ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រំ សំណាង ជួប​កីឡាករ​អ៊ីរ៉ង់ ខណៈ ​យុគ យក្ស​ផ្លែ ជួប​កីឡាករ​ថៃ ដើម្បី​ល្បង​វិជ្ជា​គុន​

ប្រដាល់ ៖ កីឡាករ ​ព្រំ សំណាង អ្នក​ប្រដាល់ ​នៃ​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជើង​ជួប​កីឡាករ​ជនជាតិ​អ៊ីរ៉ង់ ​ឈ្មោះ​ kordalivand Mohsen ខណៈ​កីឡាករ​ យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​របស់​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ អក្ខរៈ​ដេ​ត ស​.​ផន​ឆៃ នៅលើ​សង្វៀន នា​ថ្ងៃ​សុក្រ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

កីឡាករ​ ព្រំ សំណាង ជួប​ជាមួយ​កីឡាករ​ជនជាតិ​អ៊ីរ៉ង់​ ឈ្មោះ​ kordalivand Mohsen ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​គឺ​៧៨​គីឡូក្រាម រវាង​អ្នក​ទាំងពីរ​មិនទាន់មាន​ប្រភព​ណា​បញ្ជាក់ថា ​ពួកគេ​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ហើយ​មិនទាន់​ដឹងថា ​កីឡាករ​អ៊ីរ៉ង់​ម្នាក់នេះ​ មាន​វិជ្ជា​គុន​ខ្លាំង​ប៉ុនណា​នោះដែរ តែ​កីឡាករ​រូប​នេះ​ហ្វឹក​ហាត់​នៅ​ប្រទេស​ថៃ ដូចនេះ​ពួកគេ​ខ្លាំង​ខាង​ស្នៀត​ជើង​ទាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្ដួល ហើយ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​ទៀតផង​។​

ចំណែក​ ព្រំ សំណាង គេ​ជា​កីឡាករ​ដែលមាន​ស្នៀត​ប្រយុទ្ធ​ល្អ គឺ​ពេល​វាយ​សំណាង​គ្រាន់តែ​លើក​ជើង​ធាក់ ក៏​គូប្រកួត​ពិបាក​ទប់​ដែរ​ពិសេស​ស្នៀតដាល់​ត្រង់ៗ និង​ស្នៀត​កែង​វាយ​ទៅលើ​គូប្រកួត​ដែល​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​។

ការប្រកួត​កន្លងមក​ បើទោះបី​ ព្រំ សំណាង ការ​ដាល់​របស់គេ​មិន​អស្ចារ្យ​ក៏ពិតមែន ប៉ុន្តែ​សំណាង​មាន​កាយសម្បទា​ល្អ ខ្ពស់ ដៃជើង​វែង ដែលជា​ការ​អំណោយផល​ដល់​ការប្រកួត​ណាស់​។ ទោះជា​យ៉ាង​ណា​ការជួប​ប្រកួត​គ្នា​រវាង​កីឡាករ​ជនជាតិ​អ៊ីរ៉ង់​ ឈ្មោះ ​kordalivand Mohsen និង​កីឡាករ​ ព្រំ សំណា​ង ទាំងពីរ​នាក់​នេះ​មិនមាន​អ្នក​ណា​ហ៊ាន​ទាយ​មុន​ថា ​នរណា​ឈ្នះ​ចាញ់​នោះឡើយ ព្រោះ​សុទ្ធ​តែ​មាន​ផ្លែ​ល្អ​ដូចៗ​គ្នា បើ​កីឡាករ​ណា​វាយ​រៀង​មើលងាយ​គេ​នោះ​ច្បាស់​ជា​ចាញ់​មិន​ខាន​។ ចាំមើល​ព្រំ សំណាង ជា​អ្នកឈ្នះ ​ឬ​ kordalivand Mohsen?​។​

ដោយឡែក​កីឡាករ​ យុគ យក្ស​ផ្លែ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ អក្ខរៈ​ដេ​ត ស​.​ផន​ឆៃ​ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​នៅលើ​សង្វៀន​នេះ​។ កីឡាករ​ថៃ​ភាគច្រើន​ពួកគេ​ពូកែ​ស្នៀត​ជើង​ទាត់​កាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្តួល​គូប្រកួត​ឲ្យ​ដួល​ទាំង​ជំហរ​។​

ចំណែក​កីឡាករ​ យុគ យក្ស​ផ្លែ មិនសូវមាន​កម្ពស់​ខ្ពស់​ឡើយ ដូច្នេះ​ស្នៀត​កណ្ដាប់ដៃ ​និង​ស្នៀត​ជើង​ទាត់ ​ព្រមទាំង​បច្ចេកទេស​ផ្សេងៗ​ទៀត​ ពិតជា​សំខាន់​ណាស់​សម្រាប់​យកឈ្នះ​លើ​គូប្រកួត​ ហើយ​គេ​ជា​កីឡាករ​មានចិត្ត​ប្រដាល់​ធំ កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​ថែមទៀត ការប្រកួត​រាល់​លើក ​គឺ​ដើរ​បុក​ចូល​ទៅ​រក​គូប្រកួត​ជានិច្ច​។

​កណ្ដាប់ដៃ​របស់ ​យុគ យក្ស​ផ្លែ លឿន ​រហ័ស ​និង​ខ្លាំង​ថែមទៀត គូរ​ប្រកួត​ល្មមៗ ​មិន​អាច​តស៊ូ​ជា​មួយ​គេ​បាន​៥​ទឹក​នោះ​ទេ​។ ចាំមើល​កីឡាករ ​យុគ យក្ស​ផ្លែ ជា​អ្នកឈ្នះ ​ឬ​កីឡាករ​ថៃ ​អក្ខរៈ​ដេ​ត ស​.​ផន​ឆៃ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114