ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​ភ្នំពេញ​ក្រោ​ន បន្ថែម​ជនជាតិ​ប្រេ​ស៊ី​ល​៤​នាក់ ​ក្នុង​បញ្ជី​ដោយ​ក្នុង​កីឡាករ​២​រូប​និង​គ្រូពេទ្យ​ផ្នែក​ចលនារ​២​រូប​ទៀត

​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល បានប្រកាស​បង្ហាញ​សមាជិក​ថ្មី​ចំនួន​៤​រូប នៅ​ថ្ងៃ​ពុធ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ សប្ដាហ៍​នេះ​ក្នុង​បរិវេណ​កីឡដ្ឋាន RSN Stadium ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ ដោយ​អ្នក​ទាំងអស់​សុទ្ធសឹង​ជា​ជនជាតិ​ប្រេ​ស៊ី​ល ដូចគ្នា​។

ក្នុងចំណោម​អ្នក​ទាំង​៤​មាន​២​នាក់​ជា​កីឡាករ​គឺ​ខ្សែប្រយុទ្ធ Paulo Victor និង​អ្នកចាំទី Leonardo ព្រមទាំង​ក្រុមការងារ​ពេទ្យ​ចលនា​២​រូប​ទៀត​។ លោក Leonardo Vitorino គ្រូ​បង្គោល​ភ្នំពេញ​ក្រោ​ន​លើកឡើង​ថា ​ដោយសារតែ​ប្រទេស​ប្រេ​ស៊ី​ល មាន​ប្រវត្តិសាស្ត្រ​ល្អ​និង​កំពុងតែ​រីកចម្រើន​ក្នុង​ពិភព​បាល់ទាត់​ទើប​ក្លិប​លោក​សម្រេចចិត្ត​បន្ថែម​សមាជិក​ជា​ជនជាតិ​ប្រេ​ស៊ី​ល​បែបនេះ​។ ក្នុង​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ថ្នាក់ដឹកនាំ​ក្លិប​រូប​នេះ​បាន​ជឿជាក់​ថា កីឡាករ​ថ្មី​ទាំងពីរ​រូប​អាច​ផ្ដល់​សក្ដានុពល​ដល់​ក្រុម និង​ជាពិសេស​អាច​ជួយ​ដល់​កូនក្រុម​ក្នុងស្រុក​ដែល​ភាគច្រើន​ជា​កីឡាករ​វ័យក្មេង​។

​ថ្មីៗ​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​តែងតាំង​ក្បាលម៉ាស៊ីន ថ្មី​ក្រោយ​ជម្រុះ​ថ្នាក់ដឹកនាំ​ចាស់​អស់​បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ចំណែក​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្លិប​មាន​ដូច​ជា លោក លី ហៀ​ង ជា​អ្នកចាត់ការ​ទូទៅ​ក្លិប ចំណែក លោក Leonardo Vitorino ជា​គ្រូ​បង្គោល​ថ្មី ស្រប​ពេល​ប្អូនប្រុស​របស់​ខ្លួន Luis Fernando Vitorino កាន់​តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​ឈុត​ធំ​។ អតីត​គ្រូ​វេ​ស្ទើ​ន លោក ស៊ុំ វណ្ណា បាន​ទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ ខណៈ​ដែល​អតីត​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​។

សូម​បញ្ជាក់​ថា នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ​៥​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោល​គឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន ទាត់​បញ្ចូល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៤ទល់៣ ​ក្រោយ​ប្រកួត​ស្មើគ្នា​ទាំង២​ជើង​៤ទល់៤​៕