ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​វិសាខា បន្ថែម​សមាជិក​រហូតដល់​៦​រូប​ក្នុង​ឈុត​យុវជន U17 របស់ខ្លួន

ក្លិប​បាល់ទាត់​វិសាខា សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បានប្រកាស​នាំចូល​កីឡាករ​យុវជន​រហូតដល់​៦​នាក់ ដាក់​ក្នុង​ក្រុម យុវជន​ក្រោម​អាយុ ១៧​ឆ្នាំ របស់ខ្លួន ហើយ​កីឡាករ​ទាំងអស់នេះ​សុទ្ធតែ​ធ្លាប់​ហ្វឹកហាត់​ជាមួយ​ក្រុម U16 សាលា​បាល់ទាត់​ជាតិ​បាទី ដើម្បី​បន្ដ​ការហ្វឹកហាត់ និង​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​ក្លាយជា​កីឡាករ​អាជីព នា​ថ្ងៃ​អនាគត​។

យោងតាម​ការបញ្ជាក់​របស់​ក្លិប​សមាជិក​ថ្មី​ទាំង​៦​នេះ​ រួមមាន​ខ្សែបម្រើ សួង ដា​វីត មកពី​ខេត្តតាកែវ​, ខ្សែបម្រើ គី រី​ណា មកពី​ខេត្តបាត់ដំបង​, ខ្សែការពារ ពៅ ចាន់​ថេត មកពី​ខេត្តបន្ទាយមានជ័យ​, ខ្សែការពារ​កណ្ដាល លីន តារា​ដេ​វិ​ទ្យ មកពី​ខេត្តព្រះវិហារ​, ខ្សែប្រយុទ្ធ ធី រ៉ា​ឈុន មកពី​ខេត្តកណ្ដាល និង​អ្នកចាំទី គង់ ភ័​ក្ដ្រា មកពី​ខេត្តតាកែវ ដោយ​ក្នុងនោះ​មាន​កីឡាករ ៥​នាក់ ទើប​មាន​វ័យ ១៦​ឆ្នាំ លើកលែងតែ ពៅ ចាន់​ថេត មាន​វ័យ ១៧​ឆ្នាំ​។

សម្រាប់​ការ​បន្ថែម​កីឡាករ​ក្រុម U17 វិសាខា​នេះដែរ ថ្នាក់ដឹកនាំ​ក្លិប​វិសាខា បាន​​ផ្ដល់​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ពួកគេ ដូច​កីឡាករ​យុវជន​ផ្សេងៗ​ដែរ ដូចជា​ការ​ផ្ដល់​នូ​វ​ក​ន្លែ​ង​ស្នាក់នៅ ការហូបចុក ការហ្វឹកហាត់ ពិសេស​គឺ​ការ​ផ្ដល់ឱកាស​រៀនសូត្រ​ពេញលេញ និង​ការ​ផ្ដល់នូវ​សម្ភារៈ​ផ្សេងៗ​ជាដើម។ ដោយហេតុនេះ ក្លិប​សង្ឃឹមថា ពួកគេ​នឹង​ក្លាយជា​ធនធាន និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​រួមចំណែក​ជួយ​ក្លិប និង​បាល់ទាត់​ជាតិ នាពេល​អនាគត​។

ក្រុមយុវជន​ក្រោម​អាយុ​១៧​ឆ្នាំ​របស់​វិសាខា ដឹកនាំ​ដោយ​លោក វី លីកា បាន​ហ្វឹកហាត់​ជាមួយគ្នា​មួយរយៈ​មក​ហើយ​ក្នុងនោះ​ក៏បាន​ចេញ​យុទ្ធនា​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​បាន​មួយចំនួន​ផងដែរ​។ ថ្នាក់ដឹកនាំ​ក្លិប​ចង់ឃើញ​កីឡាករ​ក្នុង​ឈុត​យុវជន​នេះ​មានការ​ព្យាយាម​ហ្វឹកហាត់ និង​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​មានការ​រីកចម្រើន ដោយ​ផ្ដើមចេញពី​ការយល់​ចិត្ត​គ្នា ការគ្រប់គ្រង ការបញ្ជូន​បាល់ ការគាំទ្រ​គ្នា​ទៅវិញទៅមក និង​ការបញ្ចប់​ទី​ជាដើម​៕