ព័ត៍មានទាន់​ហេតុការណ៏
Search

តូ​តា នាំ​យក​ថវិកា​ជាង​៣​ពាន់​ដុល្លារ ​ឧបត្ថម្ភ​ជួយ​ដល់​ក្មេង​ស្រី​ដែល​កំព្រា​ កើត​ជំងឺ​ទឹកនោមប្រៃ​កម្រិត​ធ្ងន់​

​ភ្នំពេញ ​៖ ​ដោយសារ​មើលឃើញ​ពី​​ភាព​ខ្វះខាត​របស់​ក្មេងស្រី​កំព្រា​ឪពុក​-​ម្តាយ ​ដែល​បច្ចុប្បន្ន​កំពុងមាន​ជំងឺ​ប្រចាំកាយ​ផង​នោះ ​តារា​សម្ដែង​ស្រី​វ័យក្មេង​ កញ្ញា តូ​តា កាលពី​ថ្មីៗ​នេះ​ បាន​នាំយក​ថវិកា​ដែល​ប្រមូលបាន​ពី​សប្បុរសជន​ប្រមាណ​ជាង​៣​ពាន់​ដុល្លារ​ ទៅ​ឧបត្ថម្ភ​ជួយ​ដល់​ក្មេងស្រី​រូបនេះ​ដើម្បី​សម្រួល​ការព្យាបាល​ជំងឺ​។​

​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​តារា​សម្ដែង​ស្រី​ កញ្ញា ម៉ាក់​សែន សូ​នី​តា ហៅ តូ​តា បាន​និយាយ​ថា ​ក្មេង​ស្រី​កំព្រា​ខាងលើនេះ ​បច្ចុប្បន្ន​កំពុងតែ​ប្រឈម​នឹង​ជំងឺ​កាច់​សាហាវ​ គឺ​ទឹកនោមប្រៃ​កម្រិត​ធ្ងន់ ​ដែល​ពេលនេះ ​ក៏​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ផង​ដែរ​។

​ការ​ជួយ​ដល់​កុមារកំព្រា​រួប​នេះ ​ដោយហេតុថា ​នាង​មិន​ត្រឹមតែ​ខ្វះ​ភាព​កក់ក្តៅ​ពី​ឪពុក​-​ម្តាយ​នោះ​ទេ​ថែមទាំង​មក​ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ​បែបនេះ​ទៀត​។​

​តារា​ស្រី​ និង​ជា​ថៅកែ​ហាង​លក់​គ្រឿង​សមុទ្រ​វ័យក្មេង​ កញ្ញា តូ​តា បាន​រៀបរាប់​ថា ​ឥឡូវនេះ ​នាង​ខ្ញុំ​បាន​យក​ថវិកា​របស់​សប្បុរសជន​ចំនួន​៣២៨០.៥០​ដុល្លារ​ មក​ជូន​ដល់ដៃ​កុមារកំព្រា​ដែល​កំពុង​មាន​ជំងឺ​ទឹកនោមប្រៃ​កម្រិតធ្ងន់​ដល់​មន្ទីរពេទ្យ​កំពុង​សម្រាក​ព្យាបាល​តែម្ដង​។ ជូនពរ​ឲ្យ​សប្បុរសជន​ទទួល​បាន​ជោគជ័យ ជ័យជំនះ សុខភាព​ល្អ។​

​កញ្ញា តូ​តា បាន​និយាយ​បន្តទៀតថា ​សូម​ឲ្យ​កុសល​ដែល​បានមកពី​ការ​ផ្តល់​ទាន នាំ​ឲ្យ​សប្បុរសជន​ទាំងអស់​ឲ្យ​ជួបតែ​សេចក្តីសុខ​។​

ជាមួយគ្នានេះដែរ​ តារា​សម្ដែង ​កញ្ញា ម៉ាក់ សែន​សូ​នី​តា ក៏បាន​បន្តធ្វើ​ការ​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង ​និង​ក្រៅប្រទេស​ មេត្តា​ជួយ​បរិច្ចាគ​ថវិកា ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​កុមារី​ដែល​មាន​ជំងឺ​ទឹកនោមប្រៃ​កម្រិត​ធ្ងន់​ផងដែរ​។​

​សូម​ជម្រាប​ថា​ តារា​សម្ដែង ​កញ្ញា តូ​តា ក្រៅតែពី​ជោគជ័យ​ និង​ទទួលបាន​ការគាំទ្រ​ច្រើន​លើ​វិស័យ​សិល្បៈ​នោះ​ បច្ចុប្បន្ន​នាង​ក៏មាន​មុខ​ជំនួញ​ផ្ទាល់ខ្លួន​តាមរយៈ​ការចូល​ទុន​រួមគ្នា​ជាមួយ​គូស្នេហ៍​ពង្រីក​ហាង​លក់​គ្រឿង​សមុទ្រ​ជាច្រើន​កន្លែង ​នៅ​រាជធានី​ភ្នំពេញ​ និង​ក៏​មាន​១​សាខា​ទៀត ​នៅ​ក្រុង​តាខ្មៅ​ផង​ដែរ​៕