ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋអាជ្ញា​ពិសេស​អាមេរិក​លោក Mueller ណែនាំ​មិន​ឲ្យ​ដាក់ពន្ធនាគារ​លោក Flynn

លោក Robert Mueller រដ្ឋអាជ្ញា​ពិសេស​ទទួលបន្ទុក​ស៊ើបអង្កេត​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​បានផ្តល់​អនុសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា លោក Michael Flynn ដែលជា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ប្រធានាធិបតី Donald Trump នឹងមិន​ប្រឈម​ការជាប់​ពន្ធនាគារ​ទេ​ដោយសារតែ​កិច្ចសហការ “​ប្រកបដោយ​ចីរភាព​” របស់គាត់​ជាមួយ​ការស៊ើបអង្កេត​។​

លោក Mueller បាន​និយាយ​នៅក្នុង​ឯកសារ​របស់​តុលាការ​ថា លោក Flynn ដែល​បាន​សារភាព​កាលពី​ឆ្នាំមុន​ថា​បាន​និយាយ​កុហក​អំពី​ទំនាក់ទំនង​របស់គាត់​ជាមួយ​ប្រទេស​រុស្ស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​ការ​ឈ្នះឆ្នោត​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៦​របស់លោក Trump នោះ​គឺ​បាន​ជួយ​ដល់​ការស៊ើបអង្កេត​បទល្មើស​ព្រហ្មទណ្ឌ​របស់គាត់​និង​មិនបាន​បញ្ជាក់​ច្បាស់លាស់​ផ្សេងទៀត​រួមទាំង​ការសម្ភាសន៍​ចំនួន​១៩​ដង​ផងដែរ​។​

នៅក្នុង​កំណត់ហេតុ​មួយ​ទៅកាន់​តុលាការ​សហព័ន្ធ​ក្រុង​វ៉ាស៊ីនតោន​ស្តីពី​ការផ្តន្ទាទោស​នាពេលខាងមុខ​របស់លោក Flynn, លោក Mueller ក៏បាន​និយាយ​ផងដែរ​ថា បើទោះបីជា​គាត់​មាន​បទល្មើស “​ធ្ងន់ធ្ងរ​” ក៏ដោយ ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣​ចូល​និវត្ត​និង​ជា​អតីត​ប្រធាន​ចារកម្ម​មន្ទីរ​បញ្ច​កោណ​រូបនេះ​គឺមាន​កំណត់ត្រា​យោធា​និង​សេវាសាធារណៈ​ដ៏​ល្អឥតខ្ចោះ​។​

រដ្ឋអាជ្ញា​ពិសេស​រូបនេះ​បាន​ផ្អាក​ការកាត់ទោស​លោក Flynn បួន​ដង​រួចមកហើយ​ក្នុង​រយៈពេល​មួយឆ្នាំ​ដោយ​លើកឡើងថា គាត់​បាន​ក្លាយជា​សាក្សី​ដ៏​មានតម្លៃ​។​

លោក Flynn គឺជា​អ្នក​មានទោស​ដំបូង​គេ​ដែល​ត្រូវបាន​ធានា​សុវត្ថិភាព​ដោយ​ការស៊ើបអង្កេត​របស់លោក Muller អំពី​ការឃុបឃិត​រវាង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក Trump និង​រុស្ស៊ី​។​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកស៊ើប​អង្កេត​នៅ​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៤, ៤​ថ្ងៃ​បន្ទាប់ពី​ពិធី​សម្ពោធ​ចូលកាន់​តំណែង​របស់លោក Trump, លោក Flynn បាន​កុហក​អ្នកស៊ើប​អង្កេត​អំពី​ការសន្ទនា​កាលពី​ខែធ្នូ​របស់គាត់​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​លោក Sergei Kislyak ដែល​ក្នុងនោះ​លោក Flynn ហាក់ដូចជា​ព្យាយាម​បំផ្លាញ​គោលនយោបាយ​របស់​ប្រធានាធិបតី​មុន​គឺ​លោក Barack Obama ។​

នៅពេលនោះ​លោក Obama បានរៀបចំ​ផែនការ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​សម្រាប់​ការជ្រៀតជ្រែក​របស់ខ្លួន​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៦​។​

បន្ទាប់មក​នៅក្នុង​ខែមីនា​ឆ្នាំ​២០១៨ នៅក្នុង​បទសម្ភាសន៍​ជា​លើក​ទី​ពីរ​ជាមួយ FBI, លោក Flynn ក៏បាន​កុហក​ផងដែរ​ចំពោះ​ការពិត​ដែលថា មុន​និង​ក្រោយ​ការបោះឆ្នោត គាត់​មាន​កិច្ចសន្យា​តម្លៃ​ចំនួន​៥០០,០០០​ដុល្លារ​ដែល​គាត់​មិនបាន​រាយការណ៍​៕ AFP