ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង ​សុំ​ផ្សះផ្សា​ជាមួយ​ប្រពន្ធ​មិនបាន ​បែរ​ជា​យក​កាំភ្លើង​បាញ់​ចូល​ផ្ទះ​ ប៉ង​សម្លាប់​

​ភ្នំពេញ ៖ បុរស​ម្នាក់ ​ដែល​ឪពុកក្មេក​អះអាងថា ​ជា​យោធា ​បាន​យក​កាំភ្លើង​មក​បាញ់​ចូល​ផ្ទះ​ប្រពន្ធ​ទាំង​កណ្ដាល​អធ្រាត្រ ​ព្រោះតែ​ខឹង​សុំ​ផ្សះផ្សា​មិនបាន​។​

ហេតុការណ៍​ផ្ទុះអាវុធ​នេះ​ បាន​កើតឡើង​នៅ​ពាក់កណ្ដាល​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​៥​ធ្នូ ​នៅ​ចំណុច​ផ្ទះ​លេខ​៧៦ ​ភូមិ​ដើម​ស្លែង​១ ​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

យោងតាម​ពាក្យបណ្ដឹង​របស់ លោក ​វ៉ែន លីន អាយុ​៤៩​ឆ្នាំ​ ដែល​ត្រូវជា​ឪពុកក្មេក​ជនដៃដល់​ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​បាន​បាញ់​ចូលក្នុង​ផ្ទះ​របស់លោក​នេះ​ គឺជា​កូនប្រសា​ ឈ្មោះ ​មឿ​ន តុលា អាយុ​២៩​ឆ្នាំ​ មុខរបរ​ជា​យោធា​។​

មឿ​ន តុលា នេះ​ បាន​ចុះ​ចេញពីផ្ទះ ​ដោយ​លែងលះ​ជាមួយ​កូនស្រី​របស់ លោក ​តាំងពី​កូន​របស់គាត់​សម្រាលកូន​បាន​៧​ថ្ងៃ​មក​ម្ល៉េះ​ ហើយក៏​បានមក​ផ្តិតមេដៃ​លែងលះ​នៅត្រឹម​សាលាសង្កាត់​ច្បារ​អំពៅ​ទី​២​ ដែល​មកដល់​ថ្ងៃនេះ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​។​

លោក​ វ៉ែន លីន បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា​ ក្នុងអំឡុងពេល​២​ខែ​កន្លងទៅ​ ជននេះ​ធ្លាប់បាន​មក​សុំ​ត្រូវរ៉ូវ​ជាមួយ​កូនស្រី​របស់លោក​វិញ​ ប៉ុន្តែ​កូនស្រី​របស់លោក​មិន​ព្រម​ ព្រោះតែ​ប្តី​រូប​នេះ​ចិត្ត​សាហាវ​ និង​តែង​បង្ករឿង​ក្នុង​គ្រួសារ​ដែល​មិនអាច​ទ្រាំ​បាន​។​

ដោយសារ​មិនបាន​សម​ដូច​បំណង​ គឺ ​មឿ​ន តុលា​ តែង​បង្ករឿង​ដល់​មុខផ្ទះ​ឥត​ឈប់ឈរ​ រហូតដល់​យប់​កណ្ដាល​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​៥​ធ្នូ​នេះ ​ស្រាប់តែ ​មឿ​ន តុលា ​យក​កាំភ្លើងខ្លី​បាញ់​ចូល​ក្នុងផ្ទះ​ដែល​ប្រពន្ធ​ កូន ​និង​ឪពុកក្មេក ​កំពុង​ដេក​ចំនួន​៤​គ្រាប់ ​ត្រូវចំ​សម្ភារៈ​ក្នុងផ្ទះ ​ប៉ុន្តែ​សំណាង​ណាស់​មិន​ត្រូវ​អ្នកស្នាក់នៅ​ក្នុងផ្ទះ​។​

លោក ​វ៉ែន លីន សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដល់​គ្រួសារ​លោក​ផង​ បើ​ពុំ​ដូច្នេះ​ទេ​ នៅ​ថ្ងៃ​ណាមួយ​ជន​នេះ​នឹង​មក​បាញ់សម្លាប់​គ្រួសារ​លោក​ជាក់​ជាមិនខាន​។​ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ករណី​ផ្ទុះអាវុធ​នេះ​ គឺ​សមត្ថកិច្ច​ពុំ​បានដឹង​ឡើយ​។​ លុះ​ព្រឹក​ឡើង​ ទើប​ឃើញ​ឪពុកក្មេក​ជនដៃដល់​ម​ក​ដាក់ពាក្យ​បណ្ដឹង​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ ដោយ​កាន់​ទាំង​សំបក​គ្រាប់​ និង​ក្បាល​គ្រាប់​យក​មក​ជាមួយ​ទៀត​ផង​៕