ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​បរទេស ​និង​ក្នុងប្រទេស​ត្រៀម​និយាយ​ពាក្យ​លា​ទៅកាន់​លោក Bush

ឥស្សរជន​អន្តរជាតិ ​នឹង​ចូលរួម​ជាមួយ​បណ្តា​មេដឹកនាំ​អាមេរិក​នា​ពេល​បច្ចុប្បន្ន​ និង​អតីតកាល​ដើម្បី​និយាយ​ពាក្យ​លា​ជា​លើក​ចុង​ក្រោយ​ចំពោះ​អតីត​ប្រធានាធិបតី George H.W. Bush​។​

ប្រធានាធិបតី​ទី​៤១​របស់​ប្រទេស​រូបនេះ​បានទទួល​មរណភាព​កាលពី​ថ្ងៃ​សុក្រ​នៅ​អាយុ​៩៤​ឆ្នាំ​ហើយ​សព​របស់គាត់​ត្រូវបាន​តម្កល់​នៅ​វិមាន​កា​ពី​តូ​ល​ចាប់តាំងពី​យប់​ថ្ងៃ​ចន្ទ​មកម្ល៉េះ​។​

ជនជាតិ​អាមេរិក​រាប់ម៉ឺន​នាក់​បានធ្វើ​ការគោរព​ចំពោះ​បុរស​ម្នាក់​ដែល​បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​ពេលវេលា​ដ៏​ច្របូកច្របល់​រួមទាំង​ការបញ្ចប់​សង្គ្រាមត្រជាក់​ផងដែរ​ហើយ​មាន​ភាពខុសគ្នា​ស្រឡះ​ពី​ការដឹកនាំ​ពោរពេញ​ដោយ​បញ្ហា​នាពេល​បច្ចុប្បន្ន​របស់លោក Donald Trump​។​

ប្រធានាធិបតី​នៅមាន​ជីវិត​ចំនួន​ប្រាំ​រូប​របស់​ប្រទេស​នេះ​ដូចជា​លោក Jimmy Carter, លោក Bill Clinton, កូនប្រុស​លោក Bush លោក George W. Bush, លោក Barack Obama និង​លោក Trump គ្រោង​នឹងចូលរួម​ពិធីបុណ្យ​សព​នៅ​មហាវិហារ​ជាតិ​ក្រុង​វ៉ាស៊ីនតោន​។​

អ្នកចូលរួម​ផ្សេងទៀត​មានដូចជា​ព្រះមហាក្សត្រ​ចក្រភព​អង់គ្លេស Charles, អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel, ព្រះមហាក្សត្រ Abdullah ទី​ពីរ​និង​ព្រះមហា​ក្សត្រិយានី Rania នៃ​ប្រទេស​ហ្ស៊​កដា​នី​និង​អតីត​ប្រធានាធិបតី​ប៉ូឡូញ​លោក Lech Walesa​។​

មួយថ្ងៃ​មុន​ពិធី​បុណ្យសព​ផ្លូវរដ្ឋ លោក Trump និង​ជំទាវ​ទីមួយ Melania Trump បាន​ជួប​ជាមួយ​លោក George W. Bush និង​អតីត​ជំទាវ​ទីមួយ Laura Bush នៅ​គេហដ្ឋាន​ទទួលភ្ញៀវ​របស់​ប្រធានាធិបតី​ឬ​គេ​ហៅថា Blair House​។​

លោក Trump មិនបាន​ចូលរួម​ពិធី​បុណ្យសព​ក្នុងឆ្នាំនេះ​របស់លោក​ស្រី Barbara Bush ដែលជា​ភរិយា​របស់លោក George H.W. Bush ទេ​ថ្វីបើ​ប្រធានាធិបតី​ដទៃទៀត​បាន​ចូលរួម​ក៏ដោយ​។​

លោក Trump បានប្រកាស​យក​ថ្ងៃ​ពុធ​ថា​ជា​ថ្ងៃ​កាន់ទុក្ខ​ថ្នាក់ជាតិ​។ ការិយាល័យ​សហព័ន្ធ​ជាច្រើន​នឹងត្រូវ​បិទទ្វារ​ស្រប​ជាមួយ​ផ្សារ​ហ៊ុន Wall Street ៕ AFP