ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គនាយិកា​អង្គការ​យូណេស្កូ​កោតសរសើរ​ពី​កិច្ចប្រឹងប្រែង​របស់​កម្ពុ​ជា​ក្នុង​ការ​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក​(​អង្គរ​)

​សៀមរាប ៖ លោកស្រី Audrey Azouly អគ្គនាយិកា​អង្គការ​យូណេស្កូ​បាន​គោរព​ជម្រាប​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ការចូលរួម​អបអរសាទរ​ខួប​ទី ២៥ ឆ្នាំនេះ គឺជា​ការចូលរួម​អបអរសាទរ​នូវ​ជោគជ័យ​ជា​គំរូ​ក្នុង​ការ​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក​ជាពិសេស​អង្គរវត្ត​ក្នុង​រយៈពេល ២៥ ឆ្នាំ​កន្លងមកនេះ​។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ​២០១៨​។​

លោក អ៊ាង សុផល្លែត បាន​ឲ្យ​ដឹងថា លោកស្រី Audrey Azouly អគ្គនាយិកា​អង្គការ​យូណេស្កូ​រួមជាមួយ​សហប្រធាន icc អង្គរ​ដែលមាន​បារាំង​និង​ជប៉ុន​បានរួម​គ្នា​សម្ដែង​នូវ​ការអបអរសាទរ​ខួប​ទី ២៥ ឆ្នាំ​នៃ​ការដាក់​អង្គរវត្ត​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

លោកស្រី Audrey Azouly អគ្គនាយិកា​អង្គការ​យូណេស្កូ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​អប្សរា ដែល​បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​យ៉ាង​ពេញទំហឹង ក្នុង​ការ​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក​នេះ ។ ក្នុងឱកាស​នោះដែរ​លោកស្រី​បាន​មានប្រសាសន៍ថា ការចូលរួម​អបអរសាទរ​ខួប​ទី ២៥ ឆ្នាំនេះ​គឺជា​ការចូលរួម​អបអរសាទរ​នូវ​ជោគជ័យ​ជា​គំរូ​ក្នុងការ​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក​ជាពិសេស​អង្គរវត្ត​ក្នុង​រយៈពេល ២៥ ឆ្នាំ​កន្លងមកនេះ​។

ក្នុង​ន័យ​នេះ​លោកស្រី​រួមទាំង​សហប្រធាន​មានបារាំង ជប៉ុន បាន​ប្ដេជ្ញា​ចិត្ត​បន្ត​ជួយ​ថែរក្សា​ការពារ​បេតិកភណ្ឌ​ពិភពលោក (​អង្គរវត្ត​)​ហើយនឹង​ចូលរួម​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ​ដែលជា​បញ្ហា​ប្រឈម​ដែល​កើតមាន​ដើម្បី​ធ្វើយ៉ាងណា​រក្សា​ប្រាង្គ​ប្រាសាទ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ត​ទៀត​។

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​ជូន​ប្រតិភូ​យ៉ាង​សង្ខេប​អំពី​ប្រវត្តិ​មុន​សង្គ្រាម​និង​ក្រោយ​សង្គ្រាម​ក្នុងការ​ការពារ​អភិរក្ស​អង្គរវត្ត​និង​ឈាន​ទៅ​ដាក់​អង្គរវត្ត​ឲ្យ​ក្លាយទៅជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ជាមួយ​នោះ​ដែរ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្រាប​ជូន​ប្រតិភូ​អំពី​បញ្ហា​ប្រឈម​ជា​សង្ខេប​ផង​ដែរ​ហើយក៏​បាន​មានប្រសាសន៍ថា​ ជា​មោទនភាព ហើយ​គឺជា​កិត្តិយស​ដែល​អង្គរវត្ត ត្រូវ​បាន​ដាក់បញ្ចូល​ជា​ទ្រព្យសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​ក៏បាន​សម្ដែង​នូវ​អំណរគុណ​ជូន​ដល់​ជប៉ុន ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការដាក់​អង្គរវត្ត​ឲ្យ​ទៅជា​ទ្រព្យសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​ក៏បាន​អរគុណ​ចំពោះ​សហប្រធាន​ដែល​បាន​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​ទី​២៥ ក្នុង​ការដាក់​អង្គរវត្ត​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ​។

សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា ​នេះ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​នាយករដ្ឋមន្ត្រី​មក​បើក​កម្មវិធី​នេះហើយ​មាន​ព្រះករុណា​យាង​បិទ​កម្មវិធី​នេះ​ផងដែរ៕