ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡដ្ឋាន​គម្រោង​ទី​១​ ក្នុង​រាជធានី​ភ្នំពេញ​ របស់​ក្លិប​បឹង​កេត ចាប់ផ្ដើម​ធ្វើដំណើរ​ក្រាល​ស្មៅ​ហើយ​

បាត់ទាត់ ៖ ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ជើងឯក​រង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ (Metfone Cambodian League 2018) ​បានដាក់​គម្រោង​សាងសង់​ទីលាន​ផ្ទាល់ខ្លួន​លើកដំបូង​ ​ក្រោយ​កកើត​ក្លិប​តាំងពី​ឆ្នាំ​២០១០ មក​ ​ដែល​គម្រោង​២​ផ្សេងគ្នា​នេះ ​គឺ​មាននៅ​រាជធានី​ភ្នំពេញ ចំនួន​១​កន្លែង​ ​និង​នៅ​ខេត្ត​កំពង់ចាម ១​កន្លែង​។​

​ថ្នាក់ដឹកនាំ​របស់​ក្លិប​បឹងកេត បានរៀបចំ​ពិធីសែនព្រេន​ដើម្បី​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​គម្រោង​ទី​១​ដែលមាន​ទីតាំងនៅ​តំបន់​បឹង​ស្នោ​ ​ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ កាលពី​ខែតុលា កន្លងទៅ​ខណៈ​តាម​គ្រោង​ការសាងសង់​ គ្រោង​នឹង​បញ្ចប់​ឲ្យ​រួចរាល់​មុន​រដូវ​កាល​ក្រោយ​ដើម្បី​ត្រៀម​ស្វាគមន៍​ការប្រកួត​លី​គ​កំពូល ពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ក៏ដូចជា​ពានរង្វាន់​អន្តរជាតិ​ផ្សេងៗ​។​

​លោក បែ មករា អ្នកចាត់ការ​ក្លិប​បឹងកេត​ឲ្យ​ដឹង​ថា កីឡដ្ឋាន​របស់​ខ្លួន​លើក​ទី​១​នេះ​ បាន​ចាប់ផ្ដើម​ដំណើរ​ក្រាល​ស្មៅ​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ ទី​០៤​ធ្នូ សប្ដាហ៍​នេះ​។ ប្រភព​បន្ត​ថា ​កីឡដ្ឋាន​នេះ​ជា​ស្មៅ​ធម្មជាតិ និង​មាន​គុណភាព​ដូច​ទៅនឹង​ស្មៅ​របស់​កីឡដ្ឋាន​ក្លិប Buriram United និង​អាច​ដំណើរការ​ហ្វឹកហាត់​ជា​ស្ថាពរ​នៅ​អំឡុង​ខែមករា ឆ្នាំ​២០១៩ ខាងមុខ​។ ចំណែក​តម្លៃ​ស្មៅ និង​ដំណើរការ​ក្រាល​សរុប​ទឹកប្រាក់​អស់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​។​

​តាម​គ្រោង​ក្រៅ​អំពី​ការចូលរួម​ទស្សនាការ​ប្រកួត​នានា​ក្នុង​ទឹកដី​របស់​ក្លិប​បឹងកេត​នៅ​កីឡដ្ឋាន​ថ្មី​នេះ​អ្នកគាំទ្រ​ក៏​អាច​រីករាយ​ទទួលយក​នូវ​បទពិសោធន៍​ថ្មី ជាមួយ​ការ​ដើរ​កម្សាន្ត ទិញ​ទំនិញ​ផ្សេងៗ ទទួល​ទាន​អាហារ​ឆ្ងាញ់ៗ​ក្នុង​ភោជនីយដ្ឋាន​ដែល​មាន​ផាសុកភាព លេង​កីឡា ឬ​ហាត់ប្រាណ ​នៅ​កន្លែង​ Gym ​ដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ​ផង​ដែរ​។​

​លោក បែ មករា​ ​អ្នកចាត់ការ​ទូទៅ​ក្រុម​បឹងកេត​ធ្លាប់បាន​បញ្ជាក់ថា ​៖ «​តាមពិតទៅ គម្រោង​យើង​ដំបូង​ ​សម្រាប់​គម្រោង​ធ្វើ​នៅ​ភ្នំពេញ​ ​គ្រាន់តែ​ជា​កន្លែង​ហ្វឹកហាត់​ទេ​ ​ព្រោះ​កីឡាករ​ភាគច្រើន​គាត់​ស្នាក់នៅ​ភ្នំពេញ​ ​ដល់ពេល​យើង​ប្រកួត​ក្នុង​ដី យើង​ទៅ​ប្រកួត​នៅ​ខេត្ត​កន្លែង​យើង​ធ្វើ​។​ ​តែ​ដោយសារ​យើង​អត់​ទាន់​មាន​ទីតាំងនៅ​ខេត្ត​ ​អីចឹង​យើង​ក៏​បង្វែរ​ពី​ការ​ធ្វើ​កន្លែង​ហ្វឹកហាត់​នៅ​ភ្នំពេញ​ ​ទៅជា​ទីលាន​ប្រកួត​បណ្ដោះអាសន្ន​ ​ដែល​ជា​គម្រោង​ទី​១​។

ទោះបីជា​ទីលាន​ប្រកួត​បណ្ដោះអាសន្ន​ក្ដី​ ​ក៏​យើង​មិន​ធ្វើ​ឲ្យ​តែ​រួចពីដៃ​ដែរ​ ​គឺ​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ ដែល​មើលទៅ​អាច​ទទួលយកបាន​ ​អ្នកគាំទ្រ​សប្បាយ​ចិត្តនឹង​មក​ទស្សនា​ ​មាន​កន្លែង​អង្គុយ និង​មាន​កន្លែង​ហាត់ប្រាណ​ជាដើម​»​។ រីឯ​គម្រោង​ទី​២ ​ដែល​ក្លឹប​គ្រោង​សាងសង់​ជា​កីឡដ្ឋាន​ធំ​ស្តង់ដារ​ ​នៅ​ខេត្ត​កំពង់ចាម ក៏​មិនទាន់​កំណត់​ពេលវេលា​សាងសង់​ដែរ​ ​ដោយ​រង់ចាំ​រកឃើញ​ទីតាំង​ដី​ល្អ​សិន​។​

​ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។

នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់​ CNCC Cup 2017 ​ផងដែរ​។ ចំណែក​ពានរង្វាន់​នៅក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្ត​កំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពាន​រង្វាន់​ AFC President’s Cup ​នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ Toyota Mekong Club Championship 2015 ​តែ​ចាញ់​ក្រុម​ Buriram United ​របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផង​ដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី​ AF Cup ​ផងដែរ​ តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ដូចគ្នា​៕