ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​អ៊ុយ​ក្រែ​ន​ប្តេជ្ញា​នាំ​នាវិក​ដែល​ចាប់ខ្លួន​ដោយ​រុស្ស៊ី​ត្រឡប់មកផ្ទះ​វិញ

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko កាលពី​ថ្ងៃ​អង្គារ​បាន​ជួប​ជាមួយ​ក្រុមគ្រួសារ​របស់​នាវិក​អ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុង​មូ​ស្គូ​ដោយ​ប្តេជ្ញា​ថា​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​នៅក្នុង​អំណាច​របស់គាត់​ដើម្បី​នាំ​ពួកគេ​ត្រឡប់មកផ្ទះ​វិញ​។​

លោក Poroshenko បាន​ប្រាប់​សាច់ញាតិ​របស់​នាវិក​ចំនួន​២៤​នាក់​ដែល​រុស្ស៊ី​ចាប់ខ្លួន​កាលពី​ខែ​មុន​ថា “​ចំពោះ​ខ្ញុំ គ្មានអ្វី​សំខាន់​ជាង​ការនាំ​ពួកគេ​ចេញ​នោះទេ​”​។​

លោក​បាន​និយាយ​អំឡុង​ជំនួប​មួយ​នៅ​ការិយាល័យ​របស់គាត់​ថា “​ឥឡូវនេះ ប្រជាជន​អ៊ុយ​ក្រែ​ន​ទាំងអស់​មាន​មោទនភាព​ចំពោះ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​”​។​
​កាលពី​ចុងខែ​មុន ប្រទេស​រុស្ស៊ី​បាន​បើក​ការបាញ់ប្រហារ​និង​រឹបអូស​យក​នាវា​ជើង​ទឹក​អ៊ុយ​ក្រែ​ន​ចំនួន​៣​គ្រឿង​ខណៈ​ពួកគេ​ព្យាយាម​ឆ្លងកាត់​ច្រក Kerch ពី​សមុទ្រ​ខ្មៅ​ទៅ​សមុទ្រ Azov ។​

សមាជិក​នាវិក​អ៊ុយ​ក្រែ​ន​ចំនួន​២៤​នាក់​ដែល​ក្នុងនោះ​មាន​បីនាក់​រងរបួស​គឺ​ត្រូវបាន​គេ​ឃុំខ្លួន​។​
​ឧបទ្ទវ​ហេតុនេះ​គឺជា​រឿង​គ្រោះថ្នាក់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​រវាង​ប្រទេសជិតខាង​អតីត​សូ​វៀត​ទាំងពីរ​ដែល​បាន​ជាប់​ក្នុងការ​ប្រឈមមុខគ្នា​មួយ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​នៅពេលដែល​រុស្ស៊ី​កាត់​យក​ឧបទ្វីប Crimea និង​គាំទ្រ​កុបកម្ម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។​

មនុស្ស​ជាង​១០,០០០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ជម្លោះ​នេះ​។​
​ថ្វីបើ​មានការ​អំពាវនាវ​ជា​អន្តរជាតិ​សុំអោយ​មានការ​ដោះលែង​ក៏ដោយ ជនជាតិ​អ៊ុយ​ក្រែ​ន​ត្រូវបាន​ផ្តន្ទាទោស​អោយ​ជាប់ឃុំ​រយៈពេល​ពីរ​ខែ​ហើយ​ឥឡូវនេះ​ត្រូវបាន​ឃុំខ្លួន​នៅ​ទីក្រុង​មូ​ស្គូ​។​

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយថា នាវា​អ៊ុយ​ក្រែ​ន​បាន​ឆ្លង​ចូលទៅក្នុង​ដែនសមុទ្រ​ដោយ​ខុសច្បាប់​ហើយ​បាន​ទទូចថា ក្រុង​មូ​ស្គូ​នឹងមិន​ដោះលែង​នាវិក​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​ការដោះដូរ​ទេ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ លោក Poroshenko បាន​ទទូចថា ការឃុំខ្លួន​នាវិក​ទាំងនោះ​គឺ​ខុសច្បាប់​៕ AFP