ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ឧទ្ទាម​យេ​មែន​ទៅដល់​ប្រទេស​ស៊ុយអែត​សម្រាប់​កិច្ចចរចា​សន្តិភាព​ដ៏​សំខាន់

គណៈប្រតិភូ​ក្រុម​ឧទ្ទាម​យេ​មែន​ បាន​ទៅដល់​ប្រទេស​ស៊ុយអែត​ហើយ​កាលពី​ថ្ងៃ​អង្គារ​ដោយមាន​ការ​អមដំណើរ​ពី​សំណាក់​បេសកជន​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​សម្រាប់​កិច្ចចរចា​កម្រិត​ខ្ពស់​ជាមួយ​រដ្ឋាភិបាល​ក្នុង​គោលបំណង​បញ្ចប់សង្គ្រាម​របស់​ប្រទេស​នេះ​។​

ពួក​ឧទ្ទាម Huthi បាន​ទៅដល់​តាម​យន្តហោះ​របស់​គុយ​វ៉ែត​ចេញពី​រដ្ឋធានី Sanaa បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ដោះដូរ​អ្នកទោស​និង​ការជម្លៀស​អ្នកបះបោរ​ដែល​រងរបួស​ចំនួន​៥០​នាក់​អោយទៅ​ព្យាបាល​នៅ​ប្រទេស​អូ​ម៉​ង់​ក្នុងការ​ជំរុញ​ដ៏​ធំ​មួយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​សន្តិភាព​។​

សហរដ្ឋអាមេរិក​បាន​សាទរ​ចំពោះ​ការប្រកាស​អំពី​កិច្ចចរចា​សន្តិភាព​ក្នុងប្រទេស​ស៊ុយ​អ៊ែត​ថា​ជា “​ជំហាន​ទីមួយ​ដ៏​ចាំបាច់​និង​សំខាន់បំផុត​” ហើយ​បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ទាំងអស់​អោយ​បញ្ឈប់​ការធ្វើ​សង្គ្រាម​ជា​បន្តបន្ទាប់​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Heather Nauert បាន​និយាយថា “​យើង​ស្រ​ម៉ៃ​ថា ដំណើរការ​នេះ​នឹង​មិនមាន​ភាពងាយស្រួល​នោះទេ​ប៉ុន្តែ​យើង​ស្វាគមន៍​ចំពោះ​ជំហាន​ដំបូង​ដែល​ចាំបាច់​និង​សំខាន់បំផុត​។ ឥឡូវនេះ​គឺជា​ពេលវេលា​សម្រាប់​ប្រជាជន​យេ​មែន​ដើម្បី​ជំនួស​ការប៉ះទង្គិច​ជាមួយ​ការផ្សះផ្សា​និង​ធ្វើការ​រួមគ្នា​ឆ្ពោះទៅរក​ការសម្រេច​អោយបាន​នូវ​អនាគត​ដ៏​ត្រ​ចេះ​ត្រចង់​សម្រាប់​ប្រទេស​យេ​មែន​”​។​

គណៈប្រតិភូ​ក្រុម​ឧទ្ទាម​សម្រាប់​កិច្ចចរចា​សន្តិភាព​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​គឺ​ត្រូវបាន​អមដំណើរ​ដោយ​បេសកជន​អង្គការសហប្រជាជាតិ​លោក Martin Griffiths ។ ក្រុម​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Khaled al-Yamani ត្រូវបាន​គេ​រំពឹងថា​នឹង​ទៅដល់​ប្រទេស​ស៊ុយអែត​នៅ​ថ្ងៃ​ពុធ​។​

បើទោះបីជា​គ្មាន​កាលបរិច្ឆេទ​ណា​ត្រូវបាន​ប្រកាស​សម្រាប់​ការចាប់ផ្តើម​នៃ​កិច្ចចរចា​នេះ​ក៏ដោយ ប្រភព​រដ្ឋាភិបាល​យេ​មែន​បាន​និយាយថា ពួកគេ​អាច​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

លោក Mohammed Abdelsalam ដែល​ដឹកនាំ​ក្រុម​ឧទ្ទាម​សមាជិក​១២​រូប​បាន​និយាយថា ក្រុម Huthi នឹង​ប្រឹងប្រែង​អោយ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើអោយ​ជោគជ័យ​ដល់​កិច្ចពិភាក្សា​ក្នុង​ការស្តារ​សន្តិភាព​ឡើងវិញ​និង​បញ្ចប់​ការឈ្លានពាន​៕ AFP