ព័ត៍មានទាន់​ហេតុការណ៏
Search

សោ​ម៉ា​គ្រុប​ផ្តល់​កង់​៩២​គ្រឿង និង​សម្ភារ​សិក្សា​ជាច្រើន​ដល់​សិស្សានុសិស្ស​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក

សៀមរាប ​៖ ​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក នា​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ សោ​ម៉ា​គ្រុប បាន​នាំ​យក​កង់ និង​សម្ភារ​សិក្សា​ជាច្រើន​សម្រាប់​ផ្តល់​ជូន​ដល់​សិស្សានុសិស្ស ដែល​កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​ជាលា​ធំ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។

សម្ភារ​សិក្សា​ដែល​ប្រគល់ជូន​នេះ​នៅពេលនេះ​មានដូច​ជា កង់​៩២​គ្រឿង កាបូបស្ពាយ​៨៧ សម្ភារ​សិក្សា​ផ្សេងៗ​៨៧​សម្រាប់ ឯ​សណ្ឋាន​សិស្ស​៨៧​កំ​ប្លេ ម៉ាស៊ីនបូមទឹក​២​គ្រឿង ពងមាន់​៦០០​គ្រាប់ ដូងក្រអូប​១៤០​ផ្លែ ខ្នុរ​១៤​ផ្លែ និង​ភេសជ្ជៈ Aloe Vera ៣០​កេស ព្រមទាំង​សម្ភារ​មួយចំនួនទៀត។

លោក ម៉ី ម៉ា​រ៉ា​ឌី ទីប្រឹក្សា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក​បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​សោ​ម៉ា​គ្រុប ដែល​តែងតែ​រួមចំណែក​ជួយ​ដល់​គម្រោង​អភិវឌ្ឍន៍​នេះ​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​អំពី​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​បង្កើត​គម្រោង​អភិវឌ្ឍន៍​នេះ​ឡើង​ព្រមទាំង​ដំណើរការ​រីកចម្រើនរ​បស់​គម្រោង​។ ជាមួយគ្នានេះ​លោក​បាន​រំឭក​ដល់​គុណូបការៈ​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន ដែលជា​អ្នក​ផ្តួចផ្តើម​គម្រោង​នេះ​ឡើង​ក្នុង​បុព្វហេតុ​ការពារ​នូវ​រមណីយដ្ឋាន​អង្គរ​។

លោក សុខ សូកេន តំណាង​សោ​ម៉ា​គ្រុប បញ្ជាក់ថា ការផ្តល់ជូន​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​នេះ ធ្វើឡើង​ក្នុងនាម​គ្រួសារ​សោ​ម៉ា​គ្រុប​ដើម្បី​រួមចំណែក​ការងារ​មនុស្សធម៌ ជាពិសេស គឺ​ដើម្បី​រួមចំណែក​ក្នុង​ការងារ​អភិរក្ស​បេតិកភណ្ឌ​។ សកម្មភាព​នេះ​នឹង​ជំរុញ​ឲ្យ​បុគ្គលិក​គ្រប់ផ្នែក​របស់​សោ​ម៉ា​គ្រុប​បានរួម​ចំណែក​ក្នុង​កិច្ចការ​វប្បធម៌​ដែលជា​កេរ​មរតក​របស់​ដូនតា​។

លោក សុខ សង្វារ អគ្គនាយករង និង​ជា​តំណាង​លោក​បណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងអំណរគុណ​ចំពោះ​សោ​ម៉ា​គ្រុប​សម្រាប់​សកម្មភាព​រួម​ចំណែក​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​នៅពេលនេះ​។ លោក​ក៏បាន​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​ដែលជា​ស្ថាប័ន​ទទួលបន្ទុក​អភិវឌ្ឍ​គម្រោង​នេះ​តែង​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ពួកគាត់ កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ដើម្បី​បង្កើត​មុខរបរ​ជូន​ពួកគាត់​។ ក្រៅពីនេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏​តែង​សហការ​ជាមួយ​សប្បុរសជន​នានា​ដើម្បី​ផ្តល់ជូន​នូវ​សម្ភារ​បរិក្ខារ​ដល់​អ្នក​ភូមិ​ដូចជា អណ្តូងទឹក សាលារៀន និង​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ជាដើម ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពួកគាត់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114