ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​វប្បធម៌​ជា​ទ្រព្យ​មហាសាល​មិនអាច​កាត់ថ្លៃ​បាន

សៀមរាប ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ចាត់​ទុក​វប្បធម៌​ជា​ព្រលឹង​ជាតិ​និង​អត្តសញ្ញាណ​ជាតិខ្មែរ​ ដែល​ជា​ទ្រព្យ​មហាសាល​មិនអាច​កាត់ថ្លៃ​បាន​ព្រមទាំង​ជា​ប្រភព​មិន​ចេះ​រីងស្ងួត​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​បែបនេះ​ នៅក្នុង​ពិធី​អបអរ​ខួប ២៥ ឆ្នាំ​នៃ​អាយ​ស៊ី​ស៊ី អង្គរ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី ៤ ខែធ្នូ​នេះ។​ សម្តេច​តេ​ជោ​នាយក​រដ្ឋ មន្ត្រី​បាន មាន ប្រសាសន៍​ថា «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​វប្បធម៌ ជា​ព្រលឹង​ជាតិ​និង អត្តសញ្ញាណ ជាតិខ្មែរ​ដែល​ជា ទ្រព្យ​មហាសាល​មិនអាច​កាត់ថ្លៃ​បាន​។ ព្រមទាំង​ជា​ប្រភព​មិន​ចេះ​រីងស្ងួត​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកប ដោយ ចីរភាព​ហើយ​ទស្សនទាន​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍​និង​អភិវឌ្ឍន៍​ដើម្បី​អភិរក្ស​បាន​ក្លាយ​ជា​ផែន ទី​ចង្អុល ផ្លូវ​ដែល​ជាក់លាក់​មួយ​សម្រាប់​វិស័យ​វប្បធម៌​កម្ពុជា»។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា តាមរយៈ​នេះ​យើង​បាន​ខិតខំ​ដាក់បញ្ចូល​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ទៅក្នុង​យុទ្ធសាស្ត្រ​ជំរុញ​កំណើន​ដើម្បី​សម្រេច​បាន​វឌ្ឍនភាព​ស​ង្គ​ម​សេដ្ឋកិច្ច​ការការពារ​និង​អភិវឌ្ឍ​បេតិកភណ្ឌ​ទាំង​រូបី​និង​អរូបី។ ​ជាថ្មី​ម្តង​ទៀត​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវ នាវ​ដល់​ដៃគូ​អភិវឌ្ឍន៍ ទាំង​ជាតិ និង​អន្តជាតិ​សូម​បន្ត​ជួយឧបត្ថម្ភ​ទាំង​ជំនាញ​បច្ចេកទេស​ថវិកា និង ធនធានមនុស្ស និង ប្រជាជន​កម្ពុជា​ទាំងអស់​សូម​ជួយ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ដើម្បី​ភាព​ជោគជ័យ​ក្នុង​ការ​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​មនុស្សជាតិ​និង​រមណីយដ្ឋាន​អង្គរ​ពោល​គឺ​ធ្វើ​ដើម្បី​យើងទាំងអស់គ្នា។

នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​,​អរគុណ លោកស្រី Audrey Azouly អគ្គនាយិកា​អង្គការ​យូណេស្កូ និង លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង , សហប្រធាន ICC Angkor ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា តំណាង​ប្រទេស​ជប៉ុន ទទួលបន្ទុក​វប្បធម៌ និង អរគុណ​ចំពោះ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ទាំងអស់​ព្រមទាំង អបអរសាទរ​ចំពោះ​ខួប ២៥ ឆ្នាំ នៃ​ការបង្កើត ICC-Angkor ដែល​ធ្វើឡើង​នៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប​នេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ ICC-Angkor​ទាំងអស់​ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​កន្លងមក​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ថ្វាយ​ចំពោះ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ដែល​ព្រះអង្គ​តែង យក​ព្រះទ័យ​ទុកដាក់​ចំពោះ​កិច្ចការ​អភិវឌ្ឍន៍​និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ​។

សម្តេច​តេ​ជោ​មានប្រសាសន៍​បន្ត​ថា ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ក៏ដូចជា​ការ​គាំទ្រ​ពី​ប្រ​ទេស បារាំង​និង​អង្គការ​យូណេស្កូ​គឺ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​សកម្មភាព​នានា​ដែល​ជា​ប្រយោជន៍​ដល់​រមណីយដ្ឋាន​អង្គ​រហើយ​នៅ​ថ្ងៃ​នេះ​ក៏​មាន​ការ​ចុះហត្ថលេខា​ជា​ត្រីភាគី​រវាង​អង្គការ​យូណេស្កូ ICAPP និង​ក្រុមប្រឹក្សា វប្បធម៌​អាស៊ី ACC ផង​ដែរ ដែល​ជា​សក្ខីភាព​ដល់​ការ​គាំទ្រ​សុខដុម​រវាង​ប្រជាជាតិ​ជាច្រើន​ដែល​បានសម្រេច​ជា​ឯកច្ឆន្ទ​ចាប់​យក​អ្វី​ដែល​ជា​ការ​រួម​គ្នា​បន្ត​កសាង​និង​ថែរក្សា​នូវ​មរតក​វប្ប​ធ​ម៌​នេះ។

សម្ដេច​តេ​ជោ​ក៏បាន​លើកឡើង​ពី​សមិទ្ធផល​របស់ ICC Angkor មក​កន្លងមក​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​គាំពារ និង អភិរក្ស​តំបន់​វប្បធម៌​អង្គរ​ដែល​សកម្មភាព​ទាំងអស់​ត្រូវ​បាន​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ និង​ក្រុមការងារ​រាប់​ពាន់នាក់​ដើម្បី​ចូលរួមចំណែក​អភិរក្ស​តំបន់​អង្គរ​។

នា​ឱកាស​នោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​រំលឹក​ពី​គុណ​ឧបការៈ​របស់​បុព្វបុរស​ក៏ដូចជា​ឥស្សរជន​ ដែល​មាន​ស្នាដៃ​ក្នុង​ការ​ចូលរួមចំណែក​អភិរក្ស និង អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ​កន្លងមក​ដែល​ឥស្សរជន​មួយចំនួន​បាន​ស្លាប់​បាត់​បង់ជីវិត​ទៅ​ហើយ ដូចជា​សម្ដេច​វិបុល​បញ្ញា សុខ អាន , លោក វណ្ណ​មូលី វណ្ណ ជាដើម​ហើយ​នា​ឱកាស​នោះ​សម្ដេច​ក៏បាន​គោរព​អញ្ជើញ​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ក្រោកឈរ ១នាទី​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ទាំងនោះ​ផងដែរ​។

នៅក្នុង​ឱកាស​នោះ​ផង​ដែរ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​នូវ​ដំណឹង​ដ៏​ល្អ និង​រីករាយ​នៃ​ការ​ដាក់បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ​កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ​ថ្មីៗ​នេះ។

សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ផង​ដែរ​ថា ​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​កម្ពុជា​ចំនួន ០៥​ហើយ​ដែល​ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ​រួមមាន​៖ ល្ខោនខោល ត្រូវ​បាន​ចុះបញ្ជី​នៅ​ថ្ងៃទី​២៨​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​។ ចាប៉ីដងវែង​ត្រូវបាន​ចុះបញ្ជី​នៅ​ថ្ងៃទី​៣០​ ខែវិច្ឆិកា ឆ្នាំ២០១៦។ ល្បែង​ទាញ​ព្រ័ត្រ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ថ្ងៃទី​០២ ​ខែធ្នូ ​ឆ្នាំ​២០១៥។ ល្ខោន​ស្រមោល​ស្បែក​ធំ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​ឆ្នាំ​២០០៥​។ របាំ​ក្បាច់​បុរាណ​ខ្មែរ​និង​ព្រះរាជ​ទ្រព្យ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ថ្ងៃ​០៧ ខែវិច្ឆិកា ឆ្នាំ​២០០៣។

ក្រៅពី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ កម្ពុជា​បាន​ចុះបញ្ជី​បេ​តិ​កភណ្ឌ​ពិភពលោក​នូវ​ប្រាង្គ​ប្រាសាទ​ដ៏​ល្បីល្បាញ​ផ្សេងទៀត​រួមមាន តំបន់​ប្រាសាទសំបូរព្រៃគុក​ត្រូវ​បាន​ចុះបញ្ជី​នៅ​ថ្ងៃទី​០៨​ខែកក្កដា ២០១៧។ ប្រាសាទព្រះវិហារ នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០០៨ និង​រមណីយ​ដ្ឋា​ន​អង្គរ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២​។

លោកស្រី ភឿង ស​កុ​ណា ការ​ប្រារព្ធ​ខួប​២៥ ឆ្នាំ​នៃ​ការបង្កើត​អាយ​ស៊ី​ស៊ី​អង្គរ​នា​ពេល​នេះ​ក្នុង​គោលបំណង​រំលឹក​ឡើងវិញ​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​យើងទាំងអស់​គ្នា​កាលពី ២៥ មុន ក៏ដូចជា​បង្ហាញ​ពី​ភាព​ជោគ ជ័យ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង សហគមន៍​អន្តរជាតិ​ទទួល​បាន​ដោយ​ជម្នះ​នូវ​បញ្ហា​ប្រឈម​នានា​ដែល​ជួបប្រទះ​នា​ពេល​កន្លង​មក​ហើយ​ដែល​នឹង​បន្ត​ដោះស្រាយ​ជាមួយគ្នា​ទៅតាម​មាគ៌ា​ដែល​បាន​ត្រួសត្រាយ​ឲ្យ​បានសម្រេច​គោលដៅ​នៅពេល​ខាងមុខ។ ជា​ការ​ពិត​ណាស់​បច្ចុប្បន្ន​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​លែង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ប្រាង្គ​ប្រាសាទ​ដួល​រលំ ឬ ការ​លួច​ឆក់ បុរាណវត្ថុ​ទៀតហើយ។ ក៏ប៉ុន្តែ​យើង​ក៏​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន​ផ្សេងទៀត​ដូចជា​ការប្រែប្រួល​អាកាសធាតុ ការ​បំពុល​បរិស្ថាន​ការគ្រប់គ្រង​ការ​តាំង​ទីលំនៅ​ថ្មី នៅក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ ការគ្រប់គ្រង​លំហូរ​ភ្ញៀវ​ទេសច​។​ល​។ ដែល​ចាំបាច់​ត្រូវ​រក​ដំណោះស្រាយ​និង​វិធីសាស្ត្រ​ទប់ទល់​ឲ្យ​បាន​សមស្រប​និង​មាន​ប្រសិទ្ធភាព​ទាំង​បច្ចុប្បន្ន​និង​អនាគត។

លោកស្រី​បន្ត​ថា ការរៀបចំ​ពិធី​នេះ​គឺ​ដើម្បី​រំលឹក​ផង​ដែរ​ នូវ​គុណ​លោក​អាការៈ​របស់​ឥស្សរ​ជនជាតិ​ជាពិសេស​សម្តេច​វិបុល​បញ្ញា សុខ អាន , លោក វណ្ណ ម៉ូលីវណ្ណ អតីត​ប្រធាន​អាជ្ញាធរ​អប្សរា​និង​ឥស្សរជន​អន្តរជាតិ​នានា​ព្រមទាំង​សមាជិក icc-angkor ទាំងអស់​ដែល​បាន​លះបង់​កម្លាំងកាយ​ប្រាជ្ញា​ស្មារតី​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់​ខ្លួន ​ដើម្បី​សេចក្តី​ស្រលាញ់​និង​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ជាពិសេស​រមណីយដ្ឋាន​អង្គរ​ដែល​ជា​រតនវត្ថុ​របស់​មនុស្សជាតិ​ទាំងមូល​។

យន្តការ​ ICC-Angkor ​គឺជា​សក្ខីភាព​ ដែល​បង្ហាញ​ឲ្យ​ឃើញថា វប្បធម៌​គឺ​ពិតជា​គ្មាន​ព្រំដែន​ហើយក៏​ជា​ស្ពាន​នៃ​ការ​ភ្ជាប់​រវាង​មនុស្ស​ និង ​មនុស្ស​សង្គម​ និង​សង្គមប្រទេស​ និង​ប្រទេស ហើយក៏​ជា​ប្រភព​មិន​ចេះ​រីងស្ងួត​នៃ​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក​គោរព​នូវ​លក្ខណៈ​ពិសេស​ និង ​ដោយឡែក​នៅ​ឯ​ជ្រុង​នៃ​ប្រជាជាតិ​នីមួយៗ។

ជា​រួម​យើង​អាច​បញ្ជាក់​ដោយ​ភាព​ជឿជាក់​ថា ​វប្បធម៌​គឺជា​កម្លាំង​ស្នូល​ដ៏​ធំ​បំផុត​នៃ​ការ​ថែរក្សា​សន្តិភាព​ដែល​ពិភពលោក​ទាំងមូល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​រក្សា​បាន​នូវ​អ្វី​ជា​កេរ្តិ៍ដំណែល និង មរតក​វប្បធម៌​ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ស្មារតី​និង​យន្តការ ICC-Angkor និង​ឋិតថេរ​ជា​យូរអង្វែង​តទៅ​ហើយក៏​នឹង​ក្លាយជា​មោទនភាព​និង​ជា​គំរូ​សម្រាប់​គ្រប់​យន្តការ​អន្តរជាតិ​នានា​ក្នុង​កិច្ចការពារ​បេតិកភណ្ឌ​ពិភពលោក​។

មុន​បញ្ចប់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​ឥស្សរជន និង​ ក្រុមការងារ ICC Angkor​ចំនួន ១០​រូប និង​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​អង្គការ​យូណេស្កូ​,​អង្គការ​អាយ​កាប់​និង​ក្រុមប្រឹក្សា​វប្ប​ធម៌​អាស៊ី៕