​ជាមាន ហើយ​កម្ពុជា​ក៏​នៅតែ​បន្ត​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ​និង​ប្ដូរផ្ដាច់​ការពារ​នូវ​បេតិកភណ្ឌ​នៅ​លើ​ទឹកដី​របស់​ខ្លួន​។ ចំណុច​នេះ​ថ្ងៃនេះ​យើង​ក៏បាន​ធ្វើការ​ចុះហត្ថលេខា​ត្រីភាគី​រវាង​យូ​នី​ស្កូ ICAPP និង ACC ចំណុច​នេះ​ក៏​ជា​ចំណុច​សំខាន់​បញ្ជូន​សារ​ទៅ​បណ្តា​ប្រជាជាតិ​អាស៊ាន​របស់​យើង​អំពី​ការ​ធ្វើ​សុខដុម​នីយកម្ម​លើ​បញ្ហា​វប្បធម៌ ដែល​យើង​ត្រូវ​រួម​ដំណើរ​ជាមួយគ្នា​ដើម្បី​កម្ពុជា​ផង និង ក្របខ័ណ្ឌ​តំបន់ និង អន្តរជាតិ​ផង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា សម្តេច​ធ្លាប់​និយាយ​រួច​មក​ហើយ​ថា មិន​ត្រូវ​កាប់​មេមាន់​គ្រាន់តែ​ដើម្បី​ឆ្ងាញ់​មួយ​ពេល​នោះ​ទេ​ តែ​ត្រូវ​ចិញ្ចឹម​មេមាន់​ឲ្យ​វា​ធំធាត់​ដើម្បី​យក​ស៊ុត​ឬ​បង្កើតកូន​ឲ្យ​បាន​ច្រើន​។​ ចំណុច​នេះ​វា​មិនមែនជា​ការងាយស្រួល​នោះទេ​នៅក្នុង​ការ​ការពារ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​យើង​…។ …​សៀមរាប​ក្រោយ​ដាក់​ចូល​អង្គរវត្ត​ទៅជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ចុងឆ្នាំ ១៩៩២​។ ប៉ុន្តែ​សៀមរាប​នៅក្នុង​ខែមីនា​នៅ​ឆ្នាំ​១៩៩៣​ខ្មែរក្រហម​នៅ​វ៉ៃ​ចូល​ខេត្តសៀមរាប​នៅឡើយ​ទេ​។ សៀមរាប​គ្មាន​មនុស្ស​នៅទេ យើងខ្ញុំ​ចាប់ផ្ដើម​ពី​សណ្ឋាគារ​ចាស់ៗ​តែ​ពីរ​ប៉ុណ្ណោះ​។​ប៉ុន្តែ​ឥឡូវនេះ​យើង​មាន​សណ្ឋាគារ​ជាង​១០០ សណ្ឋាគារ​។

សម្តេច​តេ​ជោ​បាន​រំលឹក​ថា សូម​កុំ​ភ្លេច​ថា អ្នកខ្លះ​ឃើញ​សកម្មភាព​ដូច​ធម្មតា​ខ្លាំងពេក​ជីវភាព​ប្រជាជន​ធម្មតា ទេសចរ​មក​ពាសពេញ ហាក់ដូចជា​បាន​ភ្លេច​ថា​អតីតកាល​របស់​កម្ពុជា​ជួប​រឿង​អ្វីខ្លះ ? យើងខ្ញុំ​កំសត់​ណាស់​នៅ​សៀមរាប​និង​នៅ​គ្រប់​ទីក្រុង​ទាំងអស់​របស់​កម្ពុជា​គ្មាន​មនុស្ស​ទេ យើងខ្ញុំ​ចាប់ផ្ដើម​បន្តិច​ម្ដងៗ​ហើយ​សូម្បីតែ​អង្គរវត្ត​ក៏​ត្រូវ​ជាប់​ទណ្ឌកម្ម​អន្តរជាតិ​ផងដែរ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា អង្គរវត្ត​និង​ព្រះវិហារ​ ឬ​ ប្រាសាទ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ជួប​នៅក្នុង​ទណ្ឌកម្ម​នយោបាយ​និង​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ពី​ខាងក្រៅ​នេះ​គឺជា​ចំណុច​ដែល​ត្រូវ​គួរ​ដក​ពិសោធន៍​មិន​គ្រាន់តែ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ក៏ប៉ុន្តែ​បញ្ហា​នេះ​គួរ​ត្រូវ​បាន​ដក​ពិសោធន៍​សម្រាប់​ពិភពលោក​ផង​ដែរ ​មិន​គួរណា​ទុក​ឲ្យ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​នៅ​តាម​បណ្តា​ប្រទេស​នានា​ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ឡូកឡំ​ជាមួយ​បញ្ហា​នយោបាយ​នោះទេ​។

​សម្តេច​បន្ត​ទៀត​ថា យើង​ពិតជា​អភ័ព្វ​ដោយសារ​នៅ​អង្គការសហប្រជាជាតិ​នៅ​ទទួលស្គាល់​ពួក​ប៉ុលពត​ឲ្យ​កាន់កាប់​អាសនៈ​នៅ​អង្គការសហប្រជាជាតិ ដូចនេះ​យើង​គ្មាន​ជំនួយ​បរទេស​មក​ជួយ​ទេ។ ​ជា​ភ័​ព្វ​សំ​ណាង​របស់ខ្ញុំ​ដោយមាន​លោក​សាស្ត្រាចារ្យ អ៊ី​ស៊ី​សាវ៉ា មកពី​ជប៉ុន​បាន​មក​ពិភាក្សា​ជាមួយ​ខ្ញុំ​យ៉ាង​ទៀងទាត់​ក្រោយមក​រដ្ឋាភិបាល​ឥណ្ឌា​ក៏បាន​បញ្ជូន​អ្នកជំនាញការ​មក​ជួយ​សង្គ្រោះ​នៅ​ទសវត្សរ៍​ទី​៨០​។ បញ្ហា​នេះ​ក៏​ជា​បទពិសោធន៍​របស់​អង្គការសហប្រជាជាតិ​ក៏ដូចជា​អង្គការ​នានា​ដែល​គេ​មិន​ត្រូវ​ប្រើប្រាស់​ទណ្ឌកម្ម​ណាមួយ​ដែល​ទណ្ឌកម្ម​នោះ​សូម្បីតែ​បេតិកភណ្ឌ​ ឬ​ សម្បត្តិ​វប្បធម៌​ក៏​វា​ត្រូវ​ទទួលរង​គ្រោះ​ដោយសារ​ទណ្ឌកម្ម​របៀប​នោះ​ដែរ​៕