ពានរង្វាន់បាល់ទាត់មហាជនធំជាងគេប្រចាំខេត្តស្វាយរៀង ឈ្មោះថា«ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៤ ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង នឹងធ្វើដំណើរដល់វគ្គប្រកួត១៦ក្រុមចុងក្រោយ នៅចុងសប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់វគ្គប្រកួតក្នុងវគ្គ៣២ក្រុមចុងក្រោយក៏ដូចជាវគ្គចែកពូលកាលពីពេលថ្មីៗ។
ពានរង្វាន់ Svay Rieng Cup ឆ្នាំមានក្រុមចូលរួមចំនួន៥២ក្រុមចែកជា១៣ពូលផ្សេងគ្នានៅកីឡដ្ឋានខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម មួយនេះ។ ក្រោយមកគណៈកម្មការបានស្វែងរកឃើញក្រុមខ្លាំងជាងគេចំនួន១៦ឡើងទៅវគ្គបន្ត។ ការប្រកួតវគ្គនេះបែងចែកជា២លើកផ្សេងគ្នាដោយនៅថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨ ក្រុមក្លិបកីឡាពូប្រុសជីភូ ប៉ះក្រុមស.ស.យ.ក ស្រុកស្វាយជ្រុំ នៅម៉ោង៨ព្រឹក ខណៈនៅម៉ោង២រសៀលក្រុម Blue Dragon ជួបក្រុមរាជសីហ៍ផ្សាថូម៉ាក់ ហើយក្រុមធារីបាវិត ប៉ះក្រុមសៀងហៃរីហ្សតអេហ្វស៊ី នៅម៉ោង៤ល្ងាចនិងក្រុមអធិការនគរបាលក្រុងបាវិត ជួបក្រុម Chong Prek FT នៅម៉ោង៦ល្ងាច។
ចំណែកគូផ្សេងទៀតបន្តប្រកួតនៅថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១៨ ក្រុមស.ស.យ.កស្រុករមាសហែក ប៉ះក្រុមរដ្ឋករទឹកខេត្តស្វាយរៀង ហើយក្រុមលីងគួយអែហ្វស៊ី ប៉ះក្រុមស.ស.យ.កក្រុងបាវិត នៅម៉ោង២រសៀល ខណៈនៅម៉ោង៤ល្ងាចក្រុមអគ្គីសនីស្វាយរៀង ជួបក្រុមសុភក្តិមូទ័រ FC ជីភូ និងចុងក្រោយក្រុម Panda FC ជួបក្រុមស.ស.យ.កក្រុងបាវិត។
ការប្រកួតធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡដ្ឋានខេត្តស្វាយរៀងជាប់ៗគ្នា ខណៈនេះជាលើកទី៤បន្ទាប់ពីបង្កើតចាប់តាំងពីឆ្នាំ២០១៥ដោយត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធាន ស្របពេល២លើមុនដំបូង ក្រុមបាល់ទាត់ ស.ស.យ.ក ក្រុងបាវិត ជាម្ចាស់ជើងឯកទាំង២ឆ្នាំជាប់ៗគ្នានិងចុងក្រោយក្រុមធារីលិញគួយជាម្ចាស់ជើងឯកម្តង៕