ព័ត៍មានទាន់​ហេតុការណ៏
Search

កូនស្រី កឹម សុខា ហៅ​សន្និសីទ​នៅ​អា​ត្ល​ង​តា​របស់​ក្រុម​ លោក សម រង្ស៊ី ថា ជា​សន្និសីទ​ខ្យល់ និង​ជា​ប្រធាន​ស្តីទី​ខ្យល់​

​ភ្នំពេញ ​៖ កូនស្រី​ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កញ្ញា កឹម មនោ​វិទ្យា បាន​បន្ត​វាយប្រហារ​ក្រុម​លោក សម រង្ស៊ី ដែល​ថ្មីៗ​នេះ បានរៀបចំ​កម្មវិធី​មួយ​នៅ​ទីក្រុង​អាត់ត្លង់តា (Atlanta) រដ្ឋ Georgia សហរដ្ឋអាមេរិក ហើយ​បានតែងតាំង ​លោក សម រង្ស៊ី ជា​ប្រធានស្តីទី​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ រំលោភ​ទៅ​នឹង​លក្ខន្តិកៈ​របស់​គណបក្ស ហើយ​បាន​អះអាង​ថា បើ​ចាត់ទុក​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មិនទាន់​រលាយ ត្រូវតែ​គោរព​លក្ខន្តិកៈ។​

កញ្ញា កឹម មនោ​វិទ្យា លើកឡើង​បែបនេះ បន្ទាប់ពី​ក្រុមមនុស្ស​មួយចំនួន ដែល​គាំទ្រ ​លោក សម រង្ស៊ី បាននាំគ្នា​រៀបចំ​សន្និសីទ​មួយ​កាលពី​ថ្មីៗ​នេះ ដោយបាន​ចេញ​សេចក្ដី​សម្រេច​ចំនួន​១០​ចំណុច ហើយ​ក្នុងនោះ ក៏មាន​ការតែងតាំង ​លោក ​សម រង្ស៊ី ជា​ប្រធានស្តីទី​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ដែល​ការ​សម្រេច​បែបនេះ ត្រូវបាន​អតីត​ថ្នាក់ដឹកនាំ​ជាច្រើន​យល់ថា ធ្វើឡើង​ដោយ​ខុស​លក្ខន្តិកៈ និង​ជា​ការ​ធ្វើ​បក្ស​ប្រហារ​។​

កញ្ញា កឹម មនោ​វិទ្យា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង​នេះ​ថា “​បើ​ចាត់ទុកថា CNRP មិន​រលាយ​ដូច​តុលាការ​ប្រកាស​ទេនោះ ត្រូវគោរព​ក្របខ័ណ្ឌ លក្ខន្តិកៈ CNRP​។ CNRP តែង​ចេញ​សេចក្ដីថ្លែងការណ៍​ជារឿយៗ​ថា មិន​ទទួលស្គាល់​ការ​រំលាយ​ទេ នៅតែ​ប្រតិបត្តិ​តាម​លក្ខន្តិកៈ​ជានិច្ច​”​។

តាម​កញ្ញា កឹម មនោ​វិទ្យា “​បើ​ចាត់ទុកថា CNRP រលាយ​ហើយ គ្មាន​មាន​លក្ខន្តិកៈ​ទៀត​ទេ នោះ​មា​ន​ន័យ​ថា គ្មាន​បក្ស​ឈ្មោះ គ ស ​ជ CNRP ទៀត​ទេ ដូច្នេះ​ម្ដេច​បានជា​ហៅថា ការប្រជុំ CNRP និង​ប្រធាន CNRP ? បើ​ហ៊ាន​និយាយថា CNRP រលាយ​ហើយ អញ្ចឹង​នោះ​ជា conference ខ្យល់ ប្រធាន​ស្តីទី​ខ្យល់ ! អន្តរជាតិ អន្តរជាតិៗ​ៗ​ៗ ធ្វើគ ធ្វើ​ថ្លង់ ធ្វើ​ខ្វាក់​ឬ បានជា​មិនដឹង​ពី​ដំណើរការ​រក​ដំណោះ​ស្រាយ​របស់​អន្តរជាតិ ? ដែល​គេ​ជិត​មកដល់​ទីបញ្ចប់​ទៅ​ហើយ​”​។​

ទាក់ទង​បញ្ហា​នេះដែរ លោក ហ៊ីង សុខ​សាន អតីត​ប្រធាន​ចលនា​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជា​មនុស្ស​ស្និទ្ធ​ជាមួយ ​លោក សម រង្ស៊ី ផងដែរ​នោះ បាន​លើកឡើងថា ការរៀបចំ សន្និ​សីទ​នៅ​អា​ត្ល​ង​តា សហរដ្ឋអាមេរិក​នោះ ទីមួយ មិន​ស្របទៅនឹង​ទម្រង់​លក្ខន្តិកៈ​គណបក្ស​យ៉ាង​ធ្ងន់ធ្ងរ​។
លោក​បញ្ជាក់ថា “​កម្មវិធី​នៅ​អា​ត្ល​ង​តា វា​អត់​មានអី​ខុសពី​កម្មវិធី​មុនៗ​នោះទេ គ្រាន់តែ​គេ​ទាញ​ការ​ចាប់​អារម្មណ​មួយ​ប៉ុណ្ណោះ តែ​អ្វីដែល​យើង​មើលឃើញ គឺជា​ទង្វើ​មួយ និង​ប្រាសចាក​ពី​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្ងន់ធ្ងរ បើសិនជា​យើង​តាំងខ្លួន​ជា​ថ្នាក់ដឹកនាំ ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ យើង​អត់​ប្រព្រឹត្ត​អ្វី​ខុសពី​លក្ខន្តិកៈ​គណបក្ស​នោះ​ទេ​។

ផ្ទុយទៅវិញ​ បើ​យើង​ចេញពី​គណបក្ស​ទៅ​បង្កើត​អ្វីមួយ​ផ្សេងទៀត ទើប​លក្ខន្តិកៈ​គណបក្ស​អស់​តម្លៃ​។​…​ខ្ញុំ​ឃើញ​សេចក្ដី​សម្រេច​១០​ចំណុច​ហ្នឹង ដូចជា​ចង់​សើច ដូចជា​បាយឡុកបាយឡ ហើយ​មិន​ត្រឹមតែ​ផ្ទុយ​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​គណបក្ស​ទេ ហើយ​ចេញ​សេចក្ដី​សម្រេច​ហ្នឹង​មក វា​ហាក់​ដូចជា​លេងសើច​ពេក ធ្វើ​ឲ្យ​គេ​មើលងាយ​យើង ហើយ​ទី​២​ឲ្យ​មហាជន​ហ្នឹង​ចាត់​ទុក​អ្នកចូលរួម​ធ្វើ​សេចក្ដី​សម្រេច​ហ្នឹង ខ្ញុំ​មិនដឹង​ប្រើ​ពាក្យ​យ៉ាងម៉េច​ឲ្យ​សមរម្យ​នោះ​ទេ ខ្ញុំ​ខ្ជិល​និយាយ​ហ្មង​ទៅ ពាក្យ​ខ្មែរ​និយាយ​ថា ដូច​លេងសើច​ហ្មង​…”​។​

សូម​បញ្ជាក់​ថា សន្និសីទ​របស់​អតីត​គណបក្សប្រឆាំង បាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​០១-០២ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី ​លោក សម រ​ង្ស៉ី ខណៈ លោក កឹម សុខា និង​បក្ខពួក​មិន​គាំទ្រ ឬ​ចូលរួម​នៅក្នុង​សន្និសីទ ដែល​រៀបចំឡើង​ដោយ​ក្រុម​របស់ លោក សម រ​ង្ស៉ី នោះ​ឡើយ​។​

ក្រោយពី​សន្និសីទ​នោះ នៅ​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៨ សហ​មេធាវី​៤​រូប​របស់ លោក កឹម សុខា អតីត​ប្រធាន ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ប្រកាស​ជំហរ​របស់​ លោក កឹម សុខា ថា មិន​ទទួលស្គាល់​សន្និសីទ​រប​ស់​ក្រុម ​លោក សម រ​ង្ស៉ី នៅ​ទីក្រុង​អា​តា​ឡង់​តា សហរដ្ឋ​អាមេរិក​នោះ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114