ព័ត៍មានទាន់​ហេតុការណ៏
Search

កាតា​និយាយថា ព្រះ​ចៅ​បានទទួល​ការអញ្ជើញ​ពី​អារ៉ាប៊ីសាអ៊ូឌីត​អោយ​ចូលរួម​កិច្ចប្រជុំ GCC

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដូ​ហា​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ព្រះ​ចៅ Sheikh Tamim bin Hamad al-Thani របស់​ប្រទេស​កាតា​ បានទទួល​ការអញ្ជើញ​មួយ​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រ (GCC) ក្នុង​ខែ​នេះ​បើ​ទោះបី​ជាមាន​វិបត្តិ​ការទូត​ជា​បន្ត​ក៏ដោយ​។​

ការអញ្ជើញ​ទៅកាន់​ទីក្រុង​រី​យ៉ា​ដ​គឺជា​រឿង​សំខាន់​ណាស់​នៅពេល​ប្រទេស​កាតា​ត្រូវបាន​បំបែកបំបាក់​ដោយ​ប្រទេសមួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០១៧​មក​នៅក្នុង​ការដួលរលំ​នយោបាយ​អាក្រក់​បំផុត​រវាង​មហាអំណាច​ឈូង​សមុទ្រ​ដែល​សម្បូរ​ទៅដោយ​ថាមពល​។​

ទីភ្នាក់ងារ​ព័ត៌មាន​កាតា​បាន​និយាយ​នៅក្នុង​ការ​បង្ហោះ Twitter មួយ​ថា ព្រះ​ចៅ​បានទទួល​ការអញ្ជើញ​មួយ​ពី​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអ៊ូឌីត​សម្រាប់​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៩​ខែធ្នូ​។​
Twitter នេះ​មិនបាន​និយាយ​ទេ​ថា​តើ​ព្រះ​ចៅ​នឹងធ្វើ​ដំណើរ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​ដែរ​ឬក៏​អត់​។​

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដូចជា​អារ៉ាប់​រួម បា​រ៉ែ​ន​និង​អេ​ហ្ស៊ី​ប​បាន​ផ្អាក​រាល់​ទំនាក់ទំនង​ទាំងអស់​ជាមួយ​ប្រទេស​កាតា​ដោយ​អះអាងថា ក្រុង​ដូ​ហា​បាន​គាំទ្រ​អំពើ​ភេរវកម្ម​ហើយ​ជិតស្និទ្ធ​ពេក​ជាមួយ​គូប្រជែង​ដ៏​ខ្លាំង​របស់​ក្រុង​រី​យ៉ា​ដ​គឺ​ប្រទេស​អ៊ីរ៉ង់​។​

ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​កាតា​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ប៉ុន្តែ​ជម្លោះ​ដ៏​ជូរចត់​នេះ​បានអូសបន្លាយ​ពេល​១៨​ខែ​ហើយ​បានបង្ហាញ​សញ្ញា​តិចតួច​ណាស់​នៃ​ការដោះស្រាយ​។​

កាលពីដើម​សប្ដាហ៍​នេះ ប្រទេស​កាតា​បានប្រកាសថា ខ្លួន​នឹង​ចាក​ចេញពី​អង្គការ OPEC ដែល​នេះ​ជា​ទង្វើ​មួយ​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ផ្គើន​ចំពោះ​ក្រុង​រី​យ៉ា​ដ​ដែលជា​មហាអំណាច​លេច​ធ្លោ​បំផុត​មួយ​របស់​ក្រុម​ស្តេច​ប្រេង​៕ AFP