ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៤​ធ្នូ​ កើតឡើង​១០​លើក​ ស្លាប់​៨​នាក់ និង​របួសធ្ងន់​ស្រាល​៩​នាក់​

​ភ្នំពេញ ​៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន​១០​លើក ( យប់​៥​លើក ) បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៨​នាក់ ( ស្រី​១​នាក់ ) រង​របួស​ធ្ងន់​៦​នាក់ ( ស្រី​២​នាក់ ) និង​រង​របួស​ស្រាល​៣​នាក់ ( ស្រី​១​នាក់ ) ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​៦​នាក់ ( យប់​៤​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១៩​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន​១២​គ្រឿង រថយន្ត​ធុន​តូច ចំនួន​២​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន ៥​គ្រឿង និង​កង់ ចំនួន​១​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្ដាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន​២​លើក ( ស្លាប់​២​នាក់ ) , មិន​គោរព​សិទ្ធិ ៣​លើក ( ស្លាប់​៣​នាក់ ) , មិន​ប្រកាន់​ស្តាំ​១​លើក , ប្រជែង​គ្រោះថ្នាក់​១​លើក ( ស្លាប់​២​នាក់ ) , បត់​គ្រោះថ្នាក់​២​លើក និង​កត្តា​យាន​១​លើក ( ស្លាប់​១​នាក់ )។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៦​លើក ផ្លូវ​ខេត្ត ចំនួន​២​លើក និង​ផ្លូវលំ ចំនួន​២​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន​៦​លើក រថយន្ត​ធុន​តូច ចំនួន​២​លើក និង​រថយន្ត​ធុន​ធំ ចំនួន​២​លើក។

រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ចាម​១​លើក ស្លាប់​២​នាក់ ភ្នំពេញ​៣​លើក ស្លាប់​២​នាក់ របួស​២​នាក់ ខេត្ត​បន្ទាយមានជ័យ​១​លើក ស្លាប់​២​នាក់ របួស​២​នាក់ ខេត្ត​ក្រចេះ​១​លើក ស្លាប់​១​នាក់ ( ស្រី ) របួស​១​នាក់ និង​ខេត្ត​ព្រះសីហនុ​១​លើក ស្លាប់​១​នាក់។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​៤៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៣​នាក់ របួស​សរុប​៦០​នាក់ ក្នុង​នោះ​របួសធ្ងន់​៤០​នាក់ និង​រង​រ​បួស​ស្រាល​២០​នាក់ ៕