ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ជនជាតិ​បែលហ្សិក​ម្នាក់​ ប្តឹង​ទាស់​នឹង​សាលក្រម​កំបាំងមុខ ​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ជាង​១​គីឡូក្រាម ចូល​មក​កម្ពុជា​

​ភ្នំពេញ ៖ បុរស​ជនជាតិ​បែលហ្សិក​ម្នាក់ ​ឈ្មោះ ​TANGUY EDDIE J TALLER អាយុ​៣៧​ឆ្នាំ កាន់​លិខិត​ឆ្លងដែន​លេខ EN383201 បាន​ប្តឹង​ទាស់​នឹង​សាលក្រម​របស់ លោក ម៉េង តូ​នី ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​ផ្ដន្ទាទោស​កំបាំងមុខ​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​ រឿង​ដឹកជញ្ជូន​គ្រឿងញៀន​ជាង​១​គីឡូក្រាម ចូលមក​ប្រទេស​កម្ពុជា​។​

នៅពេល​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ ​ដោយមាន​ លោក ឆឹ​ម ឫទ្ធី ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ ​និងមាន ​លោក តុ​ប ឈុន​ឡុង ជា​តំណាង​អយ្យការ ហើយ​ជនជាប់ចោទ​ខាងលើ​បាន​ឆ្លើយ​បដិសេធ​ថា ​ខ្លួន​មិនបាន​ដឹង​រឿង​គ្រឿងញៀន​នេះ​នោះ​ទេ ហើយក៏​បាន​សុំ​ឲ្យ​លោក​ចៅ​ក្រម​លើកលែង​ការចោទប្រកាន់​នេះ​ ដោយ​ខ្លួន​មាន​ប្រពន្ធ​ និង​កូន​ត្រូវ​មើលថែ​។​

ក្រោយពី​បញ្ចប់​សវនាការ​សួរដេញដោល​ លោក​ចៅក្រម​ ក៏បាន​សម្រេច​កំណត់​យក​ថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ ពេលព្រឹក ​ដើម្បី​ប្រកាស​សាលក្រម​។​

កាលពី​ព្រឹក​ថ្ងៃទី​២២​ ខែមិថុនា ​ឆ្នាំ​២០១៨​ លោក ម៉េង តូ​នី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជនជាប់ចោទ​ ឈ្មោះ CATRY DAVIT NOEL M ភេទ​ប្រុស​៣៤​ឆ្នាំ ជនជាតិ​​បែលហ្សិក​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​កំបាំងមុខ​ជនជាប់ចោទ​ជនជាតិ​​បែលហ្សិក​ម្នាក់ ​ឈ្មោះ​TANGUY EDDIE J TALLER ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ដោយ​ដាក់​ពន្ធនាគារ​អស់​មួយជីវិត និង​ពិន័យ​ក្នុង​ម្នាក់ៗ​៨០​លាន​រៀល ​ចូល​ថវិកា​រដ្ឋ ក្រោម​ការចោទប្រកាន់​ពី​បទ ដឹង​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​ ហើយ​លោក​ចៅក្រម ​ក៏បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ឈ្មោះ ​TANGUY EDDIE J TALLER យកមកអនុវត្ត​ទោស​តាម​អំណាច​សាលក្រម​។​

សូម​បញ្ជក់​ថា​ កាលពី​វេលា​ម៉ោង​៨​និង១៣​នាទី​យប់​ ថ្ងៃទី​១០​ ខែ​មករា​ ឆ្នាំ​២០១៨ សមត្ថ​កិច្ចសហការ​ប្រតិបត្តិការ បង្ក្រាប​ការ​ដឹកជញ្ជូន​ឆ្លងកាត់​នូវ​សារធាតុ​ញៀន​មួយ​ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ចាប់​ដកហូត​ថ្នាំញៀន​ជាង​១​គីឡូក្រាម នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។​

លោក​ឧត្ដមសេនីយ៍​ទោ ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​”​ក​១”​ ដោយមាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច គយ នគរបាល​អន្តោប្រវេសន៍ និង សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន​នូវ​សារធាតុ​ញៀន​ឆ្លងដែន តាម​ជើង​អាកាស ពី​ប្រទេស​ប្រេស៊ីល ឆ្លង​កាត់​ប្រទេស​អេត្យូពី​-​ថៃ បាន​ចូលមក​កម្ពុជា។​

លទ្ធផល ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ មានឈ្មោះ CATRY DAVIT NOEL M ភេទ​ប្រុស ជនជាតិ​​បែលហ្សិក កាន់​លិខិត​ឆ្លង​លេខ EN106323.2.​។ ក្នុង​នោះ​បាន​ធ្វើការ​ដកហូត​សារធាតុ​ញៀន​ប្រភេទ ​Cocaine ទម្ងន់ ១០០៣.​និង​២៤​ក្រាម (១​គីឡូ​៣.២៤​ក្រាម​)។​

គួរ​រំលឹក​ផង​ដែរ​ថា ​នៅ​ល្ងាច​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ ជនជាតិ​​បែលហ្សិក ដែល​ជា​មេខ្លោង​ជួញ​ដូរ​គ្រឿងញៀន​ឆ្លងដែន ត្រូវបាន​កម្លាំង​ជំនាញ នគរបាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជា​មួយ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១) បាន​ស្រាវជ្រាវ និង​ឈាន​ចាប់ខ្លួនបាន នៅ​ចំណុច​ច្រកចេញ​ដំណើរ នៃ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​បាវិត ស្ថិតក្នុង​ភូមិ​បាវិត កណ្ដាល សង្កាត់​-​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114